រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បង្កហានិភ័យដល់ប្រទេសជាតិ

កម្ពុជា
កម្ពុជា-នយោបាយ
03/01/2025 – 11:28
ដោយ៖ ជួប នរក្សា
RFI

នៅថ្ងៃព្រហស្បតិ៍ ទី០២ មករា ក្រុមអ្នកតស៊ូមតិកម្ពុជាបានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេត និងវាយតម្លៃពីសកម្មភាពរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១៦ខែ។ តាមក្រុមអ្នកតស៊ូមតិកម្ពុជា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១៦ខែកំពុងបង្កហានិភ័យដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ តែអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបដិសេធលើការអះអាងនេះដោយបញ្ជាក់ថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កំពុងមានភាពរីកចម្រើនដល់កម្ពុជា។

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បង្កហានិភ័យដល់ប្រទេសជាតិ


នៅក្នុងរបាយការណ៍ចំនួន ៩ទំព័រ ក្រុមអ្នកតស៊ូមតិកម្ពុជាបានរំលេចដល់ទៅ ៩ចំណុចដែលថា ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងបង្កហានិភ័យទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។ អ្វីដែលក្រុមអ្នកតស៊ូមតិកម្ពុជាបានលើកឡើងត្រង់ចំណុចនេះ គឺការតែងតាំងមន្ត្រីនយោបាយរាប់ពាន់នាក់នៅតាមក្រសួងស្ថាប័នដែលជាការខ្ជះខ្ជាយថវិកាជាតិ។ ចំណែកលំហប្រជាធិបតេយ្យត្រូវបានក្រុមអ្នកតស៊ូមតិកម្ពុជាមើលឃើញថា គឺកាន់តែរួមតូច ហើយលោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភានៅតែបន្តគំរាមកំហែងដល់សកម្មជននយោបាយប្រឆាំង ពិសេសការចាប់ខ្លួនមនុស្សជាង ១០០នាក់ក្នុងសំណុំរឿងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV

លើសពីនេះ និងបើតាមក្រុមអ្នកតស៊ូមតិកម្ពុជាដដែល ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេល ១៦ខែកន្លងទៅនេះមិនបានកម្ចាត់អំពើពុករលួយ និងការដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋសោះឡើយ។ ផ្ទុយមកវិញ ជីវភាពប្រជាពលរដ្ឋកាន់តែយ៉ាប់យ៉ឺន ដោយផុងខ្លួនធ្លាក់ក្នុងស្ថានភាពបំណុលស្ទើរតែវ័ណ្ឌក។

តែការលើកឡើងរបស់ក្រុមអ្នកតស៊ូមតិកម្ពុជានេះត្រូវបានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាច្រានចោល និងចាត់ទុកការអះអាងរបៀបនេះថាគ្មានតម្លៃអ្វីដែលត្រូវយកមកពិចារណាឡើយ។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា របាយការណ៍របស់ក្រុមអ្នកតស៊ូមតិកម្ពុជាជារបាយការណ៍នយោបាយជ្រុលនិយម និងលើកឡើងតែករណីដែលក្រុមបក្ខពួកគេប្រពឹត្តខុសច្បាប់ និងត្រូវចាប់ខ្លួនប៉ុណ្ណោះ។

រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែតបង្កហានិភ័យដល់ប្រទេសជាតិ
រដ្ឋាភិបាលបដិសេធលើការលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បង្កហានិភ័យដល់ប្រទេសជាតិ © SPM Page

តាមលោក ប៉ែន បូណា ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈពេល១៦ខែទទួលបានលទ្ធផលហួសពីការរំពឹងទុក ទាំងជំនឿទំនុកចិត្តពីប្រជាពលរដ្ឋ និងសមិទ្ធិផលដែលរដ្ឋាភិបាលសម្រេចបាន។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែលបានបន្ថែមថា គឺការរក្សាបាននូវសន្តិភាពនេះហើយដែលធ្វើឲ្យកេរ្តិ៍ឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ទូទាំងប្រទេស៕

What Next?

Recent Articles