កម្ពុជា
04/01/2025 – 10:45
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
សមត្ថកិច្ចអះអាងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង រយៈពេល៤ថ្ងៃ កងទ័ពជើងគោកនៃកងយោពលខេមរភូមិន្ទបានប្រទះឃើញឈើខុសច្បាប់ជ្រៀករួច រាប់រយសន្លឹក និងសម្ភារៈអារកាប់ឈើមួយចំនួននៅក្នុងព្រៃ។ ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
កងទ័ពជើងគោកបង្ក្រាបបទល្មើសឈើខុសច្បាប់រាប់រយសន្លឹកក្នុងខេត្តស្ទឹងត្រែង
យោងតាមបណ្ដាញសង្គមរបស់កងទ័ពជើងគោកនៃកងយោពលខេមរភូមិន្ទ ប្រតិបត្តិការបង្ក្រាបព្រៃឈើខុសច្បាប់ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កងកម្លាំងពាក់ព័ន្ធបានចុះប្រតិបត្តិការរយៈពេល៤ថ្ងៃ និងបានប្រទះឃើញឈើប្រភេទឈើដួងចែមចំនួន៣៥គល់ ត្រូវបានកាត់ផ្ដួលរំលំ ហើយប្រទះឃើញឈើអារជ្រៀករួច សម្រាប់ធ្វើជាក្ដារចំនួន២៨៥សន្លឹក ដែលស្មើនឹង៩ម៉ែត្រគូប។ កងទ័ពជើងគោកមិនភ្លេចបញ្ជាក់ថា ក្រៅពីឈើខុសច្បាប់ទាំងនេះ នៅមានវត្ថុតាងមួយចំនួនទៀតដែរ ត្រូវបានដកហូតយកមកទុក ក្នុងនោះមានគោយន្តកន្ត្រៃសណ្តោងរឺម៉ក ៣គ្រឿង និងរណាយន្ត ១គ្រឿង។
បើតាមសមត្ថកិច្ចដដែល វត្ថុតាងទាំងនោះ ត្រូវបានយកទៅរក្សាទុកក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង ហើយបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជាបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៤ ធ្នូនេះថា ការប្រទះឃើញបទល្មើសព្រៃឈើក្នុងតំបន់ ដែលមានទំហំដ៏ច្រើនបែបនេះ ជាការបង្ហាញពីនិន្នាការបន្ដកើតមានការកាប់បំផ្លាញព្រៃឈើ និងជាភាពធ្វេសប្រហែសក្នុងកិច្ចការអភិរក្សព្រៃឈើក្នុងប្រទេសកម្ពុជា។

ប្រធានសមាគមបណ្តាញយុវជន អំពាវនាវឱ្យភាគីពាក់ព័ន្ធពិសេសអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ រួមទាំងក្រសួងបរិស្ថាន ត្រូវបង្កើនយុទ្ធនាការរបស់ខ្លួន ដើម្បីទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិគ្រប់ទម្រង់ ពិសេសលើដីតំបន់ការពារធម្មជាតិ។ ទន្ទឹមគ្នា លោក ហេង គឹមហុង បន្ថែមថា រដ្ឋក៏ត្រូវបង្កើនការវិនិយោគដល់សហគមន៍ផងដែរ ព្រោះមានតែការបង្កើនលទ្ធភាពវិនិយោគដល់សហគមន៍មូលដ្ឋានប៉ុណ្ណោះ ទើបអាចរក្សា ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរ។ ចំណែកអ្នកកាប់បំផ្លាញព្រៃឈើ និងអ្នកនៅពីក្រោយ លោក ហេង គឹមហុងថា រដ្ឋត្រូវតែស្វែងរកមុខអ្នកប្រព្រឹត្តឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ឱ្យខាងតែបាន៕