កម្ពុជា
04/01/2025 – 10:41
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់នីតិរដ្ឋ ចំពោះមុខសហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើន។ ការប្ដេជ្ញាចិត្តរបស់កម្ពុជា ធ្វើឡើងអំឡុងពេលដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
កម្ពុជាប្ដេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់នីតិរដ្ឋចំពោះមុខសហភាពអឺរ៉ុប
ខ្លឹមសារនៃការជួបពិភាក្សាគ្នារវាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងរដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានប្ដេជ្ញាចិត្តក្នុងលើកកម្ពស់នីតិរដ្ឋ និងពង្រឹងលទ្ធិប្រជាធិបតេយ្យកម្ពុជាចំពោះសហភាពអឺរ៉ុប ដែលជាអ្នកមានចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការវិនិយោគ និងពាណិជ្ជកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលចុះថ្ងៃទី៣មករា។ ក្រសួង អះអាងថា ការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ដើម្បីលើកកម្ពស់លំហរប្រជាធិបតេយ្យសម្រាប់ជាប្រយោជន៍ដល់ប្រជាជន។
ក្រៅពីការប្ដេជ្ញាចិត្ត កម្ពុជាក៏បានកោតសរសើរ និងអរគុណដល់សហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស នាពេលកន្លងមក។ យោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល ភាគីកម្ពុជាថា សហភាពអឺរ៉ុប ដែលមានលោក Igor Driesmans ជាឯកអគ្គរដ្ឋទូត បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហភាពអឺរ៉ុប។ ក្រសួងការបរទេសបន្ដថា លោកឯកអគ្គរដ្ឋទូត បានបន្ស៊ីយុទ្ធសាស្ដ្រសហភាពអឺរ៉ុបឱ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់រដ្ឋាភិបាលកម្ពុជា ដែលនេះ ជាការជំរុញឱ្យកម្ពុជាឈានសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប លោកIgor Driesmans បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្ដគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាបន្ថែមទៀត ហើយការបន្ដគាំទ្រនោះនឹងធ្វើឡើងតាមតាមរយៈការផ្ដល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពលើបញ្ហាប្រឈមចម្បងៗរបស់កម្ពុជា ដែលមានដូចជា ការកាត់បន្ថយភាពក្រីក្រ ការថែទាំងសុខភាព ការអប់រំ ការប្រែប្រួលអាកាសធាតុ និងការលើកម្ពស់សង្គមមួយប្រកបដោយបរិយាបន្ន និងវិបុលភាព។
ទោះបីសហភាពអឺរ៉ុបបន្ដគាំទ្រចំពោះកម្ពុជាដូច្នេះក្ដី តែកម្ពុជា និងសហភាពអឺរ៉ុបមិនទាន់ចុះសម្រុងគ្នាឡើយលើបញ្ហាលំហប្រជាធិបតេយ្យ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សហភាពអឺរ៉ុបបានជំរុញឱ្យរដ្ឋជាសមាជិកពិនិត្យសើរើឡើងវិញ ពីការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធEBA ដែលនៅសេសសល់៨០ភាគរយជាមួយកម្ពុជា។ នេះមកពីសហភាពអឺរ៉ុបពិនិត្យឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានអើពើដោះស្រាយ និងបង្ការអំពើរំលោភសិទ្ធិមនុស្សក្នុងប្រទេស ពិសេសការគាំពារសេរីភាពសង្គមស៊ីវិល ដែលជាលក្ខខណ្ឌចាំបាច់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

តែភាគីកម្ពុជាដែលមានលោក កែវ រ៉េមីជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានឆ្លើយតបថា នេះជាការចោទប្រកាន់របស់សហភាពអឺរ៉ុបដែលមិនបានឆ្លុះបញ្ជាំងពី ទិដ្ឋភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា និងថា រដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការច្រើនណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិ និងសេរីភាពពលរដ្ឋ។
ពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងលំហប្រជាធិបតេយ្យ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃសៅរ៍ ទី៤ មករានេះថាជារឿងល្អមួយដែលកម្ពុជាប្ដេជ្ញាបែបនេះ និងថាសហភាពអឺរ៉ុបនឹងរងចាំមើលការប្ដេជ្ញាចិត្តរបស់កម្ពុជា ថាមានការវិវត្តយ៉ាងណា។
ទន្ទឹមគ្នានេះ នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូរូបនេះ ថារដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការកែលម្អលើចំណុចខ្វះខាតទាក់ទងនឹងនីតិរដ្ឋ និងលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនេះឱ្យមានការវិវត្តគួរឱ្យកត់សម្គាល់ ដើម្បីបាននឹងផលចំណេញយ៉ាងច្រើនពីសហភាពអឺរ៉ុប មិនថាសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម៕