០៩ មករា ២០២៥
លាស់ លីបលីប
វីអូអេខ្មែរ

ភ្នំពេញ — សមត្ថកិច្ចកម្ពុជាអះអាងថានឹងបញ្ជូនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅឱ្យប្រទេសថៃ ប៉ុន្តែមិនទាន់បញ្ចេញព័ត៌មានពីជនសង្ស័យជនជាតិខ្មែរ ដែលត្រូវបាន សារព័ត៌មានថៃ ចុះផ្សាយថាជាប់ពាក់ព័ន្ធនឹងឃាតកម្ម។
លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅទីក្រុងបាងកកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ខ្មាន់កាំភ្លើងដែលជាជនជាតិថៃត្រូវចាប់ខ្លួនបាននៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់ពីឆ្លងដែនចូលកម្ពុជា។
បើតាមសារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយថា មានជនជាតិខ្មែរម្នាក់ដែលត្រូវបានប៉ូលិសថៃសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅព្រហស្បតិ៍ថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើង នឹងត្រូវបញ្ជូនទៅប្រទេសថៃវិញ នៅពេលកម្ពុជាទទួលបានសំណើរបស់នគរបាលថៃ។
លោកបញ្ជាក់ថា៖ «ការបញ្ជូនខ្មាន់កាំភ្លើងទៅកាន់ប្រទេសថៃវិញ គឺខ្ញុំមិនអាចកំណត់ ឬឆ្លើយបានទេ វាអាស្រ័យលើការបញ្ចប់នីតិវិធីរបស់នគរបាលជំនាញកម្ពុជាយើង។ ហើយអាស្រ័យទៅលើការស្នើសុំរបស់ភាគីថៃ ដើម្បីធ្វើបត្យាប័នបញ្ជូនខ្មាន់កាំភ្លើងត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ»។
លោក ទូច សុខៈ បន្ថែមថា ជនសង្ស័យដែលជាខ្មាន់កាំភ្លើងរត់ចូលកម្ពុជាដោយខុសច្បាប់ តាមព្រៃភ្នំ ជ្រលងដងអូរ ដើម្បីគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចថៃ។
លោកបញ្ជាក់ថា៖ «ចំពោះជនសង្ស័យ ឬខ្មាន់កាំភ្លើង ត្រូវបានចាប់ខ្លួនលើទឹកដីកម្ពុជានេះ វាមិនមានអីចម្លែកទេ។ ទីមួយ គឺជានីតិវិធីជំនាញរបស់នគរបាលថៃ ដែលគេតាមប្រមាញ់ តាមចាប់ខ្លួន បណ្តេញជាបន្តបន្ទាប់»។
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធដោយបញ្ជាក់ថា៖ «ក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនប្រទេសកម្ពុជា។ ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ [គឺ]សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង»។
លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា សមត្ថកិច្ចមិនបានសួរនាំខ្មាន់កាំភ្លើងពីមូលហេតុនៃការបាញ់សម្លាប់លោក លិម គិមយ៉ា នោះទេ ដោយសារពេលវេលាខ្លី។
លោកបន្ថែមថា៖ «យើងគ្រាន់តែសួរឈ្មោះហ្នឹង ហើយបានបញ្ជាក់ថាគាត់បានធ្វើសកម្មភាពពិតហ្នឹងឯង។ ការងារផ្សេងៗយើងអត់បានសួរទេ ដោយសារពេលវេលាខ្លី»។
បើតាមស្នងការខេត្តបាត់ដំបង ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនពីស្នងការខេត្តបាត់ដំបង មកកាន់រាជធានីភ្នំពេញភ្លាមៗ បន្ទាប់ពីចាប់ខ្លួនដើម្បីបន្តនីតិវិធី។
ក្រៅពីខ្មាន់កាំភ្លើងជាជនជាតិថៃដែលត្រូវបានចាប់ខ្លួន អាជ្ញាធរថៃបានប្រកាសថាមានជនជាតិខ្មែរម្នាក់ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងឃាតកម្មនេះ។ ជនសង្ស័យជាជនជាតិខ្មែរនោះមានឈ្មោះ ពេជ្រ គឹមស្រ៊ិន (PICH KIMSRIN) អាយុ២៤ឆ្នាំ បានធ្វើដំណើរតាមរថយន្តក្រុងជាមួយលោក លិម គិមយ៉ា ចេញពីខេត្តសៀមរាប ដល់ទីក្រុងបាងកក ប៉ុន្តែបុរសនោះបានជិះយន្តហោះក្រុមហ៊ុន Angkor Air ត្រឡប់មកកម្ពុជាវិញ ត្រឹមតែប៉ុន្មានម៉ោងក្រោយលោក លិម គិមយ៉ា ត្រូវបានបាញ់សម្លាប់។ សមត្ថកិច្ចថៃសន្និដ្ឋានដោយយោងតាមការស៊ើបអង្កេត ដែលមានទាំងកាមេរ៉ាសុវត្ថិភាព CCTV តាមដងផ្លូវ និងលិខិតឆ្លងដែននៃការចេញចូលប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Thai PBS World និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត។
គណបក្សប្រឆាំងក្នុងប្រទេសថៃបានអំពាវឱ្យអាជ្ញាធរថៃស៊ើបអង្កេត និងស្វែងរកមូលហេតុឱ្យបានច្បាស់ ដោយសារការបាញ់សម្លាប់នេះអាចប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃលើឆាកអន្តរជាតិ។ នេះបើតាមកាសែត The Nation របស់ថៃ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យជាខ្មាន់កាំភ្លើងនោះ និងកំពុងស៊ើបអង្កេតជនសង្ស័យទីពីរដែលថៃថាមានការពាក់ព័ន្ធ។
លោកថ្លែងថា៖ «ការបញ្ជូនជនសង្ស័យទៅពេលណាមិនទាន់ជម្រាបបានទេ អាហ្នឹងស៊ីសងនីតិវិធីទេ។ នីតិវិធីលឿន ថៃស្នើសុំផ្លូវការ អាហ្នឹងយើងនឹងរៀបចំជូន។ ឥឡូវនេះយើងកំពុងតេសាកសួរ យើងមិនដឹងថាមូលហេតុអ្វីបានជាគាត់បាញ់ទេ។ ហើយដោយឡែកពាក់ព័ន្ធជនសង្ស័យទីពីរនេះ យើងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូជំរុញឱ្យអាជ្ញាធរកម្ពុជា និងថៃ ស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាពក្នុងការចាប់អ្នកពាក់ព័ន្ធមកផ្តន្ទាទោស ដើម្បីឈានទៅបំបាត់ការរិះគន់នានា និងផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ។
លោកប្រាប់វីអូអេថា៖ «រាជរដ្ឋាភិបាលកម្ពុជាត្រូវតែយកចិត្តទុកដាក់លើបញ្ហាទាំងអស់នេះ ហើយផ្តល់កិច្ចសហការឱ្យបានពេញលេញផងដែរក្នុងការស៊ើបអង្កេត និងការស្រាវជ្រាវលើករណីឃាតកម្មនេះ ដើម្បីធ្វើយ៉ាងម៉េចឱ្យករណីនេះទទួលបានយុត្តិធម៌ពេញលេញ ហើយអ្នកដែលពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ ត្រូវតែធានាថា អាជ្ញាធរថៃអនុវត្តទៅតាមផ្លូវច្បាប់ និងបើកកិច្ចសហការជាមួយកម្ពុជា បើសិនជាពាក់ព័ន្ធជនណាមួយដែលរត់គេចខ្លួនមកកម្ពុជា»។
អតីតសហការីកិច្ចការនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា យល់ថា ករណីឃាតកម្មនេះ គឺមានការរៀបចំតាមផែនការច្បាស់លាស់។ លោកថា អាជ្ញាធរថៃ និងបារាំង នឹងស៊ើបអង្កេតស្វែងរកការពិត និងផ្តល់យុត្តិធម៌សម្រាប់លោក លិម គិមយ៉ា។
លោកប្រាប់វីអូអេថា៖ «អ៊ីចឹងខ្ញុំមើលឃើញ ហេតុផលជាបុគ្គលខ្ញុំ គឺការរៀបចំទុក ទៅតាមបណ្តាញនៃក្រុមបក្សពួកនៅពីក្រោយនៃការជួលឱ្យអតីតជនជាតិថៃ ដែលជាអតីតទាហានជើងទឹករបស់ប្រទេសថៃ មកបាញ់លោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាំងកក កាលពីល្ងាចថ្ងៃទី៧ ខែមករានោះ គឺថាមិនមែនជារឿងអចេតនា គឺរឿងណាមួយចៃដន្យទេ។ គឺជាការប្រុងប្រៀបរៀបចំទុកជាស្រេច យើងមើលថាតើជាគំនុំបុគ្គលកើតទេ? ជនជាតិថៃដែលបាញ់ហ្នឹង ហើយលោក លិម គិមយ៉ា ជាជនជាតិខ្មែរ ជាអតីតតំណាងរាស្ត្រ ហើយជាសញ្ជាតិបារាំងទៅទៀត»។
ក្រោយលោក លិម គិមយ៉ា ត្រូវបានបាញ់សម្លាប់ គេឃើញអ្នកនយោបាយមកពីគណបក្សប្រឆាំង និងអង្គការអន្តរជាតិមួយចំនួនដាក់ការសង្ស័យថា រដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយការបាញ់សម្លាប់នោះ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបដិសេធថាករណីបាញ់សម្លាប់នោះមិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ និងថាការចោទប្រកាន់នោះ គឺជាវប្បធម៌លាបពណ៌ និងជាការដាក់បន្ទុកដោយគ្មានភស្តុតាង៕