ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

កម្ពុជា
កម្ពុជា-សង្គម
10/01/2025 – 11:57
ដោយ៖ សឹម ចាន់សំណាង
RFI

នៅខេត្តព្រះសីហនុ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងបានឲ្យដឹងនៅថ្ងៃទី៩ មករា ឆ្នាំ២០២៥ ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ត្រូវបានតុលាការខេត្តព្រះសីហនុកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត និងពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង ២ម៉ឺន៥ពាន់ដុល្លារក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ១៤តោន។

ខេត្តព្រះសីហនុ៖តុលាការកាត់ទោសជនជាតិចិនតៃវ៉ាន់ ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន


តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុចុះថ្ងៃទី៩ មករា តុលាការបានសម្រេចផ្តនា្ទទោសជនជាតិចិនតៃវ៉ាន់ចំនួន ១០នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងផលិតសារធាតុញៀនដោយខុសច្បាប់ ផលិត រក្សាទុក ជួញដូរសារធាតុគីមីផ្សំទម្ងន់១៤តោន និងសម្អាតប្រាក់ក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ជនជាតិចិនតៃវ៉ាន់ទាំង ១០នាក់ក៏ត្រូវពិន័យជាប្រាក់ ១០០លានរៀល ឬស្មើនឹង២ម៉ឺន៥ពាន់ដុល្លារក្នុងម្នាក់ៗដែរ។ ទន្ទឹមគ្នានេះ និងបើតាមសាលាដំបូងខេត្តព្រះសីហនុ គ្រឿងញៀន និងសារធាតុគីមីផ្សំទាំងអស់ត្រូវបានសមត្ថកិច្ចរឹបអូស និងបំផ្លាញចោលអស់ហើយ។

គួររម្លឹកថា សំណុំរឿងមួយនេះបានកើតឡើងតាំងពីថ្ងៃទី២៩ មិថុនា ឆ្នាំ ២០២២ មកម្ល៉េះ។ កាលណោះ សមត្ថកិច្ចកម្ពុជាបានចេញធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយកន្លែងនៅខេត្តព្រះសីហនុដោយចាប់បានជនល្មើសជាជនជាតិចិនតៃវ៉ាន់ច្រើននាក់។ ក្នុងថ្ងៃប្រតិបត្តិការបង្រ្កាបពេលនោះ សមត្ថកិច្ចរឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង ១៤តោន និងគ្រឿងញៀនចំនួន ១៦០គីឡូក្រាម ។ ក្រៅពីសារធាតុគីមីផ្សំ និងគ្រឿងញៀន សមត្ថកិច្ចក៏រឹបអូសបាននូវវត្ថុតាងមួយចំនួនទៀតដែលប្រើប្រាស់សម្រាប់កែច្នៃគ្រឿងញៀន រួមមាន ឆ្នាំងប្រតិកម្ម ៥០គ្រឿង កែវប្រតិកម្ម ៧គ្រឿង ម៉ាស៊ីនភ្លើង ៣គ្រឿង ជើងទម្រធុងប្រតិកម្ម ៥៩គ្រឿង ម៉ាស៊ីនប្រតិកម្ម ៥គ្រឿង ជីឡៅ១០ ម៉ូទ័រក្រឡុក ១គ្រឿង និងសំបកធុង ២៩៨សំបក។

សមត្ថកិច្ចបង្រ្កាបជនជាតិចិនតៃវ៉ាន់ពាក់ព័ន្ធគ្រឿងញៀនក្នុងខេត្តព្រះសីហនុ
សមត្ថកិច្ចបង្រ្កាបជនជាតិចិនតៃវ៉ាន់ពាក់ព័ន្ធគ្រឿងញៀនក្នុងខេត្តព្រះសីហនុ © អគ្គស្នងការដ្ឋាននគរបាលជាតិ

ដោយឡែក និងបើរបាយការណ៍បឋមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងមួយឆ្នាំ២០២៤ កម្ពុជារឹបអូសបានគ្រឿងញៀនខុសច្បាប់ចំនួន ១៤,៧តោន និងបានឃាត់មនុស្សជាង ២ម៉ឺន៦ពាន់នាក់។ ចំនួននេះបានកើនឡើង ៣០,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣៕

What Next?

Recent Articles