កម្ពុជា
កម្ពុជា-ថៃ-ឃាតកម្ម
10/01/2025 – 09:55
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃព្រហស្បតិ៍ ទី០៩ មករា បារាំងតាមរយៈក្រសួងការបរទេសបានចេញមុខថ្កោលទោសចំពោះការបាញ់សម្លាប់តំណាងរាស្ត្រអតីតបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ពលរដ្ឋខ្មែរសញ្ជាតិបារាំងក្នុងក្រុងបាងកក ប្រទេសថៃកាលពីល្ងាចថ្ងៃទី៧ មករា។ ទន្ទឹមនឹងថ្កោលទោស បារាំងបានអះអាងពីការតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតចំពោះការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ។
បារាំងចេញមុខថ្កោលទោសការបាញ់សម្លាប់លោក លិម គិមយ៉ា តំណាងរាស្ត្រអតីតបក្សសង្រ្គោះជាតិ
ក្រៅពីការថ្កោលទោស និងតាមដានចំពោះការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ បារាំងតាមរយៈក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបានសម្តែងមរណទុក្ខចំពោះគ្រួសារលោក លិម គិមយ៉ាដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់កណ្តាលទីក្រុងបាងកក ប្រទេសថៃនាល្ងាចថ្ងៃអង្គារ ទី០៧ មករា។ ទន្ទឹមគ្នានេះ បារាំងបានបញ្ជាក់ពីទំនាក់ទំនងរវាងបារាំង និងក្រុមគ្រួសារលោក លិម គិមយ៉ា ក្នុងក្របខ័ណ្ឌនៃការផ្តល់ការគាំពារផ្នែកកុងស៊ុល ដ្បិតលោក លិម គិមយ៉ា ជាពលរដ្ឋខ្មែរសញ្ជាតិបារាំង និងមានភរិយាជាជនជាតិបារាំង។
ការចេញមុខថ្កោលទោសរបស់បារាំងពេលនេះធ្វើឡើង ខណៈដែលឃាតកម្មលោក លិម គិមយ៉ាកំពុងបន្តអង្រួនប្រតិកម្មពីសំណាក់សារព័ត៌មានអន្តរជាតិ អ្នកនយោបាយប្រឆាំងទាំងក្នុងស្រុកថៃ និងស្រុកខ្មែរ។ គួររម្លឹកថា លោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងឈ្មោះ អេកាឡាក់ ភាណយ បាញ់ចំនួន ៣គ្រាប់ដួលដេកស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីមានការឃាត់ខ្លួនខ្មាន់កាំភ្លើង អេកាឡាក់ ភាណយ នៅខេត្តបាត់ដំបងក្នុងទឹកដីកម្ពុជានារសៀលថ្ងៃពុធ ទី០៨ មករាមក សមត្ថកិច្ចថៃបានចង្អុលមុខជនសង្ស័យទី២ ឈ្មោះ ពេជ្រ ជាជនជាតិខ្មែរដែលជាអ្នកផ្តល់ព័ត៌មានឱ្យឃាតករបាញ់សម្លាប់លោក លិម គិមយ៉ា។
មកដល់ពេលនេះ តុលាការថៃក៏បានចេញដីកាចាប់ខ្លួនបុគ្គលឈ្មោះ ពេជ្រ ជាផ្លូវការ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចថៃប្រាប់សារព័ត៌មាន The Nation។ តាមក្រុមអ្នកស៊ើបអង្កេតថៃ បុគ្គលឈ្មោះ ពេជ្រ គិមស្រ៊ិន ជាអ្នកសមគំនិតបោះសញ្ញាឲ្យឃាតករបាញ់ប្រហារលោក លិម គិមយ៉ា។ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃសុក្រ ទី១០ មករាថា រឿងនេះទាក់ទងនឹងអធិបតេយ្យភាពនៃប្រទេសទាំងពីរដោយកម្ពុជាមិនអាចបញ្ជូនជនជាតិខ្លួនទៅតាមដីការបស់ប្រទេសណាមួយដោយមិនទាន់បានស៊ើបអង្កេតច្បាស់លាស់ជាមុននោះទេ។
តាមលោក ឆាយ គឹមឃឿន វាជាការសម្រេចរបស់ក្រសួងយុត្តិធម៌ចំពោះការបញ្ជូនជនជាតិខ្មែរឈ្មោះ ពេជ្រ ទៅឲ្យភាគីថៃ ឬអត់ តែពេលនេះ សមត្ថកិច្ចកំពុងបន្តនិតិវិធីសួរនាំខ្មាន់កាំភ្លើងអេកាឡាក់ ភាណយ។ មកដល់ពេលនេះ អេកាឡាក់ ភាណយ ជាខ្មាន់កាំភ្លើងកំពុងស្ថិតក្នុងដៃសមត្ថកិច្ចកម្ពុជាដែលអាចត្រូវចោទពីបទឆ្លងដែនចូលកម្ពុជាខុសច្បាប់។ តាមសារព័ត៌មានថៃ គេត្រូវប្រើពេលយ៉ាងហោចណាស់ពី ២សប្តាហ៍ទៅ១ខែ ដើម្បីអាចឲ្យអាជ្ញាធរខ្មែរបញ្ជូន អេកាឡាក់ ភាណយ ទៅឲ្យសមត្ថកិច្ចថៃ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា សមត្ថកិច្ចកំពុងធ្វើការលើករណីនេះដោយសារតែខ្មាន់កាំភ្លើងត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនក្នុងទឹកដីកម្ពុជា។ តាមលោក ប៉ែន បូណា ករណីបែបនេះមានតែអាជ្ញាធរមានសមត្ថកិច្ច និងតុលាការដែលអាចស៊ើបអង្កេតស្វែងរកការពិតជូនជនរងគ្រោះ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះដដែល ក្រុមអ្នកនយោបាយ និងអង្គការសង្គមស៊ីវិលដែលសន្និដ្ឋានខុសរឿងនឹងអាចក្លាយជាបទបរិហាកេរ្តិ៍ជាសាធារណៈ៕