ដោយ សេក បណ្ឌិត
2025.01.11
RFA

(រូបពាក់អាវសកណ្ដាល) បុរសជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ជាជនសង្ស័យ ដែលអាជ្ញាធរចោទថា ជាអ្នកបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ប៉ូលិសកំពុងនាំជនសង្ស័យរូបនេះទៅដំណើរការក្ដី នៅទីក្រុងបាងកក បន្ទាប់អាជ្ញាធរកម្ពុជាប្រគល់ឱ្យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ រូប៖ Panumas SANGUANWONG/THAI NEWS PIX/AFP 2025-01-11
អគ្គស្នងការនគរបាលជាតិ បានឱ្យបញ្ជូនខ្លួនខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ឱ្យទៅអាជ្ញាធរថៃ នៅមុនការកំណត់ បន្ទាប់ពីមានសំណើពីរដ្ឋាភិបាលថៃ។ ចំណែកជនសង្ស័យទី២ ជាជនជាតិខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលតុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួននោះ អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួន។
សមត្ថកិច្ចកម្ពុជា បានប្រគល់ខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekalak Paenoi) ដែលធ្វើឃាតលោក លិម គិមយ៉ា នៅទីក្រុងបាងកក ឱ្យសមត្ថកិច្ចថៃ នៅថ្ងៃទី១១ ខែមករា នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ក្រោយការចាប់ខ្លួន នៅឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី៨ ខែមករា បន្ទាប់ពីខ្មាន់កាំភ្លើងរូបនេះ បានគេចខ្លួនចេញពីប្រទេសថៃចូលមកកម្ពុជា។
នៅតាមផ្លូវធ្វើដំណើរឆ្លងដែនចូលមកទឹកដីថៃ ក្រុមអ្នកសារព័ត៌មានបានទៅធ្វើសម្ភាសន៍ ដោយសួរទៅកាន់ខ្មាន់កាំភ្លើងពីអត្តសញ្ញាណអ្នករួមគំនិត និងអ្នកពាក់ព័ន្ធ ខ្មាន់កាំភ្លើងបានឆ្លើយថា «រូបគេទទួលស្គាល់កំហុសត្រឹមតែជាអ្នកស៊ីឈ្នួលសម្លាប់ប៉ុណ្ណោះ»។
ភ្លាមៗពេលជនជាប់ចោទឈានជើងចូលដីថៃ នគរបាលថៃ បានអានសេចក្ដីចោទប្រកាន់ និងដីកាចាប់ខ្លួន ឱ្យខ្មាន់កាំភ្លើងស្ដាប់ ក្នុងបទចោទ «សម្លាប់មនុស្សដោយចេតនា និងគិតទុកជាមុន យកអាវុធទៅទីសាធារណៈដោយគ្មានហេតុផល និងបាញ់កាំភ្លើងដែលប្រើរំសេវផ្ទុះបង្កហេតុនៅទីសាធារណៈ»។ ភ្ជាប់ជាមួយការចោទប្រកាន់នេះ ប៉ូលិសថៃ បានប្រាប់ពីសិទ្ធិដល់ខ្មាន់កាំភ្លើង ចំពោះការផ្ដល់ចម្លើយ និងផ្ដល់សេវាមេធាវីតតាំងក្ដីនៅតុលាការ។ ទោះជាយ៉ាងណាក្ដី ខ្មាន់កាំភ្លើងបានសារភាពដោយគ្មានភាពស្ទាក់ស្ទើរ ចំពោះបទចោទប្រកាន់ខាងលើគ្រប់យ៉ាង ដោយគ្មានការប្រកែកនោះឡើយ។
ក្នុងនីតិវិធីបញ្ជូនខ្លួនទៅឱ្យអាជ្ញាធរថៃនេះ ខ្មាន់កាំភ្លើងហាក់មានការបារម្ភ និងបានស្នើសុំកិច្ចការពារសុវត្ថិភាពពីអាជ្ញាធរថៃ ដោយលោកបានពាក់អាវក្រោះ និងមួកការពារគ្រាប់កាំភ្លើង ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដោយមានកងកម្លាំងតាមការពាររហូតដល់គោលដៅចុះចតនៅនាយកដ្ឋានអាកាសចរណ៍ប៉ូលិសទីក្រុងបាងកក។ អាជ្ញាធរថៃ បានបញ្ជូនខ្មាន់កាំភ្លើងយកទៅអនុវត្តនីតិវិធីស៊ើបសួរ និងឃុំខ្លួននៅស្ថានីយប៉ូលិស ឆាណាក់ ស៊ុងក្រាម (Chanasongkram Police Station) ក្នុងក្រុងបាងកក។
ជំនួយការស្នងការនគរបាលភូមិន្ទថៃ លោក ស៊ុមប្រាក់ស៊ុង យិនធួម (Somprasong Yenthuam) ផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចុះពីលើឧទ្ធម្ភាគចក្រ ថា នៅតាមផ្លូវធ្វើដំណើរលើអាកាស ខ្មាន់កាំភ្លើងមិនបាននិយាយអ្វីនោះទេ ដោយរូបគេបានបង្ហាញទឹកមុខតប់ប្រមល់ (ស្រ្តេស)។ លោក ស៊ុមប្រាក់ស៊ុង បញ្ជាក់ថា ការប្រគល់ខ្លួនខ្មាន់កាំភ្លើង ពីសំណាក់អាជ្ញាធរកម្ពុជា លឿនជាងការកំណត់បែបនេះ គឺដោយសារអគ្គស្នងការនគរបាលភូមិន្ទថៃ បានរាយការណ៍ពីករណីឃាតកម្មលើអតីតតំណាងរាស្ត្របក្សប្រឆាំងកម្ពុជានេះ ទៅកាន់នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុវត្ថិភាព និងសន្តិសុខនៅក្នុងប្រទេសថៃ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គស្នងការនគរបាលជាតិ លោក ស ថេត និងអ្នកនាំពាក្យ លោក ឆាយ គឹមខឿន ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែមករា។
លោក លិម គិមយ៉ា ត្រូវបានឃាតកបាញ់សម្លាប់នៅលើដងវិថីដ៏មមាញឹកមួយ ក្បែរវត្តបវ័ន្ដនិវេដ (Wat Bowonniwet Vihara) ស្ថិតនៅចម្ងាយជាង ១គីឡូម៉ែត្រពីព្រះបរមរាជវាំងរបស់ថៃ។ ក្រោយករណីឃាតកម្មនេះ ភ្លាមៗ ក្រុមអ្នកស៊ើបអង្កេតរបស់ថៃ បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង គឺជាអតីតទាហានជើងទឹកថៃ អេកាឡាក់ ផែណយ និងអ្នកប្រាប់គោលដៅជាជនជាតិខ្មែរ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលបានជិះយន្តហោះត្រឡប់ទៅកម្ពុជាវិញ ក្រោយពេលកើតហេតុ។ លុះក្រោយខ្មាន់កាំភ្លើងបានសារភាពថា អ្នកដែលជួលឱ្យរូបគេបាញ់សម្លាប់ លោក លិម គិមយ៉ា គឺជាជនជាតិខ្មែរម្នាក់ ដែលប្រើប្រាស់ឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ដោយឱ្យថ្លៃឈ្នួល ៦ម៉ឺនបាត ឬប្រហែល ១ពាន់ ៧រយដុល្លារ។
ទោះជាយ៉ាងណាក្ដី ប្រភពមួយចំនួន បានអះអាងថា ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ជាឈ្មោះភាសាថៃរបស់លោក លី រតនរស្មី អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលចុះចូលជាមួយគណបក្សកាន់អំណាច ហើយមានតួនាទីជាទីប្រឹក្សាលោក ហ៊ុន សែន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក លី រតនរស្មី ដើម្បីសុំការបកស្រាយជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១១ ខែមករា។
អ្នកឃ្លាំមើលលើកឡើងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ឆ្លុះបញ្ចាំងឱ្យឃើញពីការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា នៅមានកម្រិត ខណៈខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចថៃតាមចាប់ខ្លួនរហូតដល់ទឹកដីកម្ពុជា ប៉ុន្តែភាគីកម្ពុជាខ្លួនឯង បែរជាមិនអាចចាប់ខ្លួនជនសង្ស័យ ដែលកំពុងសម្ងំលាក់ខ្លួននៅលើទឹកដីខ្លួនឯងបានទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។