កម្ពុជា
កម្ពុជា-គណបក្សនយោបាយ
29/01/2025 – 12:28
ដោយ៖ សឹម ចាន់សំណាង
RFI
មន្រ្តីជាន់ខ្ពស់មួយរូបនៃគណបក្សកម្លាំងជាតិខេត្តតាកែវត្រូវបានចាប់ខ្លួនដោយគ្មានដីកា ឬមូលហេតុច្បាស់លាស់កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០២៥។ នេះបើតាមលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិនៅថ្ងៃទី២៩ មករានេះ។ គណបក្សកម្លាំងជាតិបានចាត់ទុកការចាប់សមាជិកខ្លួនពេលនេះថាជារូបភាពបំភិតបំភ័យថ្មីមួយលើថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សកម្លាំងជាតិ។
លោក រ៉ុង ឈុន ថាមានមន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិម្នាក់នៅខេត្តតាកែវត្រូវបានចាប់ខ្លួន
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុនប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ មករា ឆ្នាំ២០២៥នេះថា លោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃគណបក្សកម្លាំងជាតិក្រុងដូនកែវ ខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៨ មករា វេលាម៉ោង៤ល្ងាច ដោយមិនដឹងពីមូលហេតុ។ វិទ្យុបារាំងអន្តរជាតិ RFI បានសុំការពន្យល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ តែលោកនៅមិនទាន់បានឆ្លើយតបយ៉ាងណានៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារ ទី២៩ មករានេះ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ មករានេះ គណបក្សកម្លាំងជាតិបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក ផាន់ សារ៉ាត់ និងថា ការចាប់សមាជិកខ្លួនពេលនេះជារូបភាពបំភិតបំភ័យថ្មីមួយ ហើយការបន្តធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំ និងសមាជិករបស់បក្សកម្លាំងជាតិបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ គណបក្សកម្លាំងជាតិបានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងលោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយផ្សេងទៀតឲ្យមានសេរីភាពឡើងវិញ។

សំណើនេះត្រូវបានគណបក្សកម្លាំងជាតិលើកយកហេតុផលទៅពន្យល់ថា គឺដើម្បីធានានូវបរិយាកាសនយោបាយល្អដល់គ្រប់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពនយោបាយដោយគ្មានការព្រួយបារម្ភ និងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា។ សូមបញ្ជាក់ថា មន្រ្តីរដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា ការចាប់ខ្លួនសមាជិកគណបក្សនយោបាយបក្សក្រៅរដ្ឋាភិបាលកន្លងមកមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ ពោលគឺជាការអនុវត្តនីតិវិធីច្បាប់ចំពោះបុគ្គលដែលបានប្រព្រឹត្តិខុស៕