កម្ពុជា
កម្ពុជា-សត្វព្រៃ
05/02/2025 – 15:13
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ឬ CITES បានសម្រេចមិនទទួលយកសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីប្រទេសកម្ពុជា។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានស្នើមិនឱ្យ CITES ធ្វើសេចក្តីសម្រេចថ្មីណាមួយដែលនាំឱ្យរំខានដល់ការពង្រឹងគោលនយោបាយអន្តរជាតិរបស់អាមេរិក។
គណៈកម្មាធិការអចិន្ត្រៃយ៍ CITES ច្រានចោលសំណើផ្អាកការនាំចូលស្វាកន្ទុយវែងពីកម្ពុជា
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៨ នាថ្ងៃទី៤ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ CITES បានបោះឆ្នោតច្រានចោលអនុសាសន៍ដែលស្នើមិនឱ្យកម្ពុជាលក់សត្វស្វាកន្ទុយវែងដែលជិតផុតពូជទៅកាន់ប្រទេសជាសមាជិក CITES ទាំង ១៨៣ប្រទេស។ តែទោះបីជាអនុសាសន៍ស្តីពីការផ្អាកទទួលស្វាកន្ទុយវែងពីកម្ពុជាត្រូវបានច្រានចោលក៏ដោយក៏ CITES នៅតែលើកឡើងពីក្តីបារម្ភស្តីពីការរំលោភបំពានច្បាប់អន្តរជាតិរបស់រដ្ឋាភិបាលកម្ពុជាដដែរ។ ក្តីបារម្ភទាំងនោះមានដូចជា ការផ្តល់ព័ត៌មានស្តីពីការចិញ្ចឹម ឬការនាំចេញស្វាកន្ទុយវែងទៅទីផ្សារបរទេសដោយគ្មានតម្លាភាព និងបញ្ហានៃភាពជិតផុតពូជរបស់សត្វស្វាកន្ទុយវែងនេះជាដើម។
ក្នុងន័យនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ CITES បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន ទី១ អាជ្ញាធរកម្ពុជាត្រូវមានវិធានការជាក់លាក់ដើម្បីទប់ស្កាត់ការចាប់សត្វស្វាព្រៃនាំទៅលក់នៅបរទេស ទី២ កម្ពុជាត្រូវផ្តល់ព័ត៌មាន និងពន្យល់ឱ្យបានច្បាស់ពីកំណើនចំនួនសត្វស្វាខុសប្រក្រតីដែលផ្ទុយពីកត្តាជីវសាស្ត្រនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វស្វាចំនួន ៥កន្លែង ក្នុងចំណោមកសិដ្ឋានចិញ្ចឹមស្វាទាំង ៦កន្លែងនៅកម្ពុជា និងទី៣ រដ្ឋាភិបាលកម្ពុជាត្រូវធ្វើកំណត់ហេតុត្រឹមត្រូវពីចំនួនសត្វស្វាដែលបានកើត និងស្លាប់ ព្រមទាំងកំណត់ពន្ធុ ឬហ្សែន (genetic) របស់សត្វស្វាទាំងនោះឱ្យត្រូវនឹងមេបាជាដើម។
ក្រសួងកសិកម្មកម្ពុជា តាមរយៈអ្នកនាំពាក្យ កញ្ញា អឹម រចនា ចាត់ទុកការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ CITES ពេលនេះថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងយុត្តិធម៌បំផុតសម្រាប់កម្ពុជា។ ចំពោះក្រសួងកសិកម្មកម្ពុជា សេចក្តីសម្រេចនេះក៏ជាការបង្ហាញពីភាពស្អាតស្អំដែលមិនអាចប្រកែកបានរបស់រដ្ឋាភិបាលកម្ពុជា និយាយជារួម និងរបស់មន្ត្រីកម្ពុជា និយាយដោយឡែកដែលធ្លាប់រងការចោទប្រកាន់ពីបទជួយដូរសត្វស្វាកន្ទុយវែងខុសច្បាប់នាពេលកន្លងមក។ គួរបញ្ជាក់ថា ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ CITES ពេលនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ ស្នើមិនឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញា CITES ធ្វើសេចក្តីសម្រេចថ្មីណាមួយដែលនាំឱ្យរំខានដល់ការពង្រឹងគោលនយោបាយអន្តរជាតិរបស់អាមេរិក។
សូមបញ្ជាក់ថា កម្ពុជាបានបង្កើនការនាំចេញសត្វស្វាកន្ទុយវែងយ៉ាងច្រើនទៅកាន់ពិភពលោកសម្រាប់ការស្រាវជ្រាវវេជ្ជសាស្ត្រ ពោលមានជាង ៣០ម៉ឺនក្បាលក្នុងចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០២៣។ សហរដ្ឋអាមេរិកគឺជាប្រទេសគោលដៅធំជាងគេដែលបានទិញសត្វស្វាកន្ទុយវែងពីកម្ពុជាចំនួនជាង ៣ម៉ឺនក្បាលក្នុងឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មរបស់ CITES។ ជារឿយៗ លេខាធិការដ្ឋាននៃអនុសញ្ញា CITES និងក្រុមអ្នកការពារសត្វព្រៃអន្តរជាតិតែងទទូចឱ្យមានការផ្អាកការជួញដូរសត្វស្វាកន្ទុយវែង ឬស្វាក្ដាមនៅកម្ពុជា ក្រោមហេតុផលថា កម្ពុជាបានលួចលក់សត្វស្វាកន្ទុយវែងដែលចាប់ចេញពីក្នុងព្រៃ ពោលមិនមែនជាសត្វស្វាចិញ្ចឹមក្នុងកសិដ្ឋានដែលអនុញ្ញាតដោយអនុញ្ញា CITES នោះទេ។

នៅក្នុងសំណុំរឿងរត់ពន្ធសត្វសា្វដែលជិតផុតពូជនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់មន្ដ្រីកម្ពុជាជាច្រើននាក់ពីបទសមគំនិត និងរត់ពន្ធសត្វស្វាខុសច្បាប់ចូលទឹកដីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២ ។ តែនៅក្នុងខែមីនា ឆ្នាំ២០២៤ តុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លើមន្ដ្រីកម្ពុជាទាំងនោះ ដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក៕