កម្ពុជា
កម្ពុជា-គ្រាប់មីន
06/02/2025 – 10:18
ដោយ៖ សឹម ចាន់សំណាង
RFI
លោក ហេង រតនា ថាជំនួយដោះមីនរបស់ចិនមិនមែនជំនួសជំនួយរបស់អាមេរិក USAID ឡើយ
រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៤,៤លានដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ CMAC។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា ជំនួយរបស់រដ្ឋាភិបាលចិនឆ្នាំ ២០២៥ គឺជាឆ្នាំទី៣នៃដំណាក់កាលទី៣របស់គម្រោងដែលដំណាក់កាលមួយៗមានរយ:ពេល៣ឆ្នាំ។ នៅក្នុងគម្រោងដែលមានរយៈពេល ៣ឆ្នាំ គឺមានថវិកាជំនួយសរុប ១៣លាន២០ម៉ឺនដុល្លារដែលផ្តោតលើខេត្តគោលដៅចំនួន៧ រួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ តែលោក ហេង រតនាមិនភ្លេចបញ្ជាក់ថា ជំនួយរបស់ចិនពេលនេះមិនមែនចូលជំនួសជំនួយ អាមេរិក USAID ដែលរដ្ឋបាលលោកដូណាល់ ត្រាំបានផ្អាកមួយរយៈនោះទេ។ សូមស្តាប់ប្រសាសន៍លោក ហេង រតនា ដែលជាការរៀបចំជូនដោយ ស៊ឹម ចាន់សំណាង៖
