ដោយ សេក បណ្ឌិត
2025.02.09
RFA

(រូបឯកសារ) សត្វស្វានៅតំបន់ឧទ្យានអង្គរ ខេត្តសៀមរាប។ រូបថតថ្ងៃទី៣០ ធ្នូ ២០២០។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប គ្រោងបន្តចាប់សត្វស្វាកាចៗចេញពីតំបន់អង្គរបន្ថែមទៀត បន្ទាប់ពីបានចាប់សត្វស្វាកាចមួយចំនួន កាលពីសប្ដាហ៍មុន។
គម្រោងចាប់សត្វស្វាបន្ថែមនេះ គឺអាជ្ញាធរអះអាងថា ដើម្បីការពារសុខសុវត្ថិភាពរបស់ភ្ញៀវ ទេសចរ និងថែរក្សាបរិស្ថាន។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ ឱ្យដឹងថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើក្នុងខេត្តនេះ កំពុងរៀបចំគម្រោងសហការជាមួយអ្នកជំនាញមកផ្នែកផ្សេងៗ ដើម្បីចាប់សត្វស្វាជាច្រើនក្បាល ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកទេសចរ ថែមទៀត ចេញពីតំបន់អង្គរនៅពេលឆាប់ៗ។
លោកថា កាលពីសប្ដាហ៍មុន ខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចាប់សត្វស្វាចំនួនជាង១០ក្បាលដែលកាចៗ ម្ដងមកហើយ បន្ទាប់ពីស្វាទាំងនោះទៅដណ្ដើមទឹក និងចំណី ហើយខាំអ្នកទេសចរដែលទស្សនាប្រាសាទបុរាណធ្វើឱ្យរងរបួសរួចមក។
លោក ទា គឹមសុទ្ធ៖ «វាពិបាកបន្តិចត្រង់ថា ពេលទៅចាប់គឺប្រើថ្នាំសណ្ដំបាញ់ធ្វើឱ្យស្វាសន្លប់ជាមុនសិន។ នៅពេលវាសន្លប់គឺវាធ្លាក់ពីលើដើមឈើហើយមានបញ្ហារបួសឬក៏ងាប់។ ដូច្នេះបានជាក្រុមអ្នកជំនាញត្រូវការពេលរៀបចំសម្ភារៈដើម្បីការពារសុវត្ថិភាពសត្វស្វាទាំងនោះជាមុនសិន។ដោយសារការរៀបចំសម្ភារៈសុវត្ថិភាពនេះត្រូវចំណាយពេល ដូច្នេះឥឡូវនេះគឺក្រុមការងារចាប់យកតែស្វាខ្លះ ដែលកាចៗជាបឋមសិន។ប៉ុន្តែពេលខាងមុខគឺនឹងចាប់យកទាំងអស់ចំពោះស្វាណាដែលកាចៗ»។
លោក ទា គឹមសុទ្ធ បញ្ជាក់ទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើដែលគ្រោងចាប់សត្វស្វាជាច្រើនបន្ថែមទៀត ចេញពីតំបន់អង្គរនេះ គឺនឹងយកទៅដាក់ឱ្យវារស់នៅតាមធម្មជាតិនៅក្នុងព្រៃចំការឈើគ្រញូង ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នាស្រុកបន្ទាយស្រី ជិតភ្នំក្បាលស្ពាន ចម្ងាយជាង៤០គីឡូម៉ែត្រភាគខាងលិចឆៀងខាងជើងពីតំបន់អង្គរ។
គម្រោងចាប់សត្វស្វាជាបន្តបន្ទាប់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានស្ដីពីសត្វស្វា បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរ និងបរិស្ថានផង។
កាលពីថ្ងៃទី៤ ខែកុម្ភៈ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយស្នើឱ្យភ្ញៀវទេសចរទាំងអស់ នៅឱ្យឆ្ងាយ និងបញ្ឈប់ការផ្តល់ចំណីដល់សត្វស្វាក្នុងតំបន់អង្គរ ព្រមទាំងជៀសវាងការប៉ះពាល់ ឬលេង ជាមួយពួកវា ដើម្បីបង្ការពីគ្រោះថ្នាក់ដោយសារសត្វស្វាទាំងនោះខាំ។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាននៅឡើយ នៅថ្ងៃទី៨ ខែកុម្ភៈ។
ប៉ុន្តែយោងតាមទូរទស្សន៍CNC បានដកស្រង់សំដី ប្រធានក្រុមការងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គឹមលីន បាននិយាយថា ជារៀងរាល់ឆ្នាំចំនួនសត្វស្វានៅតំបន់អង្គរវត្ត និងរមណីយដ្ឋានអង្គរ មានការកើនឡើងជាលំដាប់។ សត្វស្វាទាំងនោះតែងមករំខានដល់ភ្ញៀវទេសចរ ដូចជាមកដណ្ដើមចំណី ទឹក ហើយពេលខ្លះក៏ខាំអ្នកទេសចរដែរ។ បន្ថែមលើនេះហ្វូងសត្វស្វាក៏ធ្វើឱ្យខូចខាតបរិស្ថាន និងប្រាសាទបុរាណ។
លោក ឡេក គឹមលីន៖ «ស្វាវាខាំភ្ញៀវទេសចរ ហើយទីពីរវាក៏បង្កបញ្ហាបរិស្ថានផ្សេងៗដូចជាកាយសំរាមចេញពីក្នុងធុង ធ្វើឱ្យសំរាមរាយប៉ាយប៉ះពាល់ដល់សោភ័ណភាពក្នុងតំបន់អង្គរផងដែរ។ ស្វាក៏ធ្វើឱ្យប៉ះពាល់ទៅដល់គ្រឿងបរិក្ខារនៅតាមប្រាសាទដូចជាស្លាកសញ្ញា និងផ្ទាំងព័ត៌មានផ្សេងៗ គឺវាឡើងទាញ តោងធ្វើឱ្យដួលខូចខាតបែកបាក់។ ម្យ៉ាងទៀតស្វាក៏ធ្វើឱ្យប៉ះពាល់ដល់ប្រាសាទបុរាណដែរ គឺវាឡើងតោងនៅតាមថែវ ឬក៏ក្បាច់ចម្លាក់របស់ប្រាសាទ។ក្បាច់ចម្លាក់ណាដែលមានភាពផុយស្រួយ នៅពេលស្វាតោងគឺរបេះខូចតែម្ដង»។
ចាប់តាំងពីឆ្នាំ២០២០ មក អាជ្ញាធរជាតិអប្សរា ធ្លាប់ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការបង្កផលប៉ះពាល់ដោយសារសត្វស្វាក្នុងតំបន់អង្គរចំនួន៣លើកមកហើយ។ ថ្វីត្បិតតែអាជ្ញាធរជាតិអប្សរា ធ្លាប់បានបង្ហាញរូបភាពជនជាតិខ្មែរ និងបរទេសខ្លះ បានរងគ្រោះដោយសារតែសត្វស្វាខាំ ក៏អាជ្ញាធរមិនដែលបញ្ជាក់ពីចំនួនជនរងគ្រោះ សរុបទាំងអស់មានប៉ុន្មាននាក់ឱ្យច្បាស់លាស់នៅឡើយ។
ចំណែកអ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង យល់ថាតំបន់ប្រវត្តិសាស្ត្រអង្គរ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ គឺត្រូវផ្សាភ្ជាប់ជាមួយធម្មជាតិនិងសត្វព្រៃជារឿងសំខាន់។
លោកថា តំបន់អច្ឆរិយមួយ វាគួរតែមានជីវចម្រុះរបស់ធម្មជាតិ មានទាំងទេសភាព មានទាំងមនុស្ស និងសត្វព្រៃរស់នៅលាយឡំគ្នា ទើបវាអាចក្លាយទៅជាឋានសួគ៌លោកីយ៍ដ៏មនោរម្យ។
លោក សេង សុខហេង មិនគាំទ្រចំពោះការចាប់សត្វស្វាចេញពីតំបន់អង្គរនេះទេ។
លោក សេង សុខហេង៖ «ខ្ញុំទទួលស្គាល់ថា ស្វាជាសត្វអាចបង្កគ្រោះថ្នាក់ ក៏ប៉ុន្តែវាក៏មានវិធីសាស្ត្របង្ក្រាបសត្វស្វាទាំងនោះបានដែរ។ ខ្ញុំយល់ថា អាជ្ញាធរជាតិអប្សរាគួរតែសិក្សាឱ្យច្បាស់ពីវិធីសាស្ត្របង្ក្រាបសត្វស្វាទាំងនេះ ជាជាងការយកបញ្ហាតូចតាចមកបង្ហាញដើម្បីចាប់សត្វស្វាចេញពីតំបន់អង្គរ ហើយបញ្ជូនទៅកន្លែងផ្សេង។ ខ្ញុំជឿថា បញ្ហាសំខាន់គឺការផ្ដល់ចំណីឱ្យសត្វស្វាទាំងនោះស៊ីឱ្យបានឆ្អែត បើសត្វស្វានៅតំបន់អង្គរទាំងនោះ មានចំណីស៊ីឆ្អែត ដោយមានរៀបចំទីតាំងដាក់ចំណី ផ្លែឈើនៅតាមព្រៃជារៀងរាល់ថ្ងៃទៅ ក៏វាលែងមកវាយប្រហារភ្ញៀវទេសចរដែរ»។
មន្ត្រីអាជ្ញាធរជាតិអប្សរាឱ្យដឹងថា បច្ចុប្បន្ននេះចំនួនសត្វស្វានៅប្រាសាទអង្គរវត្តមានប្រមាណជាង១០០ក្បាល និងនៅតំបន់ប្រាសាទបាយ័ននៃអតីតរាជធានីអង្គរធំមានចំនួនប្រហែល ៣០០ក្បាល។
កាលពីឆ្នាំ២០២០ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ និងពលរដ្ឋខ្លះ រស់នៅខេត្តសៀមរាប ធ្លាប់បានស្រែកទ្រហោយំ និងជំទាស់ក្នុងពេលដែលក្រុមការងារចម្រុះបានចុះទៅចាប់សត្វស្វាជាច្រើនក្បាល ចេញពីតំបន់អង្គរ។ កាលណោះអាជ្ញាធរបានប្រើថ្នាំសណ្ដំ យកទៅបាញ់លើសត្វស្វាបណ្ដាលឱ្យពួកវាសន្លប់ ហើយធ្លាក់ចុះ ពីលើដើមឈើបណ្ដាលឱ្យរងរបួសជាច្រើនក្បាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។