ដោយ ជាតិ ចំណាន
2025.02.09
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧ កុម្ភៈ ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា បញ្ហាអសន្តិសុខសង្គម គ្រឿងញៀន និងក្មេងទំនើងជាដើម នៅតែបន្តកើតមានឡើង ដោយសារតែអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងគ្មានវិធានការជាក់លាក់ដើម្បីធានាដល់សុខសុវត្ថិភាពពលរដ្ឋ។ ពួកគាត់ថា នេះជាបរាជ័យជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ពលរដ្ឋមួយចំនួនគ្មានជំនឿលើរដ្ឋាភិបាលថា អាចអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពនោះទេ ប្រសិនបើរដ្ឋាភិបាលមិនអាចទប់ស្កាត់ការនាំចូលគ្រឿងញៀន និងកាត់បន្ថយដាក់លក់គ្រឿងស្រវឹងដោយសេរី។
ពលរដ្ឋរស់នៅក្នុងសហគមន៍បឹងតាមោក រាជធានីភ្នំពេញ លោកស្រី ស៊ា ដាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែកុម្ភៈថា នៅក្នុងភូមិរបស់លោកស្រី បញ្ហាអំពើចោរកម្ម ក្រុមក្មេងទំនើង និងបញ្ហាគ្រឿងញៀនកើតមានកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីបន្តថា បញ្ហាទាំងនេះកើតឡើងគឺដោយសារអាជ្ញាធរអនុវត្តច្បាប់ធូររលុង និងគ្មានការប្ដេជ្ញាចិត្តការពារសុខសុវត្ថិភាពជូនពលរដ្ឋឡើយ។
លោកស្រី ស៊ា ដាវី៖«បញ្ហាទី១គឺ ការបំបាត់គ្រឿងញៀនវាមិនទាន់មានប្រសិទ្ធភាពនៅមូលដ្ឋាន ហើយវាប៉ះពាល់ច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើឱ្យពួកគាត់បង់ការសិក្សា។ ពួកគាត់ត្រូវជាប់ពន្ធនាគារក្នុងក្រុមគ្រួសារពួកគាត់ពេលដែលកូនមានបញ្ហាអ៊ីចឹងគាត់តែងលួចរបស់ទ្រព្យនៅក្នុងគ្រួសារក៏ដូចជាលួចរបស់ទ្រព្យអ្នកដទៃក្លាយទៅជាចោរក្លាយទៅជាអីធ្វើឱ្យសង្គមយើងកាន់តែធ្លាក់ចុះពាក់ព័ន្ធនឹងសីលធម៌»។
ស្រដៀងគ្នានេះដែរ អាជីវករដូរនៅខេត្តកណ្ដាល លោក តុន និមល រិះគន់ថា ដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រដ្ឋាភិបាលគឺមានតែលើក្រដាស ពីព្រោះពលរដ្ឋនៅតែមានភាពភ័យខ្លាចក្នុងការរស់នៅ និងប្រកបមុខរបររកស៊ីនៅពេលយប់។ លោកបន្តថា នៅក្នុងសហគមន៍របស់លោករស់នៅបញ្ហាលេងល្បែងស៊ីសងតាមអនឡាញ នៅតែរីកដុះដាលដូចផ្សិត ហើយគ្មានអាជ្ញាធរណាចុះបង្ក្រាបនោះទេ ដែលបញ្ហានេះបង្កឱ្យកើតមានអំពើចារកម្ម និងលួចប្លន់ជាដើម។
លោក តុន និមល៖ «ពាក់ព័ន្ធករណីនេះខ្ញុំគិតថា រដ្ឋាភិបាលគួរតែរឹតឱ្យខ្លាំងចំពោះគ្រឿងញៀនឈប់ឱ្យលំហូរចូលគ្រឿងញៀនមកក្នុងប្រទេស និងកែលំអនៅក្នុងសាលារៀន។ ចំពោះខ្ញុំគិតថា ភូមិ ឃុំ មានសុវត្ថិភាពមានតែនៅក្នុងក្រដាសមានតែក្នុងបដាបិទតាមដងផ្លូវ តាមសាលារៀន តាមទីវត្តអារាមមានតែនៅសសរមានតែនៅក្នុងក្រដាសហ្នឹងទេ ប៉ុន្តែតាមការពិត សុវត្ថិភាពក្នុងភូមិ ឃុំ គ្មានទេគឺសូន្យតែម្ដង»។
ក្រៅពីបញ្ហាដែលពលរដ្ឋជួបប្រទះទាំងអស់នេះ គេសង្កេតឃើញថា ករណីឆក់ ប្លន់នៅតាមបណ្ដាខេត្តមួយចំនួនបានកក្រើកឡើងវិញដោយសារតែការកើនឡើងនៃអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុចម្បង ធ្វើឱ្យយុវជនហ៊ានប្រព្រឹត្តិអំពើចោរកម្ម ឆក់ ប្លន់ ដើម្បីយកលុយទៅទិញគ្រឿងញៀនមកប្រើប្រាស់។
ការលើកឡើងរបស់ពលរដ្ឋនេះគឺបន្ទាប់ពី អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមខឿន បានអះអាង ក្នុងកិច្ចសម្ភាសន៍មួយស្ដីពី«គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» កាលពីថ្ងៃទី៧ ខែកុម្ភៈ ថា គិតត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលបានបង្កើតក្រុមបញ្ជាការពារនៅតាមភូមិឃុំមានជាង១ម៉ឺនក្រុម (១.៤០០០) និងមានមនុស្សប្រមាណ១សែន ៥ម៉ឺននាក់ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ប្រកបដោយសុខសុវត្ថិភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។ លើសពីនេះ លោក ឆាយ គឹមខឿន បញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌថយចុះ៥ភាគរយដែលបង្ហាញថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាព ដោយក្នុងនោះបង្ក្រាបករណីក្មេងទំនើងមានជាង១ពាន់ករណី (១.៦១១) ល្បែងស៊ីសងមានជាង១ពាន់ករណី (១.១២៥) បញ្ហាគ្រឿងញៀនមានជាង១ម៉ឺនករណី ដែលរឹបអូសគ្រឿងញៀនបានជាង១៥តោន និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង៣រយគីឡូក្រាម (៣៥០)។
លោក ឆាយ គឹមខឿន៖«យើងបន្តពង្រឹង និងជំរុញវិធានការជំនាញជាពិសេសវិធានបង្កសុវត្ថិភាពនេះ ដោយក្នុងនោះត្រូវខិតខំលុបបំបាត់នូវបញ្ហាប្រឈមនានាដែលទាក់ទងនឹងសុវត្ថិភាពសង្គម។ កាត់បន្ថយបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បង្កើនការផ្សព្វផ្សាយអប់រំដើម្បីបំផុតឱ្យមានចលនាផុលផុសឡើងក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
គោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០២១ ដើម្បីធានាដល់ការ ផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ គ្មានគ្រោះថ្នាក់ ចរាចរណ៍ គ្មានការជួញដូរមនុស្ស ក្មេងទំនើង ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព មានបរិស្ថានល្អ និងចុងក្រោយ គឺឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
ជុំវិញរឿងនេះ អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា កត់សម្គាល់ឃើញថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺដោយសារតែមានអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋដែលនាំឱ្យមានបញ្ហាគ្រឿងញៀន និងបញ្ហាអសន្តិសុខសង្គម។ លោកបន្តថា ដើម្បីអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាព និងតម្លាភាពរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ និងចាត់វិធានការលើមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ។
លោក ប៉ោ មករា៖«ត្រូវលុបបំបាត់អំពើពុករលួយ អំពើពុករលួយយើងត្រូវលុបបំបាត់វា ចាប់ពីលើចុះមកក្រាម។ កាលណាយើងលុបបំបាត់ពីក្រោមឡើងទៅលើវាអត់មានប្រសិទ្ធភាពទេដោយសារតែរឿងរ៉ាវមួយចំនួនវាកើតឡើងដោយសារអំពើពុករលួយតាមរយៈមន្ត្រីពុករលួយដែលចូលចិត្តរកស៊ីផ្លូវងងឹត មន្ត្រីឃុបឃិតជាមួយអ្នករកស៊ីគ្រឿងញៀន»។
ពលរដ្ឋ និងឃ្លាំមើលសង្គមយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនព្រមដោះស្រាយបញ្ហាអសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាពទេ នោះរដ្ឋាភិបាលមិនអាចទទួលបានជោគជ័យក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឡើយ ព្រោះគោលនយោបាយនេះត្រូវពឹងផ្អែកលើស្ថានភាពនយោបាយ និងស្ថានភាពនីតិរដ្ឋ ខណៈការប្រើប្រាស់គ្រឿងញៀន ដែលជាឫសគល់បង្កឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម នៅតែបន្តរីករាលដាលតាមសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។