កម្ពុជា
កម្ពុជា-សិទ្ធិមនុស្ស
10/02/2025 – 12:23
ដោយ៖ សឹម ចាន់សំណាង
RFI
សមាគមសិទ្ធិមនុស្សអាដហុកទើបចេញផ្សាយរបាយការណ៍ឆ្នាំ ២០២៤ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ តាមរបាយការណ៍ អាជ្ញាធរមូលដ្ឋានជាង ៩០% បានរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលបានជួបជុំគ្នាដោយសន្តិវិធី និងថា អាជ្ញាធរមានសមត្ថកិច្ចបានឃ្លាំមើល និងតាមដានសកម្មភាពនៅរាល់ពេលដែលមានការជួបជុំសម្តែងមតិរបស់ពលរដ្ឋដោយប្រើហិង្សា ឬចាប់ខ្លួន។ តែគណកម្មាធិការសិទ្ធិមនុស្សកម្ពុជាយល់ថា ការលើកឡើងរបស់អាដហុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។
អាដហុកថា អាជ្ញាធរមូលដ្ឋាននៅបន្តរឹតត្បិតសេរីភាពជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋ
នៅក្នុងរបាយការណ៍កម្រាស់ ៦ទំព័រ សមាគមសិទ្ធិមនុស្សអាដហុកបានកត់ត្រាពីសកម្មភាពនៃការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពជួបជុំនៅក្នុងខេត្តចំនួន ២២ក្នុងប្រទេសកម្ពុជា។ តាមរបាយការណ៍ អាជ្ញាធរមូលដ្ឋានជាង ៩០% បានរឹតត្បិតពលរដ្ឋមិនឲ្យចូលរួមសកម្មភាពផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដោយប្រើរូបភាពផ្សេងៗដូចជាការសួររកលិខិតអនុញ្ញាត រារាំងមិនឲ្យធ្វើការផ្សព្វផ្សាយ ថតរូប ឬវីដេអូ និងសុំបញ្ជីវត្តមានអ្នកចូលរួម ដើរឃ្លាំមើលបរិវេណផ្សព្វផ្សាយ ឬសួរនាំ និងគំរាមកំហែងសុវត្ថិភាពជាដើម។ សកម្មភាពទាំងអស់នេះត្រូវបានអាដហុកចាត់ទុកជាការអនុវត្តផ្ទុយ និងរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាតិ និងច្បាប់អន្តរជាតិស្តីពីការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិតាមរយៈការជួបជុំដោយសន្តិវិធីនៅក្នុងសហគមន៍។
កាលពីឆ្នាំ ២០១៨ ក្រសួងមហាផ្ទៃបានចេញលិខិតណែនាំមួយដោយបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីស្របច្បាប់មានសិទ្ធិពេញលេញមិនចាំបាច់ជូនដំណឹងអំពីសកម្មភាពរបស់ខ្លួនដោយដល់អាជ្ញាធរមូលដ្ឋានរយៈពេល៣ថ្ងៃ មុនថ្ងៃចាប់ផ្តើមធ្វើសកម្មភាព។ គណៈកម្មាធិការសិទ្ធិកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ស្រ៊ាង ចិន្តា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ កុម្ភៈនេះថា គណៈកម្មាធិការសិទ្ធិមនុស្សស្វាគមន៍ចំពោះការចូលរួមរបស់អង្គការសិទ្ធិមនុស្សនានាក្នុងការជួយផ្សព្វផ្សាយការយល់ដឹងពីសិទ្ធិសេរីភាព។
ទាក់ទងនឹងរបាយការណ៍របស់អាដហុកត្រូវបានលោក ស្រ៊ាង ចិន្តា ចាត់ទុកជាការធ្វើបុរេវិនិច្ឆ័យ ឬចោទប្រកាន់រដ្ឋាភិបាលដោយមិនបានពិនិត្យមើលអង្គហេតុ និងច្បាប់កម្ពុជា។ តែលោក ស្រ៊ាង ចិន្តា មិនភ្លេចបញ្ជាក់ថា អង្គការសិទ្ធិមនុស្សទាំងអស់ក៏ត្រូវគោរពតាមលក្ខន្តិកៈផ្សេងៗដែលខ្លួនបានដាក់នៅក្រសួងពាក់ព័ន្ធដែរ។ តាមអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិកម្ពុជារូបនេះដដែល សិទ្ធិសេរីភាពទាំងអស់ គឺសុទ្ធតែមានព្រំដែនកំណត់ដោយច្បាប់។ ទោះយ៉ាងណា អាដហុកបានស្នើឲ្យក្រសួងមហាផ្ទៃអនុវត្ត និងផ្សព្វផ្សាយឡើងវិញនូវសេចក្តីជូនដំណឹងកាលពីឆ្នាំ២០១៨ ក្នុងនោះមានការដាក់ពិន័យរដ្ឋបាលទៅលើអាជ្ញាធរមូលដ្ឋានដែលអនុវត្តផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។

ត្រង់ចំណុចនេះត្រូវបានលោក ស្រ៊ាង ចិន្តាពន្យល់ថា អាជ្ញាធរមូលដ្ឋានមានតួនាទីក្នុងការការពារ និងរក្សាសណ្តាប់ធ្នាប់នៅក្នុងសហគមន៍មូលដ្ឋាន និងបន្ថែមថា អង្គការ ឬសមាគមគួរតែសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចៀសវាងករណីដែលអាចបង្កជាបញ្ហា ឬសកម្មភាពមិនប្រក្រតី។ គួររម្លឹកជូនថា រឿងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក៏ធ្លាប់ត្រូវបាន Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិមនុស្សជុំវិញពិភពលោកនិយាយក្នុងរបាយការណ៍ឆ្នាំ ២០២៤ របស់ខ្លួនដែរ។ Freedom House បានចាត់ចំណាត់ថ្នាក់កម្ពុជាថាជាប្រទេសមិនសេរី ក្រោមហេតុផលថា រដ្ឋាភិបាលកម្ពុជាស្ថិតក្នុងការគ្រប់គ្រងដោយគណបក្សតែមួយ និងបានរារាំងសកម្មភាពក្រុមអ្នកប្រឆាំង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមទាំងបិទសំឡេងសារព័ត៌មានឯករាជ្យដែលនៅសល់តិចតួចក្នុងប្រទេស៕