កម្ពុជា
11/02/2025 – 12:32
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញបានជូនដំណឹងទៅកាន់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតបង់លុយចំនួន ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ ការបង្គាប់របស់តុលាការដូចនេះធ្វើឡើង ក្រោយលោក រ៉ុង ឈុន និងសកម្មជននយោបាយទាំង ២រូបបានលើកឡើងក្នុងឆ្នាំ២០២១ ពីការបាត់បង់ដីកសិកម្ម អំឡុងពេលរដ្ឋាភិបាលបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ។
តុលាការបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជន ២រូបបង់លុយ ១០ម៉ឺនដុល្លារឱ្យគណៈកម្មាធិការព្រំដែន
ក្នុងលិខិតជូនដំណឹងស្តីពីការអនុវត្តដោយស្ម័គ្រចិត្ត លោក យី សុខវួច ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសកម្មជននយោបាយ ២នាក់ទៀតឈ្មោះ ស កណិការ និង តុន និមល រួមគ្នាសងសំណងខូចខាតចំនួន ៤០០លានរៀល ឬស្មើ១០ម៉ឺនដុល្លារទៅឱ្យគណៈកម្មាធិការកិច្ចការព្រំដែន។ តាមសេចក្តីបង្គាប់បញ្ជានេះ បុគ្គលទាំង៣ ត្រូវយកប្រាក់ទៅបង់ឱ្យម្ចាស់គណៈកម្មាធិការកិច្ចការព្រំដែននៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែដោយរាប់ចាប់ពីថ្ងៃទី១១ កុម្ភៈនេះទៅ។ ក្នុងករណីដែលអ្នកទាំង៣ បានទទួលលិខិតនេះហើយ តែមិនព្រមអនុវត្តតាម តុលាការសាលាដំបូងក្រុងភ្នំពេញព្រមាននឹងបន្ដអនុវត្តនីតិវិធីតាមច្បាប់។
ឆ្លើយនឹងសេចក្តីសម្រេចបង្គាប់បញ្ជានេះ លោក រ៉ុង ឈុន បានប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI ដោយខ្លីថា លោកនឹងពិភាក្សាជាមួយមេធាវីរបស់លោក។ តែលោកក៏មិនភ្លេចបញ្ជាក់ថា ប្រាក់ដែលតុលាការបង្គាប់ឱ្យលោក និងសកម្មជននយោបាយបង់ឱ្យគណៈកម្មាធិការកិច្ចការព្រំដែនមានចំនួនច្រើនលើសលុប និងថា ក្នុងរយៈពេល១ខែ លោកគ្មានលទ្ធភាពទេ។ គួររម្លឹកថា កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទញុះញង់ដោយសារការអត្ថាធិប្បាយអំពីបញ្ហាព្រំដែនដែលលោកបានដឹកនាំមនុស្សចុះទៅខេត្តត្បូងឃ្មុំ និងដែលពលរដ្ឋនៅទីនោះអះអាងប្រាប់ក្រុមលោកថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យធ្វើស្រែចម្ការ ឬមានការបោះបង្គោលព្រំដែនចូលក្នុងទឹកដីខ្មែរជាដើម។

បន្ទាប់មកនៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ លោក រ៉ុង ឈុន ត្រូវបានដោះលែងវិញតាមសាលដីការបស់សាលាឧទ្ធរណ៍ និងដោយបានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ខណៈទោសដែលនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ។ តែនៅក្នុងអំឡុងពេលព្យួរទោសនេះ តុលាការបានដាក់លោក រ៉ុង ឈុន ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល៣ឆ្នាំ ដោយមិនឲ្យចេញទៅក្រៅប្រទេស និងមិនឱ្យធ្វើសកម្មភាពមួយចំនួនទេ៕