ដោយ ឡេង ម៉ាលី
2025.02.16
RFA

ទិដ្ឋភាពកុមារនៅខេត្តភាគឥសាន ប្រទេសកម្ពុជា រៀននៅក្នុងថ្នាក់។ រូប៖ កាលពីខែវិច្ឆិកា ២០២៤។ រូប៖ ហ្វេសប៊ុក UNICEF Cambodia
អង្គការអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនព្រួយបារម្ភចំពោះសកម្មភាពការពារសិទ្ធិមនុស្ស និងកិច្ចគាំពារកុមារនៅកម្ពុជាកំពុងថយចុះដោយសារតែបញ្ហាខ្វះជំនួយបរទេសពីសហរដ្ឋអាមេរិក។
អ្នកនយោបាយបក្សប្រឆាំងនៃប្រទេសកម្ពុជាអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាលើការបន្តផ្ដល់ជំនួយផ្នែកមនុស្សធម៌ទាំងនេះឡើងវិញ។
អង្គការមូលនិធិសហប្រជាជាតិសម្រាប់កុមារ ដែលហៅកាត់យូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា សង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងនៅតែបន្តផ្ដល់ជំនួយដើម្បីជួយដល់កុមារក្នុងប្រទេសកម្ពុជានិងកុមារជាច្រើនលាននាក់ទៀតនៅក្នុងពិភពលោក ដែលកំពុងត្រូវការភាពទីពឹងជាចាំបាច់។
UNICEF បារម្ភពីកុមារដែលខ្វះជំនួយ
មន្ត្រីទំនាក់ទំនងរបស់អង្គការ UNICEF ប្រចាំកម្ពុជា លោក ទី ចាន់ បានប្រាប់វិទ្យុអាស៊ីសេរី តាមរយៈសារអេឡិចត្រូនិក (E-mail) ថា បច្ចុប្បន្ននេះ UNICEF កំពុងព្រួយបារម្ភអំពីការប៉ះពាល់ទៅលើកម្មវិធីជួយគាំពារកុមារមួយចំនួន ដោយសារតែប្រឈមនិងការខ្វះជំនួយមនុស្សធម៌។
លោកថា UNICEF កំពុងពិនិត្យមើលនិងវាយតម្លៃពីផលប៉ះពាល់នានានៃកម្មវិធីសម្រាប់ជួយកុមារទាំងនេះ។
អង្គការយូនីសេហ្វបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់ជាដៃគូដ៏ធំបំផុតក្នុងការផ្ដល់ជំនួយផ្នែកមនុស្សធម៌នេះជាយូរមកហើយ។
ផ្អែកតាមរបាយការណ៍ កាលពីអំឡុងខែតុលាឆ្នាំ២០២៤ ឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អង្គការ UNICEF បានជួយកុមារកម្ពុជាចំនួនជិត ៥លាននាក់លើកិច្ចការពារពីជំងឺ ការផ្តល់ជំនួយអាហារូបត្ថម្ភនៅតាមសាលារៀន ការផ្តល់សេវាអប់រំ ផ្តល់ការព្យាបាលសង្គ្រោះជីវិត ផ្តល់ធនធានផ្នែកសុខភាពផ្លូវចិត្តដល់កុមារ និងក្មេងជំទង់ ផ្ដល់សេវាការពារផ្លូវច្បាប់ដល់កុមារក្នុងប្រព័ន្ធយុត្តិធម៌ ព្រមទាំងការផ្ដល់អនាម័យ មានសេវាផ្ដល់ទឹកស្អាតដល់កុមារជាដើម។
មិនមែនតែអង្គការ UNICEF ប៉ុណ្ណោះទេ ដែលកំពុងព្រួយបារម្ភចំពោះការខ្វះជំនួយសម្រាប់កម្មវិធីគាំពារកុមារ សូម្បីតែអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការផ្នែកសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា ក៏កំពុងព្រួយបារម្ភលើបញ្ហាដូចគ្នានេះដែរ។
ក្ដីបារម្ភរបស់សង្គមស៊ីវិល
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា ឱ្យដឹងថា បច្ចុប្បន្នអង្គការ ADHOC កំពុងប្រឈមផ្នែកថវិកាចំណាយទៅលើការផ្ដល់សេវាការពារក្តីឱ្យពលរដ្ឋក្រីក្រ ការពារក្តីសកម្មជននយោបាយ ការពារស្ត្រីរងគ្រោះដោយអំពើជួញដូរ និងការផ្ដល់ថវិកាសម្រាប់ការធ្វើដំណើរ ការហូបចុកដើម្បីឱ្យជនរងគ្រោះអាចមានលទ្ធភាពធ្វើដំណើរទៅស្វែងរកយុត្តិធម៌នៅតាមតុលាការជាដើម។ ក្នុង ១ឆ្នាំៗអាដហុក បានផ្ដល់សេវាការពារក្តី ឱ្យពលរដ្ឋក្រីក្រ ស្ត្រីរងគ្រោះដោយអំពើជួញដូរ និងសកម្មជនគណបក្សនយោបាយចំនួនប្រហែល១០០ករណី។
លោក នី សុខា បញ្ជាក់ថា ការផ្ដល់សេវាការពារក្តីទាំងនេះ គឺជាជំនួយរបស់សហរដ្ឋអាមេរិក។
លោក នី សុខា៖ «កន្លងមកADHOC បានជួយជាច្រើនទៅលើកិច្ចការពារផ្លូវច្បាប់ដល់ជនក្រីក្រ ស្ត្រីរងគ្រោះដោយអំពើជួញដូរ និងសកម្មជនគណបក្សនយោបាយ។ ប៉ុន្តែពេលនេះសកម្មភាពទាំងអស់នោះ បានកាត់បន្ថយមួយចំនួនធំ ដោយសារតែមានការផ្អាកជំនួយពីសហរដ្ឋអាមេរិក។ ជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់គម្រោងការពារសិទ្ធិមនុស្ស ដែលផ្ដល់មកឱ្យADHOC គឺជាជំនួយដែលមានទំហំធំ»។
កង្វល់របស់អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២៦ ខែមករា បានប្រកាសផ្អាកជំនួយដែលផ្ដល់តាមរយៈក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ទៅឱ្យបរទេស ក្នុងរយៈពេល ៩០ថ្ងៃ ដែលការផ្អាកជំនួយនេះ រួមមានទាំងកម្ពុជាផងដែរ។
មន្ត្រីបក្សប្រឆាំងស្នើឱ្យអាមេរិកបន្តរក្សាជំនួយ USAID
អតីតអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ពិចារណាទៅលើការផ្ដល់ជំនួយផ្នែកមនុស្សធម៌នៅកម្ពុជាបន្តទៀត ដើម្បីជួយលើកស្ទួយដល់ផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជួយដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ពលរដ្ឋពីបញ្ហាគ្មានគ្រាប់មីន ព្រមទាំងជួយដល់អនាគត និងសុខភាពកុមារ។
លោក អ៊ុំ សំអាន៖ «ខ្ញុំយល់ថា សហរដ្ឋអាមេរិកគួរតែពិចារណាជួយទៅដល់អ្នកកើតជំងឺអេដស៍ និងសកម្មភាពបោសសំអាតមីនជាដើម ពីព្រោះវាជារឿងសំខាន់សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស និងជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាផង។ ម្យ៉ាងទៀតគួរជួយទៅដល់អង្គការ សង្គមស៊ីវិលដែលកំពុងធ្វើការពាក់ព័ន្ធ និងកិច្ចការពារសិទ្ធិមនុស្សជាដើម ពីព្រោះនោះគឺជាការជួយជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានោះក៏គួរជួយទៅដល់កុមារកម្ពុជា ដែលកំពុងតែរងគ្រោះនិងត្រូវការទីពឹង»។
ទាំងអ្នកវិភាគសង្គម មន្ត្រីរាជការ និងសង្គមស៊ីវិលមួយចំនួនយល់ថា ជំនួយរបស់សហរដ្ឋអាមេរិក មានសារសំខាន់យ៉ាងខ្លាំងចំពោះប្រទេសដែលអភិវឌ្ឍតិចតួច ដូចជាកម្ពុជានេះ។
អត្ថបទដែលទាក់ទង៖
មន្ត្រីអង្គការស៊ីម៉ាក់ថា ការផ្អាកជំនួយអាមេរិកភ្លាមៗធ្វើឱ្យប៉ះពាល់ដល់ការបោសសំអាតគ្រាប់មីន
មន្ត្រីរាជការ និងពលរដ្ឋមួយចំនួន លើកឡើងថា ការបង្កកជំនួយអាមេរិក នឹងប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅក្នុងសហគមន៍
អង្គការសង្គមស៊ីវិលមួយចំនួនស្នើដល់រដ្ឋាភិបាលថ្មីរបស់អាមេរិកឱ្យបន្តផ្ដល់ជំនួយ ដើម្បីជួយដល់ពលរដ្ឋខ្មែរ
ចិនផ្តល់ជំនួយជាង ៤លានដុល្លារសម្រាប់ដោះមីននៅកម្ពុជា ខណៈអាមេរិកផ្អាកជំនួយ
អ្នកវិភាគ កំពុងព្រួយបារម្ភថា ប្រសិនបើគ្មានជំនួយរបស់សហរដ្ឋអាមេរិកទេ គឺវាធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន ដូចជា ការអភិវឌ្ឍន៍សហគមន៍ ការលើកកំពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ វិស័យអប់រំ វិស័យសុខាភិបាលកសិកម្ម និងការអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។