ដោយ មាន ឫទ្ធិ
2025.02.16
RFA

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា។ រូប៖ ហ្វេសប៊ុកលោក សម រង្ស៊ី និងក្រសួងមហាផ្ទៃ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី អំពាវនាវឲ្យពលរដ្ឋ ឈប់បង់ប្រាក់សងត្រឡប់ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រាប់ប្រជាពលរដ្ឋ កុំឲ្យសងប្រាក់ទៅកម្ចីខុសច្បាប់តាមអនឡាញ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្សី នៅថ្ងៃទី១៦ ខែកុម្ភៈ សរសេរសារនៅលើទំព័រហ្វេសប៊ុក (Facebook) ថា លោក គាំទ្រចំពោះសំណើរបស់ លោក ស សុខា ដែលប្រាប់ពលរដ្ឋមិនឲ្យសងប្រាក់ត្រឡប់ទៅក្រុមកម្ចីអនឡាញ (Online) ខុសច្បាប់ ។ បន្ថែមពីនេះ លោក ក៏អំពាវនាវដល់ពលរដ្ឋកុំឲ្យសងប្រាក់ «កម្ចីមីក្រូហិរញ្ញវត្ថុ និងប្រាក់កម្ចី ដែលខុសច្បាប់ទាំងអស់»។
លោក សម រង្សី ថា ប្រាក់កម្ចីភាគច្រើននៅកម្ពុជាជាកម្ចីខុសច្បាប់ ជាពិសេសកម្ចីមីក្រូហិរញ្ញវត្ថុ ។ លោកចោទថា ធនាគារទាំងនោះ បានបញ្ជោតឲ្យពលរដ្ឋដាក់បញ្ចាំនូវដីធ្លី និងទ្រព្យសម្បត្តិ ជាមួយនឹងអត្រាការប្រាក់ខ្ពស់ រហូតធ្វើឲ្យពលរដ្ឋ ជាប់បំណុលវ័ណ្ឌក។ លោកបន្តថា មានករណីខ្លះ ពលរដ្ឋខ្ចីលុយពីធនាគារ ហើយត្រូវចាញ់បោកក្រុមឧកញ៉ាមួយចំនួន ធ្វើឲ្យពួកគាត់គ្មានផ្ទះនៅ ហើយត្រូវជំពាក់បំណុលថែមទៀត។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងប្រាប់ពលរដ្ឋក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» កាលពីថ្ងៃទី១៣ កុម្ភៈថា មិនឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់ ហើយបើក្នុងករណីមានការគំរាមកំហែងពីក្រុមកម្ចីខុសច្បាប់ លោក លើកទឹកចិត្តឲ្យពលរដ្ឋ ប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក កាំង តុងងី ដើម្បីសុំការឆ្លើយតបជុំវិញការអំពាវនាវរបស់លោក សម រង្សី បាននៅឡើយទេ នៅថ្ងៃទី១៦ ខែកុម្ភៈ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ថ្លែងនៅក្នុងវីដេអូ ដែលមាន រយៈពេលជាង៤នាទី នៅលើបណ្ដាញសង្គម នៅថ្ងៃទី១៦ កុម្ភៈថា ការលើកឡើងរបស់លោក ស សុខា គឺបង្ហាញពីក្ដីបារម្ភចំពោះពលរដ្ឋ ដែលអាចធ្លាក់ខ្លួនក្នុងអន្ទាក់របស់ក្រុមកម្ចីអនឡាញ តែមិនសំដៅដល់កម្ចីទាំងអស់ ត្រូវតែមិនសងនោះទេ។ ទោះជាយ៉ាងណា លោក បញ្ជាក់ថា «ការខ្ចីបុលពីធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលស្របច្បាប់ត្រឹមត្រូវ កូនបំណុលមានកាតព្វកិច្ចសងគេ»។
លោក ទូច សុឃៈ៖ «លោកលើកឡើងនេះ មិនមែនមានន័យថា រាល់ការខ្ចីបុលទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ គឺបងប្អូនប្រជាពលរដ្ឋមិនចាំបាច់សងទេ ការខ្ចីបុល ដែលធ្វើឡើងដោយអង្គអនុញ្ញាតដោយច្បាប់មាន ធនាគារស្របច្បាប់ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬអង្គណាផ្សេងទៀត ដែលទទួលអាជ្ញាប័ណ្ណនៅក្នុងប្រតិបត្តិការឥណទាន ឬផ្ដល់ប្រាក់កម្ចីនេះ ឬបុគ្គលនៅតាមមូលដ្ឋានរកស៊ីជាប្រក្រតីតាំងពីដូនពីតាមក ឬក៏រកស៊ីនៅមូលដ្ឋានជាប្រពៃណី ដែលនេះត្រូវតែមានកាតព្វកិច្ចត្រូវបំពេញ ឬសងត្រឡប់ទៅគេវិញ»។
ទាក់ទិននឹងបញ្ហានេះ ដែរ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា អ្នកស្រី ជា សិរី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរំលឹកដល់ពលរដ្ឋថា បើពុំចាំបាច់ ពុំគួរខ្ចីបុលគេឡើយ ហើយបើចង់ខ្ចីបុល គួរតែខ្ចីពីគ្រឹះស្ថាន ដែលមានអាជ្ញាប័ណ្ណ ពីធនាគារជាតិ នៃកម្ពុជា ព្រោះនៅពេលមានបញ្ហា គឺអាចកំណត់មុខសញ្ញា និងចាត់ការតាមនីតិវិធីច្បាប់។ អ្នកស្រី បន្តថា «សូមពលរដ្ឋប្រើប្រាស់លុយកាក់ប្រកបដោយការទទួលខុសត្រូវ» និង «សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ផ្តល់កម្ចីដោយទទួលខុសត្រូវ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់អតិថិជន ព្រោះថាពេល អតិថិជនរុងរឿង គ្រឹះស្ថានក៏រុងរឿងដែរ»។
កម្ចីអនឡាញខុសច្បាប់ កំពុងក្លាយជាបញ្ហាប្រឈមមួយរបស់កម្ពុជា ដែលបញ្ហានេះ បានបណ្ដាលឲ្យពលរដ្ឋកម្ពុជាមួយចំនួន ផុងខ្លួនជ្រៅចូលក្នុងអន្ទាក់នៃបំណុល ដោយសារតែកម្ចីទាំងនេះ មានភាពងាយស្រួលក្នុងការខ្ចី ប៉ុន្តែភ្ជាប់មកជាមួយនូវអត្រាការប្រាក់ខ្ពស់ ការដកប្រាក់ដើមមួយចំនួន សម្រាប់ទូទាត់ការប្រាក់ និងការគំរាមកំហែងជាច្រើនរូបភាពផ្សេងទៀតជាដើម។ លើសពីនេះ មានជនរងគ្រោះខ្លះទៀត បានបញ្ចប់ជីវិតខ្លួនឯងដោយសារបំណុល។ ជាក់ស្ដែង កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាយកសាលាបឋមសិក្សាសិរីជ័យមង្គល នៅខេត្តកណ្ដាល បានសម្លាប់ប្រពន្ធ និងកូនចំនួន២នាក់ ហើយបានចងកសម្លាប់ខ្លួន ដោយសារតែបញ្ហាជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ រួមទាំងប្រាក់កម្ចីអនឡាញ និងចាញ់ល្បែងភ្នាល់តាមអនឡាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។