ដោយ ជាតិ ចំណាន
2025.02.15
RFA

(រូបថតឯកសារ) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំទទួលទានអាហារជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។ Photo: RFA
អ្នកឃ្លាំមើលបញ្ហាសង្គមមិនជឿថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណាយលុយផ្ទាល់ខ្លួនប្រមាណ ១លាន ៦សែនដុល្លារ ដើម្បីជួលក្រុមហ៊ុនមេតា (Meta) ឬក្រុមហ៊ុនហ្វេសប៊ុកផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះទេ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីលើកឡើងថា ការចំណាយលុយរបស់លោក ហ៊ុន ម៉ាណែត ទៅលើប្រព័ន្ធផ្សព្វផ្សាយហ្វេសប៊ុក គឺមិនបានប្រើលុយជាតិឡើយ។
អ្នកសិក្សាបញ្ហាសង្គមសង្ស័យថា ដោយសារតែប្រាក់ខែរបស់នាយករដ្ឋមន្ត្រីក្នុងមួយខែទទួលតែជាង ២ពាន់ដុល្លារ ដូច្នេះ លោកមិនអាចចំណាយថវិកាប្រមាណជាងមួយលានកន្លះដុល្លារផ្សព្វផ្សាយសកម្មភាពផ្ទាល់ខ្លួនរបស់លោកបានទេនោះទេ។
អ្នកសិក្សាបញ្ហាសង្គម លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែកុម្ភៈ ការផ្សាយតាម Facebook របស់លោក ហ៊ុន ម៉ាណែត កន្លងមក មិនបានជួយដោះស្រាយបញ្ហាពលរដ្ឋឱ្យចំគោលដៅឡើយ។
លោក ប៉ោ មករា៖ «ដឹងហើយថា ការដែលផ្សព្វផ្សាយនេះមិនថា មេដឹកនាំកម្ពុជា មិនថា មេដឹកនាំបណ្ដាប្រទេសពិភពលោក ឬក៏ក្រុមហ៊ុនធំៗ ល្បីៗ ដែលគេរកប្រាក់ចំណេញពីការផ្សព្វផ្សាយនេះពិតមែន ប៉ុន្តែ យើងត្រូវដឹងថា ការផ្សព្វផ្សាយនេះក្នុងគោលបំណងអីគេ ចំនួន ឬក៏នៃការផ្សាយហ្នឹងកម្រិតណាដែលអ៊ីចឹង កាលណាយើងយកលុយទៅខ្ជះខ្ជាយលើសលប់បែបនេះ ខ្ញុំគិតថា វាជាការចាយលុយមិនចំគោលដៅ ហើយវាខ្ជះខ្ជាយទាំងពេលវេលា និងថវិកាទៀត»។
ការលើកឡើងនេះ ធ្វើឡើង គឺបន្ទាប់ពីក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីលិខិតស្រាយបំភ្លឺ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយចាត់ទុកការចំណាយលុយរបស់លោក ហ៊ុន ម៉ាណែត ប្រមាណ ១លាន ៦សែនដុល្លារ ដើម្បីជួលឱ្យក្រុមហ៊ុនហ្វេសប៊ុកផ្សព្វផ្សាយ ឬប្រម៉ូតសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត នៅលើបណ្ដាញសង្គមហ្វេសប៊ុក គឺជាការជួយបម្រើផលប្រយោជន៍ជាតិ ហើយការចំណាយទាំងនោះ មិនមែនជាលុយជាតិឡើយ។ លើសពីនេះ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី (ឈ្មោះអ្វីដែរ?) បញ្ជាក់ថា ការផ្សព្វផ្សាយរបស់លោក ហ៊ុន ម៉ាណែត គឺមិនខុសគ្នាទៅនឹងបណ្ដាក្រុមហ៊ុន ឬអ្នករកស៊ីឡើយ ហើយការផ្សព្វផ្សាយនេះ មិនមែនជាការធ្វើនយោបាយប្រជាភិថុតិដូចការចោទប្រកាន់របស់ក្រុម «អគតិ» មួយចំនួនឡើយ។
ទិន្នន័យ ក្រុមហ៊ុនមេតា (Meta) បង្ហាញថា គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចំណាយលុយជាង ១លាន ៦សែនដុល្លារ (១.៦១៨.៦៣៩) ក្នុងរយៈពេល ៣ឆ្នាំ។ ក្រៅពីនេះ នៅមានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួន ក៏បានចំណាយលុយជួលក្រុមហ៊ុនហ្វេសប៊ុកឱ្យជួយផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនដែរ។
ទោះបីជារដ្ឋាភិបាលខំបកស្រាយថា ការចំណាយលុយផ្សព្វផ្សាយសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត គឺមិនចំណាយលុយជាតិយ៉ាងណាក្តី ក៏មានពលរដ្ឋមួយចំនួនរិះគន់ថា លុយ ដែលលោក ហ៊ុន ម៉ាណែត បានមកនៅពេលនេះ គឺអាចជាប់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា គឺជារឿងដ៏អាម៉ាស់ ដែលពលរដ្ឋកំពុងធ្លាក់ក្នុងស្ថានភាពក្រីក្រ ប៉ុន្តែ មេដឹកនាំបែរជាមានដុល្លាររាប់លានដុល្លារជួលឱ្យក្រុមហ៊ុនហ្វេសប៊ុកផ្សព្វផ្សាយសកម្មភាពឥតប្រយោជន៍របស់ខ្លួនលើបណ្ដាញសង្គម។ លោកសង្កេតឃើញថា ការបង្ហោះសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត នៅលើគណនីហ្វេសប៊ុកភាគច្រើនជា ការអួតសម្ញែងភាពហ៊ឺហារបស់ខ្លួន ច្រើនជាងគិតគូរពីផលប្រយោជន៍ជាតិ។
លោក គឹម សុខ៖ «រដ្ឋាភិបាលត្រកូល ហ៊ុន មិនដឹងចាយលុយប៉ុន្មានលានដុល្លារទេ ក្នុងមួយឆ្នាំៗ នៅក្នុងការទិញ (like) ឡាយ ទិញ ស៊ែរ (share) នៅលើបណ្ដាញសង្គមហ្វេសប៊ុក នេះគ្រាន់តែនៅលើហ្វេសប៊ុក។ អាម៉ាស់ទី២ មិនដឹងថា ក្រៅពីការចាយលុយទិញឡាយ ទិញ ស៊ែរលើបណ្ដាញហ្វេសប៊ុកនេះគេចាយលុយលើឧក្រិដ្ឋកម្មអីទៀតទេ។ ឧទាហរណ៍ចាយលុយទិញទឹកចិត្តសកម្មជនអ្នកប្រឆាំង ចាយលុយប្រើពួកចារជន»។
អ្នកឃ្លាំមើលយល់ឃើញថា ការចំណាយរបស់លោក ហ៊ុន ម៉ាណែត និងមន្ត្រីរដ្ឋាភិបាល មួយចំនួនទៅលើការផ្សព្វផ្សាយនេះ គួរតែបើកការស៊ើបអង្កេតដោយអង្គភាពប្រឆាំងអំពើពុករលួយ ពីព្រោះលុយ ដែលពួកគេបានចំណាយទាំងនោះ អាចបានមកពីអំពើពុករលួយ ដូច្នេះ រដ្ឋាភិបាលគួរតែបង្ហាញអំពីតម្លាភាពជុំវិញករណីនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ទំនុកចិត្តពលរដ្ឋលើមេដឹកនាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។