ដោយ ជីវិតា
2025.02.17
RFA

អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) និងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) ជួបគ្នាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
តុលាការព្រហ្មទណ្ឌថៃអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ទៅចូលរួមកិច្ចប្រជុំនៅប្រទេសប្រ៊ុយណេ ប៉ុន្តែបដិសេធមិនឱ្យលោក ថាក់ស៊ីន មកកម្ពុជា និងវៀតណាមឡើយ។ មន្ត្រីបក្សប្រឆាំងយល់ឃើញថា ការណ៍ដែលលោក ថាក់ស៊ីន ចង់មកកម្ពុជានៅពេលនេះ គឺទំនងដើម្បីលើកយកបញ្ហាកោះគជ់ និងឧក្រិដ្ឋកម្មឆបោកតាមអនឡាញមកជជែកជាមួយលោក ហ៊ុន សែន។
តុលាការថៃបានបដិសេធមិនឱ្យអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មកកម្ពុជាតាមការអញ្ជើញរបស់ប្រធានគណបក្សកាន់អំណាចនៅកម្ពុជាទេ ដោយតុលាការថៃបញ្ជាក់ថា គម្រោងដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន មកកម្ពុជាគឺស្ថិតក្រោមការអញ្ជើញផ្ទាល់ខ្លួនមិនមែនជាការអញ្ជើញផ្លូវការរបស់រដ្ឋាភិបាលប្រទេសកម្ពុជាទេ។
កាសែតថៃ
កាសែត ឌឹ ណេសិន (The Nation Thailand) របស់ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរាយការណ៍ថា ឪពុកនាយករដ្ឋមន្ត្រីថៃអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នឹងទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសប្រ៊ុយណេ (Brunei) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ពាក់ព័ន្ធកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនៅចុងឆ្នាំនេះ ហើយការចូលរួមនោះស្ថិតក្រោមការអញ្ជើញពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែលកាលពីខែធ្នូ ឆ្នាំ២០២៤ បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សានៅពេលលោកកាន់តំណែងជាប្រធានប្ដូរវេនអាស៊ាន។
ថាក់ស៊ីន ចង់មកកម្ពុជា
ក្នុងអំឡុងពេលលោក ថាក់ស៊ីន ធ្វើដំណើរទៅប្រទេសប្រ៊ុយណេ នេះលោកក៏បានស្នើសុំតុលាការព្រហ្មទណ្ឌថៃធ្វើដំណើរទៅប្រទេសវៀតណាម និងកម្ពុជាដែរ ប៉ុន្តែតុលាការថៃបានបដិសេធសំណើរបស់លោក ដោយសំអាងថា ការធ្វើដំណើរទៅប្រទេសទាំងពីរនោះ គឺជាការអញ្ជើញផ្ទាល់ពីពាណិជ្ជករនៅវៀតណាម និងអតីតមេដឹកនាំកម្ពុជា លោក ហ៊ុន សែន មិនមែនជាការអញ្ជើញផ្លូវការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរនោះឡើយ។ តុលាការថៃក៏តម្រូវឱ្យលោក ថាក់ស៊ីន បង់លុយចំនួន៥លានបាត ឬស្មើនឹងជាង១៤ម៉ឺនដុល្លារជាប្រាក់ធានាថា លោកនឹងវិលត្រឡប់មកប្រទេសថៃវិញ ក្រោយបញ្ចប់កិច្ចប្រជុំនៅប្រទេសប្រ៊ុយណេ ហើយត្រូវរាយការណ៍ជូនតុលាការក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីលោកមកដល់។ លោក ថាក់ស៊ីន កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ«ប្រមាថព្រះមហាក្សត្រថៃ» ក្រោយពេលលោកផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតកូរ៉េកាលពីឆ្នាំ ២០១៥។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្រ្ទ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកុម្ភៈ ថា ការបដិសេធរបស់តុលាការថៃចំពោះសំណើរបស់លោក ថាក់ស៊ីន គឺជារឿងត្រឹមត្រូវ ពីព្រោះជំនួបរវាងលោក ថាក់ស៊ីន និងលោក ហ៊ុន សែន កន្លងមកមិនបានផ្ដល់ផលវិជ្ជមានដល់លំហសិទ្ធិនយោបាយនៅកម្ពុជាឡើយ ផ្ទុយទៅវិញគឺជាការពង្រឹងឥទ្ធិពលនៃគ្រួសារមេដឹកនាំបក្សកាន់អំណាចទាំងពីរ។ លោកបន្តថា លោក ហ៊ុន សែន ហៅលោក ថាន់ស៊ីន មកជួបនៅពេលនេះអាចពិភាក្សារឿងកោះគជ់ បញ្ហាប្រេងនៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រ និងឃាតកម្មលើលោក លិម គិមយ៉ា ជាដើម។
លោក ម៉ែន សុថាវរិន្រ្ទ៖ «ក្នុងនាមជាប្អូនធម៌ បងធម៌ដើម្បីសម្រួលដល់ការងារដែលគាត់ធ្វើរបៀបថា ដើម្បីលួងចិត្តកម្ពុជា មេដឹកនាំប្រទេសកម្ពុជា ប៉ុន្តែរឿងនេះខ្ញុំមើលទៅពលរដ្ឋថៃគេមិនព្រម សារព័ត៌មានថៃគេមិនព្រម បក្សប្រឆាំងថៃគេមិនព្រម ហើយគេមិនឱ្យធ្វើអ្វីស្រេចតែចិត្តទេ។ គេបានចោទថា ប្រទេសជិតខាងគេអត់បញ្ចេញឈ្មោះមែន ប៉ុន្តែអ្នកជិតគេធ្វើអំពើស្អីៗមួយដូចថា មិនប្រក្រតីហើយអត់ឱនដូច្នេះខ្ញុំគិតថា គាត់មកដើម្បីចង់ជជែកក្នុងនាមប្អូនធម៌បងធម៌ដើម្បីគិតរឿងហ្នឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី ដើម្បីសុំការឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៦ ខែកុម្ភៈ។ ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ទទួលបានព័ត៌មានពីរឿងលោក ហ៊ុន សែន អញ្ជើញលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មកកម្ពុជាឡើយ។
អត្ថបទដែលទាក់ទង៖
អ្នកឃ្លាំមើលលើកឡើងថា មេដឹកនាំកម្ពុជា និងថៃ កំពុងកេងចំណេញនយោបាយ ជុំវិញភាពស្ងប់ស្ងាត់រឿងកោះគជ់
ពលរដ្ឋខ្មែរអាមេរិកាំងធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ទៅតុលាការអន្តរជាតិ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងពន្យល់ពីមូលហេតុដែលរដ្ឋាភិបាលត្រកូលហ៊ុនមិនតវ៉ារឿងកោះគជ់
លោក ហ៊ុន ម៉ាណែត ថា កម្ពុជាបន្តចរចាព្រំដែនសមុទ្រជាមួយថៃ តែលោកមិនបញ្ជាក់ចំណែកកម្ពុជានៅលើកោះគជ់
ជុំវិញរឿងនេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ទំនងជាតុលាការថៃស៊ើបអង្កេតដឹងពីទំនាក់ទំនងរវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន មានភាពល្អូកល្អិនជាមួយគ្នាពាក់ព័ន្ធការផ្ដល់ផលប្រយោជន៍ផ្នែកនយោបាយ ដូច្នេះបានជាតុលាការថៃបដិសេធសំណើនោះ។ លោកបន្តអះអាងថា ទំនាក់ទំនងបងប្អូនធម៌រវាងលោក ហ៊ុន សែន និងលោក ថាក់ស៊ីន នេះបានបង្កឱ្យមានការគំរាមកំហែងដល់សកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ ពីព្រោះតែការដោះដូរផលប្រយោជន៍នយោបាយឱ្យគ្នាទៅវិញទៅមក។
លោក គឹម សុខ៖ «គ្រួសារលោក ថាក់ស៊ីន ដឹកនាំរដ្ឋាភិបាលថៃគឺបោលសម្អាតអ្នកប្រជាធិបតេយ្យខ្មែរនៅលើទឹកដីថៃតែម្ដងគឺជាជួយពង្រឹងអំណាចគ្រួសារលោក ហ៊ុន សែន នៅភ្នំពេញដោយការកម្ចាត់អ្នកប្រឆាំង និងអ្នកប្រជាធិបតេយ្យខ្មែរ។ ហើយជាថ្នូរទៅវិញពួកគេឃុបឃិតជាមួយគ្នាពួកគេហ្នឹងគឺគ្រួសារលោក ថាក់ ស៊ីន និងគ្រួសារលោក ហ៊ុន សែន គប់គិតគ្នាស៊ីជម្រៅណាស់ទាំងគ្រួសារជំនួយពាណិជ្ជកម្ម ទាំងការប្រព្រឹត្តឧក្រិដ្ឋកម្មនយោបាយ»។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានធ្វើដំណើរទៅសួរសុខទុក្ខ លោក ថាក់ស៊ីន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោយពេលលោក ថាក់ស៊ីន ត្រូវតុលាការដោះលែង បន្ទាប់ពីបានជាប់ឃុំអស់រយៈពេល ៦ខែនៅក្នុងមន្ទីរពេទ្យ និងបន្ទាប់ពីនិរទេសខ្លួន នៅក្រៅប្រទេសប្រមាណ១៥ឆ្នាំ ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់តុលាការថៃពាក់ព័ន្ធនឹងការចោទប្រកាន់អំពើពុករលួយ។ អ្នកនយោបាយថៃ និងជាតិនិយមថៃទាមទារឱ្យរដ្ឋាភិបាលចម្រុះថៃបច្ចុប្បន្នដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន លុបចោលអនុស្សរណៈយោគយល់គ្នា ឬ MOU44 ដែលលោក ថាក់ស៊ីន និងលោក ហ៊ុន សែន បានបង្កើតឡើងក្នុងឆ្នាំ២០០១ ដើម្បីរុករកប្រេងរួមគ្នានៅតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដោយអ្នកជាតិនិយមថៃអះអាងថា MOUនោះអាចធ្វើឱ្យប្រទេសថៃបាត់បង់កោះគជ់ទៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។