តុលាការបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនក្រុមមាតាធម្មជាតិ

កម្ពុជា
18/02/2025 – 11:18
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

ដោយគ្មានការភ្ញាក់ផ្អើល តុលាការក្រុងភ្នំពេញ បានបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិចំនួន៥រូប ខណៈដែលសំណុំរឿងកំពុងស្ថិតនៅដំណាក់កាលបណ្ដឹងឧទ្ធរណ៍។ តុលាការបានសម្រេចបដិសេធសំណើរបស់សកម្មជននៃចលនាមាតាធម្មជាតិ នៅក្នុងសវនាការជំនុំជម្រះក្ដី កាលពីថ្ងៃទីចន្ទទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

តុលាការបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនក្រុមមាតាធម្មជាតិ


សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិទាំង៥រូប រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ លោក ថុន រដ្ឋា និងលោកយឹម លាងហ៊ី ត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅកាន់ពន្ធនាគារវិញភ្លាមៗ កាលពីថ្ងៃចន្ទ បន្ទាប់ពីតុលាការក្រុងភ្នំពេញសម្រេចបដិសេធសំណើនៅក្រៅឃុំរបស់ពួកគេ។ សកម្មជនបរិស្ថានខាងលើដាក់ពាក្យស្នើសុំនៅក្រៅឃុំ ព្រោះសំណុំរឿងរបស់ពួកគេកំពុងស្ថិតនៅដំណាក់កាលបណ្ដឹងឧទ្ធរណ៍។

លោក សំ ចំរើន សហមេធាវីការពារក្ដីឱ្យសកម្មជនបរិស្ថានទាំង៥រូបបានឱ្យដឹងថា លោកមិនទាន់ច្បាស់ពីមូលហេតុដែលធ្វើឲ្យតុលាការក្រុងភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនទាំង៥រូបនោះទេ និងថា លោកកំពុងរង់ចាំលិខិតបញ្ជាក់ពីតុលាការ។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ក្រុងភ្នំពេញបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១៨ កុម្ភៈនេះយ៉ាងខ្លីថា តុលាការសម្រេចមិនឱ្យសកម្មជនទាំង៥រូបនេះនៅក្រៅឃុំបណ្តោះអាសន្ន ក៏ដោយសារតែចង់ធានាថា ជនជាប់ចោទទាំងនេះនឹងមានវត្តមានក្នុងសវនាការ នៅខែមីនាខាងមុខនេះ។

ក្រុមមាតាធម្មជាតិវិញបានលើកឡើងក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ដោយបដិសេធសំណើនៅក្រៅឃុំរបស់ពួកគេ តុលាការបានយកច្បាប់មកគាបសង្កត់សកម្មជនការពារបរិស្ថាន។ ក្រុមមាតាធម្មជាតិចាត់ទុកការបដិសេធរបស់តុលាការថា ជាកញ្ចក់ឆ្លុះបញ្ចាំងថា រដ្ឋាភិបាលមិនហ៊ានប្រឈមមុខនឹងការពិត ប្រឈមនឹងអ្វីដែលក្រុមខ្លួនបានធ្វើកន្លងមករហូតដល់ពេលបច្ចុប្បន្ន។

តុលាការបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនក្រុមមាតាធម្មជាតិ
តុលាការបដិសេធសំណើនៅក្រៅឃុំរបស់សកម្មជនក្រុមមាតាធម្មជាតិ © លីកាដូ

គួររំឮកជូនថា សកម្មជនទាំង៥រូបនៃក្រុមមាតាធម្មជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ឆ្នាំ ទៅ៨ឆ្នាំពីបទ “រួមគំនិតក្បត់” និង “ប្រមាថចំពោះអង្គព្រះមហាក្សត្រ”។ ពួកគេទាំង៥រូបត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅដាក់នៅពន្ធនាគារផ្សេងៗពីគ្នា។ លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងថ្លុង កញ្ញា ភួន កែវ រស្មី ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ លោក លី ចាន់ដារ៉ាវុធ ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្ដាល។ ចំណែក កញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ និង លោក យីម លាងហ៊ី ត្រូវជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។

អង្គការសិទ្ធិមនុស្សលីកាដូ ចាត់ទុកសកម្មជនទាំង៥នាក់នេះថាជា “អ្នកទោសដោយប្រើសិទ្ធិ” ព្រោះពួកគេបានជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបញ្ចេញមតិ។ ភាពសកម្មនិយម បានធ្វើឲ្យពួកគេរងការចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ ចំពោះអ្នកទោសដោយប្រើសិទ្ធ អង្គការលីកាដូ រួមជាមួយក្រុមអ្នកសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលផ្សេងទៀត បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងលើកចោលបទចោទប្រកាន់ដែលមានមកលើអ្នកទាំងនោះ ក៏ដូចជាអនុញ្ញាតឱ្យពួកគេបន្តភាពសកម្មនិយមរបស់ខ្លួន ដើម្បីឱ្យសិទ្ធិសេរីភាពនៅកម្ពុជាកាន់តែប្រសើរឡើង៕

What Next?

Recent Articles