កម្ពុជា
18/02/2025 – 11:37
ដោយ៖ ឡាក់ ច័ន្ទតារា
RFI
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៥នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៤កុម្ភៈ។ យោងតាមស្នងការនគរបាលក្រុងភ្នំពេញ ប៉ូលីសបានបង្ក្រាបជនសង្ស័យទាំងនេះភ្លាមៗ នៅក្រោយមានការបាញ់បោះ ដោយប្រើកាំភ្លើង AK នៅបរិវេណមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។
ប៉ូលីសក្រុងភ្នំពេញបង្ហាញមុខជនសង្ស័យជនជាតិចិនដែលកាន់កាំភ្លើងគ្មានច្បាប់អនុញ្ញាត
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្រោយថ្ងៃកើតហេតុ ជនសង្ស័យជនជាតិចិនបានរត់គេចខ្លួនពីក្រុងភ្នំពេញ ទៅដល់ប៉ោយប៉ែត។ ប៉ុន្តែ កម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌបានសហការជាមួយស្នងការនគរបាល តាមបណ្ដាខេត្តពាក់ព័ន្ធ រហូតចាប់បានជនសង្ស័យ៤នាក់ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមអ្នកនាំពាក្យខាងលើ ជនសង្ស័យទាំង៥នាក់បានប្រើកាំភ្លើង AK បាញ់ប្រហារគ្នានៅក្រុងភ្នំពេញ ក៏ដោយសារជម្លោះកើតមាន នៅកន្លែងផឹកស៊ី។

បន្ទាប់ពីបង្ហាញមុខជនសង្ស័យជាតិចិនទាំង៥នាក់ សមត្ថកិច្ចបានបញ្ជូនខ្លួនពួកគេទៅកាន់តុលាការ នៅក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងកាន់កាប់ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។ តាមការបញ្ជាក់ពីលោក សំ វិច្ឆិកា ក្នុងឆ្នាំ២០២៤ នៅក្រុងភ្នំពេញ អាជ្ញាធរបានបង្រ្កាបបទល្មើសព្រហ្មទណ្ឌចំនួន៤៤៩ករណី និងឃាត់ខ្លួនជនសង្ស័យ៦៤៨នាក់៕