ដោយ ទីន ហ្សាការីយ៉ា
2025.02.19
RFA

(ពីឆ្វេងទៅស្ដាំ) លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ជាសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលអាជ្ញាធរចាប់ឃុំរហូតមកដល់សព្វថ្ងៃ ក្រោយពេលបង្ហោះសារតាមបណ្ដាញសង្គម រិះគន់គម្រោង CLV-DTA។រូប៖ ហ្វេសប៊ុក
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងលើកពេលសវនាការទៅវិញលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ ការលើកពេលសវនាការនេះ គឺក្រោយអវត្តមានមេធាវី ខណៈដែលគ្រួសារ និងសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ព្រោះសកម្មភាព ដែលពួកគាត់ធ្វើកន្លងមក ជាការបញ្ចេញមតិ និងការបារម្ភពីទឹកដី។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ បានលើកពេលសវនាការកាលលើសំណុំរឿង ព្រហ្មទណ្ឌចំនួន២ ក្នុងចំណោម ៥សំណុំរឿង ដែលមានជនជាប់ចោទ ៣៧នាក់ ពាក់ព័ន្ធនឹងសំណុំរឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។
ចៅក្រមជំនុំជម្រះលោក ញឹម ពិសាល បានសម្រេចឱ្យជនជាប់ចោទលើសំណុំរឿងទីមួយ រួមមាន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ និងសំណុំរឿងទីពីរមានអតីតព្រះចៅអធិការវត្តច្បារអំពៅ លោក ហោ សុខុន លោកស្រី សែម សុផល លោក ញឹម សារុំ និងលោកស្រី ហ៊ូ រុនអេង ឱ្យត្រឡប់ទៅពន្ធនាគារវិញ។ ចៅក្រមជំនុំជម្រះ លោក ញឹម ពិសាល ថា ការសម្រេចលើកពេលសវនាការនេះ ធ្វើឡើងតាមការស្នើសុំរបស់មេធាវីរបស់ពួកគេ ដែលមិនចង់ឱ្យមានការបំបែកសំណុំរឿង។
ទោះជាយ៉ាងណាក្ដី នៅក្នុងសវនាការនេះ លោក សាន សិទ្ធ បានចោទជាសំណួរទៅកាន់ចៅក្រមថាការចោទប្រកាន់លោកពីបទញុះញង់ គឺដោយសារតែលោក និងសកម្មជនផ្សេងទៀតបានបញ្ចេញមតិក្នុងវីដេអូលើបណ្ដាញសង្គម ឬយ៉ាងណា? ដោយឡែក លោក ស្រ៊ុន ស្រ៊ន ក៏បានចោទសួរដែរថា ប្រសិនបើតុលាការរកមិនឃើញកំហុសរបស់លោក តើតុលាការនឹងដោះស្រាយបែបណាចំពោះការឃុំខ្លួនលោកជាងកន្លះឆ្នាំមកនេះ។ ទោះជាយ៉ាងណា ចៅក្រម លោក ញឹម ពិសាលថា ការបកស្រាយនូវសំណួរទាំងនេះនឹងធ្វើឡើងនាពេលសវនាការលើកក្រោយ។
ក្នុងសវនាការនេះ គេឃើញមានសាច់ញាតិ អ្នកគាំទ្រសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមន្ត្រីសិទ្ធិមនុស្សជាង ៦០នាក់ បានចូលរួមឃ្លាំមើល និងលើកទឹកចិត្ត។
សហមេធាវីការពារក្ដី បណ្ឌិត សឺន ជុំជួន លើកឡើងថា ការលើកពេលរបស់សាលាដំបូង គឺជារឿងល្អ ខណៈដែលលោកបានដាក់ពាក្យស្នើសុំទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញរួចរាល់ហើយ ដើម្បីជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំមុន ដែលបានបំបែកសំណុំរឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ទៅជា ៥សំណុំរឿង។ លោកថា ករណីនេះកើតឡើងដោយអង្គហេតុតែមួយ ដូច្នេះ តុលាការគួរសម្រេចសេចក្ដីលើជនជាប់ចោទរួមគ្នា។
បណ្ឌិត សឺន ជុំជួន៖ «ការដែលសម្រេចចេញសាលក្រមបំបែកសំណុំរឿង គឺយើងព្រមទាំងកូនក្ដីហ្នឹង គឺមិនសុខចិត្តនឹងសាលក្រមទេ អ៊ីចឹងបានយើងប្ដឹងឧទ្ធរណ៍ៗ នឹងដំណើរការនីតិវិធីដំណើរការក្នុងពេលឆាប់ៗ ខាងមុខនេះ គឺថ្ងៃទី២៥ ខែកុម្ភៈនេះ។ អ៊ីចឹងទៅ គឺជារឿងសម្រេចសេចក្ដីមួយរបស់តុលាការហ្នឹង គឺជារឿងផ្អែកទៅតាមពាក្យស្នើសុំបង្អង់នីតិវិធីរបស់មេធាវី»។
ជុំវិញករណីនេះពលរដ្ឋដែលសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកពីខេត្តបាត់ដំបង លោកស្រី ទុំ លីដា លើកឡើងថា ការចោទប្រកាន់ និងការឃុំខ្លួនមកលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើឡើងមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះទេ ដោយសារតែសកម្មភាព ដែលពួកគាត់បានធ្វើ គឺជាការបញ្ចេញមតិស្របទៅហ្នឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោកស្រី ទុំ លីដា៖ «ខ្ញុំយល់ថា ឃើញថា គឺជាការប្រជាពលរដ្ឋមានសិទ្ធិខ្វល់ខ្វាយពីរឿងអធិបតេយ្យ ទឹកដីរបស់ខ្លួន ប្រទេសរបស់ខ្លួន គឺជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ហើយគាត់លើកឡើងហ្នឹងមានគុណវិបត្តិ មានគុណវិបត្តិ និងដំណោះស្រាយ ជាសិទ្ធិរបស់ពលរដ្ឋមានចែងនៅក្នុងច្បាប់»។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា សកម្មភាពដែលសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀត បានធ្វើនាពេលកន្លងទៅ គឺជាការបញ្ចេញមតិក្នុងនាមជាពលរដ្ឋ ដែលបារម្ភអំពីទឹកដីប៉ុណ្ណោះ។ លោកថា សង្គមស៊ីវិលនៅតែទទូចដល់រដ្ឋាភិបាលទម្លាក់ការចោទប្រកាន់ និងដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ។
លោក យី សុខសាន្ត៖ «ខ្ញុំគិតថា វាជារឿងអយុត្តិធម៌ ដោយសារថា នៅប្រទេសកម្ពុជាយើងកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយសេរីភាពនៃការបញ្ចេញមតិ គឺជាកញ្ចក់ឆ្លុះបញ្ចាំ នៃសង្គម ហើយរដ្ឋាភិបាលត្រូវតែយកការស្នើសុំ ឬការបញ្ចេញមតិរបស់ពលរដ្ឋយកទៅពិចារណា»។
អត្ថបទដែលទាក់ទង៖
តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សម្ភាសន៍អ្នកស្រី ពុង ឈីវកេក អំពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ បានធ្វើវីដេអូមួយនៅមុនការចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា ថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងដាក់ខេត្តចំនួន៤ របស់កម្ពុជាទៅក្នុងគម្រោង CLV នឹងអាចធ្វើឱ្យយកកម្ពុជាបាត់បង់ទឹកដីឱ្យទៅវៀតណាមគ្រប់គ្រង ពីព្រោះពលរដ្ឋកម្ពុជា ដែលរស់នៅចំនួន ៤ខេត្តនេះ មានតិចជាងជនជាតិវៀតណាម។
អ្នកឃ្លាំមើលទទូចដល់តុលាការ និងរដ្ឋាភិបាលឱ្យដោះលែងសកម្មជនទាំងអស់នេះ ឱ្យមានសេរីភាពវិញ ពីព្រោះពួកគេថា រដ្ឋាភិបាល និងសភា បានសម្រេចអនុម័តដកកម្ពុជា ចេញពីគម្រោង CLV រួចហើយ តុលាការមិនគួរនៅបន្តឃុំឃាំងពួកគេ ទាក់ទងនឹងបញ្ហានេះទៀតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។