លីកាដូ ថាការកើនឡើងនៃចំនួនអ្នកជាប់ឃុំបង្កការចង្អៀតក្នុងពន្ធនាគារកម្ពុជា

កម្ពុជា
19/02/2025 – 11:03
ដោយ៖ សឹម ចាន់សំណាង
RFI

អង្គការលីកាដូ បង្ហាញថា ពន្ធនាគារក្នុងប្រទេសកម្ពុជាមានភាពចង្អៀតណែន ដោយសារតែការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ចំនួន​អ្នកជាប់ឃុំ​​។ តាមអង្គការលីកាដូ បច្ចុប្បន្ននេះ ពន្ធ​នាគា​រ​ ខេត្ត​កណ្តាល​ ​គឺជា​ពន្ធ​នាគា​រដែ​ល​មាន​ភាព​ចង្អៀត​ណែន​ជាងគេ​ ​ដោយ​ដាក់​ជន​ជាប់ឃុំ​ជាង​ ​៣​​៩​០​០​ ​នាក់​ ​ ​ដែល​ធ្វើ​ឱ្យ​ពន្ធ​នាគា​រ​នេះ​មាន​អាត្រា​​ជន​ជាប់ឃុំ​ដល់ទៅ​​ជាង​​៦​៥​០​ភាគរយ។

លីកាដូ ថាការកើនឡើងនៃចំនួនអ្នកជាប់ឃុំបង្កការចង្អៀតក្នុងពន្ធនាគារកម្ពុជា


នៅក្នុងរបាយការណ៍ ចេញផ្សាយថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥ អង្គការសិទ្ធិមនុស្សលីកាដូ បង្ហាញថា រយៈពេលជាង១៥ឆ្នាំមកនេះ ស្ថានភាពពន្ធនាគារនៅកម្ពុជានៅតែបន្តមានភាពចង្អៀត និង​កង្វះ​ធនធាន​។ បើតាមលីកាដូ ​​ពន្ធ​នាគា​រ​ជាច្រើន​កន្លែង​មាន​ដាក់​ជន​ជាប់ឃុំ​ចំនួន​ ​១​៧​៥​ភាគរយ ដែលជាចំនួនលើស​សមត្ថភាព​ដែល​ពន្ធ​នាគា​រអា​ច​ដាក់អ្នកជាប់ឃុំ​បាន​។ ចំពោះអង្គការ​លី​កា​ដូ ​ប្រសិនបើ​ចំនួន​អ្នកជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​នៅតែ​រក្សា​អត្រា​កំណើន​បែប​នេះ​ ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​ពន្ធ​នាគា​រ​មាន​ភាព​ចង្អៀត​ណែន​បំផុត​នៅ​ក្នុង​ពិភពលោក​​​។

គួរជ្រាបថា បើតាមរបាយការណ៍អង្គការលីកាដូគិតត្រឹមចុងឆ្នាំ២០២៤ ​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ក្នុងចំណោម​ពន្ធ​នាគា​រទាំង​ ​១​៩​ ​កន្លែង​​ ​បាន​ដាក់​ជន​ជាប់ឃុំ​លើស​ពី​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ក្នុង​នោះ​មាន​ពន្ធ​នាគា​រ​ចំនួន​ ​១​១​ ​កន្លែង​ ​ដាក់​ជន​ជាប់ឃុំ​យ៉ាងតិច​ចំនួន​ ​២​០​០​% ​នៃ​សមត្ថភាព​ដែល​អាច​ដាក់​បាន​។​ ដោយឡែក ទិន្នន័យ​សង្ខេប​នៃរបាយកាណ៍​ពន្ធ​នាគា​រ​ក្នុង​ពិភពលោក​ (​World​ ​Prison​ ​Brief​) ​របស់​វិទ្យាស្ថាន​សម្រាប់​ការស្រាវជ្រាវ​គោល​នយោបាយ​យុត្តិធម៌​ ​និង​បទល្មើស​ ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ ​ជា​ប្រទេស​ដែល​មាន​ពន្ធ​នាគា​រ​មាន​ស្ថានភាព​ចង្អៀត​ណែន​ជាងគេ​បំផុត​ទីពីរ​​ក្នុង​ពិភពលោក​ ​តាំងពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣មក​ម្ល៉េះ​​។​

សម្រាប់កម្ពុជា លីកាដូ បានយក​ករណី​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​គឺជា​ពន្ធ​នាគា​រដែ​ល​មាន​ភាព​ចង្អៀត​ណែន​ជាងគេ​ ​ដោយ​បានដាក់​ជន​ជាប់ឃុំ​ជាង​ ៣​៩​០​០​នាក់​ ខណៈ​ទំហំ​ពន្ធ​នាគា​រ​អាច​ដាក់​បាន​ត្រឹមតែ​ ​៦​០​០​ ​នាក់​ប៉ុណ្ណោះ។ បើតាមលីកាដូ ភាពណែនចង្អៀតក្នុងពន្ធនាគារ គឺបណ្តាលមកពីការឃុំ​ខ្លួនបណ្តោះអាសន្ន​រង់ចាំ​សវនាការ​របស់ជនជាប់ចោទ ​ឬ ជនជាប់ចោទដែល​កំពុង​រង់ចាំ​សាលក្រម​ចុងក្រោយ​។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៩ កុម្ភៈនេះថា កន្លងទៅអគ្គនាយកដ្ឋានពន្ធនាគារគឺបានអនុញ្ញាតឲ្យអង្គការលីកាដូ ចុះទៅតាមពន្ធនាគារគោលដៅមួយចំនួន​ដែលផ្តោតលើបញ្ហាស្មារតីផ្នែកច្បាប់ និងសុខភាពប៉ុណ្ណោះ ដោយពុំមានការអនុញ្ញាតឲ្យត្រួតពិនិត្យសមត្ថភាពផ្ទុករបស់ពន្ធនាគារនោះទេ។ ដោយឡែកចំពោះការលើកឡើងថា ពន្ធនាគារខេត្តកណ្តាល គឺជាពន្ធនាគារដែលមានភាពចង្អៀតណែនជាងគេត្រូវបានលោក ឃៀង សុណាឌីន ចាត់ទុកថា គឺទិន្នន័យមិនពិត ពោលជាចំនួនអ្នកជាប់ឃុំតាំងពីប្រមាណ៥ឆ្នាំ មុនការពង្រីកហេដ្ឋារចនាសម័្ពន្ធនៅទីនោះ។

© អគ្គនាយកដ្ឋានពន្ធនាគារ

ដើម្បីដោះស្រាយបញ្ហាភាពចង្អៀនណែនក្នុងពន្ធនាគារ លីកាដូ លើកឡើងថា គួរក​ម្រិ​ត​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​ ​ដូច​មាន​ចែង​ក្នុង​ច្បាប់​។ ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​រស់នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ដោយ​ធានា​ថា​គ្រប់​ជន​ជាប់ឃុំ​ទាំងអស់​ទទួល​បាន​នូវ​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​សេវា​ថែទាំ​សុខភាព​ ​ការ​សួរសុខទុក្ខ​ពី​គ្រួសារ​ ​និង​ឱកាស​អភិវឌ្ឍ​ន៍ខ្លួន​ទៅតាម​អាយុ​របស់​ជន​ជាប់ឃុំ​ ធានា​ថា​ពន្ធ​នាគា​រ​ទូទាំង​ប្រទេស​គោរព​តាម​​បទដ្ឋាន​អប្បបរមា​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ដាក់​អ្នកទោស​ ​និង​វិធាន​របស់​អង្គការសហប្រជាជាតិ​ចំពោះ​វិធានការ​ឃុំ​ខ្លួន​ ​និង​វិធានការ​មិន​ឃុំ​ខ្លួន​សម្រាប់​អ្នកទោស​ជា​ស្ត្រី ​ដើម្បី​លើកកម្ពស់​សេចក្តីថ្លៃថ្នូរ​ ​សុវត្ថិភាព​ ​និង​សុខុមាលភាព​របស់​ជន​ដែល​ត្រូវ​បាន​តុលាការ​ដកហូត​សិទិ្ធ​សេរីភាព​ដោយសារ​ប្រព្រឹត្ត​បទល្មើស​៕

What Next?

Recent Articles