សវនាការលើសំណុំរឿងលោក ស្រ៊ុន ស្រ៊ន ត្រូវពន្យារពេលដោយសារមេធាវីប្តឹងជំទាស់

កម្ពុជា
កម្ពុជា-សង្គម
19/02/2025 – 10:49
ដោយ៖ ជួប នរក្សា
RFI

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកសវនាការជំនុំជម្រះសំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀត។ ក៏ប៉ុន្តែសវនាការនេះត្រូវពន្យារពេលភ្លាមៗ ដោយសារមេធាវីការពារក្តីលោក ស្រ៊ុន ស្រ៊ន ប្តឹងជំទាស់ ព្រោះមិនទាន់ទទួលបានការសម្រេចណាមួយពីសាលាឧទ្ធរណ៍ទាក់ទងទៅនឹងការប្តឹងពុះញែកសំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀតទៅជា៥សំណុំរឿង។

សវនាការលើសំណុំរឿងលោក ស្រ៊ុន ស្រ៊ន ត្រូវពន្យារពេលដោយសារមេធាវីប្តឹងជំទាស់


ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃពុធទី១៩ ខែកុម្ភៈនេះ លោក ស៊ឺន ជុំជួន មេធាវីការពារក្តីលោក ស្រ៊ុន ស្រ៊ន បានឲ្យដឹងថា សវនាការលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀត ត្រូវពន្យារពេលដោយគ្មានការកំណត់ច្បាស់លាស់នៅឡើយ។ ការពន្យារពេលដោយសារតែការប្តឹងជំទាស់របស់មេធាវី ដ្បិតសំណុំរឿងលោកស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀត មានភាពស្មុគស្មាញរហូតដល់ត្រូវពុះញែកសំណុំរឿង។

បើតាមលោក ស៊ឺន ជុំជួន សវនាការនៅសាលាដំបូងរាជធានីភ្នំពេញអាចធ្វើទៅបាន ល្គឹកណាសាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះការប្តឹងរបស់មេធាវីចំពោះការពុះញែកសុំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀតទៅជា៥សុំណុំរឿង ជាមុនសិន។ លោកថា សាលាឧទ្ធរណ៍នឹងបើកការជំនុំជម្រះតាមបណ្តឹងមេធាវីការពារក្តីនៅថ្ងៃទី២៥កុម្ភៈខាងមុខ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូយល់ថា​ ការពន្យារពេលសវនាការលោក ស្រ៊ុន ស្រ៊ន និងសកម្មជនផ្សេងទៀតពេលនេះ បានប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។ ពោលគឺក្នុងនាមជាជនជាប់ចោទ ពួកគេមានសិទ្ធិទទួលបានការជំនុំជម្រះដ៏ឆាប់រហ័ស ដើម្បីដឹងថាខ្លួនមានទោសឬក៏គ្មាន។

គួរឲ្យដឹងថា លោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាផ្សេងទៀត ដូចជាកញ្ញា ភឹង​ សោភា លោក សាន សិទ្ធ ត្រូវអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៣កក្កដា ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃការបញ្ចូលខេត្តចំនួន៤ របស់ខ្មែរទៅក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាម និងឡាវ (CLV) នៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្លួនលើទំព័រហ្វេសប៊ុកឈ្មោះ «សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា» និងគណនីហ្វេសប៊ុក «Sron Sron»

លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា
លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា © Srun Srorn

នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញក៏បានបើកសវនាការលើកដំបូងលើលោក ស្រ៊ុន ស្រ៊ន និងសកម្មជន២៣តុលាមួយចំនួនទៀត។ តែដោយសារសំណុំរឿងមានអ្នកពាក់ព័ន្ធរហូតដល់៣៧នាក់ ទើបតុលាការពេលនោះសម្រេចពុះញែកសំណុំរឿងលោក ស្រ៊ុន ស្រ៊ន និងអ្នកដទៃទៀត ទៅជា៥សំណុំរឿងផ្សេងៗគ្នា។

មេធាវីការពារក្តីលោកស្រ៊ុន ស្រ៊ន បានចាត់ទុកការសម្រេចពុះញែកសំណុំរឿងនេះ ថា​ជាការពន្យារពេលដែលប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិកូនក្តីរបស់ខ្លួន៕

What Next?

Recent Articles