ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទៅជួបមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ដើម្បីរឹតចំណងមិត្តភាព

កម្ពុជា
22/02/2025 – 09:49
ដោយ៖ សាំ ឧត្តម
RFI

យោងតាមការចុះផ្សាយដោយសារព័ត៌មានវៀតណាមនៅថ្ងៃទី២១ ខែកុម្ភៈ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមនឹងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួន បានទៅជួបប្រជុំការងារកម្រិតខ្ពស់មួយជាមួយបក្សកុម្មុយនីស្តវៀតណាមក្នុងទីក្រុងហូជីមិញ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែស៊ីជម្រៅថែមទៀត និងគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ មិនថា វិស័យនយោបាយ និងកិច្ចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មន្ត្រីបក្សប្រឆាំងចាត់ទុក ជំនួបកំពូលរវាងបក្សទាំងពីរថា ជារឿងគួរឱ្យសង្ស័យ បន្ទាប់ពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើដំណើរយ៉ាងស្ងាត់ៗទៅប្រទេសវៀតណាម។

ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាទៅជួបមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម ដើម្បីរឹតចំណងមិត្តភាព


កាសែតវៀតណាម Vietnam Plus បានរាយការណ៍ថា លោកតូ ឡឹម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម បានរៀបចំជំនួបកំពូលមួយជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃសុក្រទី ២១កុម្ភៈ ក្នុងគោលបំណងរឹតបណ្តឹងចំណងមិត្តភាពរវាងគណបក្ស។ យោងតាមសារព័ត៌មានវៀតណាមដដែល នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ដែលប្រទេសទាំងពីរតែងធ្វើឡើងជារៀងរាល់ឆ្នាំ ភាគីកម្ពុជានិងវៀតណាមបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ ពិសេសប្តេជ្ញារួមគ្នារឹតបណ្តឹងចំណងមិត្តដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងតំបន់ និងនៅលើពិភពលោក។

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ត វៀតណាមបានឯកភាពគ្នាដើម្បីពង្រឹងទំនាក់ទំនងផ្នែកនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍។ ជាការកត់សម្គាល់ គិតត្រឹមរសៀលថ្ងៃទី២២ ខែកុម្ភៈ ទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាពុំមានការបង្ហោះផ្សាយពីជំនួបជាមួយបក្សកុម្មុយនីស្តវៀតណាមឡើយ។ ក៏ប៉ុន្តែសារព័ត៌មានវៀតណាមបានចុះផ្សាយថា ជំនួបកំពូលកាលថ្ងៃទី២១ ខែកុម្ភៈ មានការចូលរួមពីលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន ម៉ាណែត ជាអនុប្រធានបក្ស និងជានាយករដ្ឋមន្ត្រី លោក ស ខេង អនុប្រធានបក្ស លោក ទៀ បាញ់ អនុប្រធានបក្ស លោកស្រី ម៉ែន សំអន អនុប្រធានបក្ស លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងៗទៀត។

លោក អ៊ំ សំអាន មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចាត់ទុកជំនួបកន្លងទៅនេះថា ជាការបម្រើផលប្រយោជន៍នយោបាយវៀតណាមជាជាងផលប្រយោជន៍របស់ខ្មែរ។ លោកបន្តថា វៀតណាមទំនងជាដាក់ផែនការឱ្យបក្សប្រជាជនកម្ពុជាអនុវត្តបន្តនូវយុទ្ធសាស្ត្រដំណើរឆ្ពោះទៅទិសខាងលិចរបស់លោកហូជីមិញ និងថាជំនួបរវាងបក្សទាំងពីរនេះតែងធ្វើឡើងជារៀងរាល់ឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំអន្តរជាតិ RFI លោក អ៊ំ សំអានពន្យល់ថា កម្ពុជាមិនអាចទៅណាផុតពីនឹមវៀតណាមបានឡើយ ទោះបីកម្ពុជាខំងាកទៅរកចិនយ៉ាងណាក៏ដោយ។ មិនអាចទៅរួចដ្បិតថា វៀតណាមជាអ្នកបង្គាប់បញ្ជាពីក្រោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​(ខាងឆ្វេង) លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម(ខាងស្តាំ)
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា​(ខាងឆ្វេង) លោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម(ខាងស្តាំ) © Vietnam Plus

ជាការឆ្លើយតបជុំវិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈថា គណបក្សប្រជាជនគ្មានអ្វីត្រូវលាក់បាំងទាល់តែសោះ ពីព្រោះថា កិច្ចប្រជុំនេះគ្មានគោលដៅអ្វី ក្រៅតែពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនោះទេ។ បន្ថែមពីនេះ លោក សុខ ឥសានថា គណបក្សប្រជាជនកម្ពុជាក៏គ្មានភាពចាំបាច់ណាមួយក្នុងការរាយការណ៍ជូនក្រុមប្រឆាំងឱ្យដឹងគ្រប់ពេលនោះដែរ។ បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជា និងវៀតណាម គឺជាមិត្តភក្តិដ៏ល្អដែលចេះជួយគ្នាទៅវិញទៅមក៕

What Next?

Recent Articles