ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ

កម្ពុជា
23/02/2025 – 09:31
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អ្នក​នាំ​ពាក្យ​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ ​នៅថ្ងៃ​ទី​២២​ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ​បាន​ចេញ​មុខ​សុំការ​យោគ​យល់ ​និង​អធ្យា​ស្រ័យ​ ចំពោះ​ករណី​ដែល​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សណ្តាន់ ​បាន​កោះហៅ​ប្រជាពល​រដ្ឋ​ម្នាក់​ឲ្យទៅ​ធ្វើ​កិច្ច​សន្យា​ផ្តិត​មេ​ដៃ ​ឈប់​ចូល​ទៅ​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នង​ការ​ដ្ឋាន​នគ​របាល​ខេត្ត​កំពង់ធំ​។​ ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ធំ ​ចេញ​មក​បក​ស្រាយ​យ៉ាង​ដូច្នេះ ​នៅបន្ទាប់​ពី​ផ្ទុះមាន​ប្រតិកម្ម​រិះគន់​សមត្ថ​កិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល ស្រុក​សណ្តាន់ ដែល​បាន​ហៅ​ឈ្មោះ សឿង សុភ័ក្រ មក​ធ្វើ​កិច្ច​សន្យា​ខាង​លើ​។

ផ្ទុះប្រតិកម្មព្រោងព្រាត ក្រោយពីអធិការដ្ឋាននគរបាលស្រុកសណ្តាន់កោះហៅពលរដ្ឋឲ្យផ្តិតមេដៃឈប់បញ្ចេញមតិ


ការចេញមុខសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំពោះកំហុសឆ្គងរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ធ្វើឡើង បន្ទាប់ពីមានប្រតិកម្មព្រោងព្រាតនៅតាមបណ្តាញសង្គមនាប៉ុន្មានថ្ងៃជាប់គ្នាមកនេះ។ អ្នកប្រើប្រាស់អ៊ីនធ័រនែតបានប្រតិកម្មទៅនឹងទង្វើរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ ដែលបានកោះហៅប្រជាពលរដ្ឋម្នាក់ ឲ្យទៅធ្វើកិច្ចសន្យាផ្តិតមេដៃ ឈប់ចូលទៅបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំតទៅទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ពលរដ្ឋឈ្មោះ សឿង សុភ័ក្រ រស់នៅឃុំមានរិទ្ធ ស្រុកសណ្តាន់ បានចូលទៅបញ្ចេញមតិ ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយសួរនាំពីការយឺតយ៉ាវនៃការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ បន្ទាប់ពីរូបគេបានដាក់ពាក្យស្នើសុំធ្វើ តាំងពីខែវិច្ចិកាឆ្នាំ២០២៤។ ប៉ុន្តែ នៅក្នុងសេចក្តីបំភ្លឺ អធិការដ្ឋាននគរបាលស្រុកសណ្តាន់បានអះអាងថា ការយឺតយ៉ាវនេះដោយសារតែសាមីខ្លួននៅខ្វះឯកសារសំបុត្រអាពាហ៌ពិពាហ៌។

ចំណាត់ការរបស់អធិការដ្ឋាននគរបាលសណ្តាន់ ដែលហៅពលរដ្ឋខាងលើ ឲ្យទៅធ្វើកិច្ចសន្យាឈប់បញ្ចេញមតិនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបណ្តាលឲ្យមានប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គ ដោយពួកគេចាត់ទុកថា ជាការបំបិទសិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។

ការប្រជុំជួររបស់នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់
ការប្រជុំជួររបស់នគរបាលនៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់ © អធិការដ្ឋាននគរបាលស្រុកសណ្តាន់

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ទង្វើរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ គឺជាកំហុសខុសឆ្គងរបស់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋ។ ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមរយៈអ្នកនាំពាក្យសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការធ្វេសប្រហែសរបស់អធិការដ្ឋាននគរបាល ស្រុកសណ្តាន់ ក្នុងការអនុវត្តការងាររបស់ខ្លួន៕

What Next?

Recent Articles