ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកជួបជុំគ្នានៅអូស្ត្រាលីដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហារបស់កម្ពុជា

កម្ពុជា
23/02/2025 – 10:11
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ដូច​ការ​គ្រោង​ទុក ការ​ជួប​ជុំ​គ្នា​របស់​ពល​រដ្ឋ​ខ្មែរ​មក​ពី​ជុំវិញ​ពិភព​លោក​បាន​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃ​អាទិត្យ​ទី​ ២៣​កុម្ភៈ ​នៅ​ឯ​ប្រទេស​អូស្ត្រាលី​។​ គឺ​ជា​ការ​ជួប​ជុំ​សំដែង​មតិ ​នៅក្រោម​ឈ្មោះថា​ «សមាជ​ពលរដ្ឋ​ខ្មែរ​អូស្រ្តាលី ​នូវែល​សេឡង់ ស្តីពី​ដំណោះ​ស្រាយ​បញ្ហា​កម្ពុជា»​ ពិសេស​ទាក់​ទង​នឹង​បញ្ហា​កោះគុត​ជាមួយ​ប្រទេស​ថៃ ​និង​ទាម​ទារ​រក​យុត្តិ​ធម៌​ ជូន​ លោក លិម គិមយ៉ា​។

ពលរដ្ឋខ្មែរមកពីជុំវិញពិភពលោកជួបជុំគ្នានៅអូស្ត្រាលីដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ហារបស់កម្ពុជា


ព្រឹត្តិ​ការណ៍​ជួប​ជុំ​ប្រជា​ពលរដ្ឋខ្មែរ​មក​ពី​ជុំវិញ​ពិភព​លោក​ រៀប​ចំ​ឡើង​ដោយ​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិប​តេយ្យ និង​សហគមន៍​ខ្មែរ​ប្រចាំ​អូស្ត្រាលី​។​ ការ​ជួប​ជុំគ្នា​នៅក្នុង​សាល​សន្និសីទ​ដែល​មាន​មនុស្ស​ចូល​រួម​រាប់​រយ​នាក់​ ដឹក​នាំដោយ​ លោកស្រី មូរ សុខហួរ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជា​ធិប​តេយ្យ និង​លោក តាក់ ម៉េង ហ៊ាង តំណាង​រាស្ត្រខ្មែរ​នៅ​រដ្ឋ​វិច​តូរី​យ៉ា។​

គួរ​បញ្ជាក់​ដែរ​ថា ​តំណាង​រាស្ត្រ​សហព័ន្ធ​អូស្ត្រាលី នៃ​គណ​បក្ស​កាន់​អំណាច​នៅ​អូស្ត្រាលី ​លោក​ ជូលៀន ហ៊ីល និង​អ្នក​នយោបាយ​អូស្ត្រាលី​មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រៀប​ចំ​ឡើង​ដោយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ដែរ​។

ទាំង​អ្នក​នយោបាយ​ខ្មែរ និង អូស្ត្រាលី បានលើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា កម្ពុជា​កំពុង​មាន​បញ្ហា​ជាតិ​ធំៗ ​ដែលត្រូវ​ដោះស្រាយ​គឺ​បញ្ហា​បូរណភាព​ទឹក​ដី ​ដោយសំដៅ​ដល់​ករណី​ កោះគុត​ជាមួយ​ថៃ ​បញ្ហា​យុត្តិធម៌​សង្គម​ ដោយសំដៅ​ដល់​ករណី​ឃាតកម្ម លោក លិម គិមយ៉ា និង​បញ្ហា​សិទ្ធិ​មនុស្ស ​ប្រជាធិប​តេយ្យ​ដែល​កំពុង​ធ្លាក់​ចុះ​។

លើសពី​ការ​ជួប​ជុំ​សំដែង​មតិ​នៅ​ក្នុង​សាល​សន្និសីទ ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នានា​នៅលើ​ពិភព​លោក បាន​នាំគ្នា​ដើរ​ក្បួន​បាតុកម្ម ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ករណី​កោះគុត​ជា​មួយ​ថៃ ​ទៅតុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ (ICJ) ដោះលែង​អ្នក​ទោស​នយោបាយ​នៅកម្ពុជា ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​ផ្តល់យុត្តិធម៌​ជូន លោក លិម គិមយ៉ា។

សមាជពលរដ្ឋខ្មែរអូស្រ្តាលី នូវែលសេឡង់ ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា ថ្ងៃ២៣ កុម្ភៈ ២០២៥
សមាជពលរដ្ឋខ្មែរអូស្រ្តាលី នូវែលសេឡង់ ស្តីពីដំណោះស្រាយបញ្ហាកម្ពុជា ថ្ងៃ២៣ កុម្ភៈ ២០២៥ © KMD

លោក ប៉ែន បូណា ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា ទាក់​ទង​នឹង​ករណី​កោះគុត ​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​កម្ពុជា និង​ថៃ​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចា​គ្នានៅ​ឡើយ​។​ ចំណែក​ករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា សមត្ថ​កិច្ច​កម្ពុជា​បាន​សហការ​ចាប់​ជន​សង្ស័យ​ជា​ជន​ជាតិ​ថៃ​បញ្ជូន​ទៅ​ឲ្យ​សមត្ថ​កិច្ច​ថៃ​រួច​ហើយ​ដែរ​។​ ដោយ​ឡែក ទាក់ទង​នឹង​ការ​ទាម​ទារ​របស់​ក្រុម​បាតុករ​ខ្មែរ​នៅ​អូស្ត្រាលី ឲ្យ​ដោះលែង​អ្នក​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា​ លោក ប៉ែន បូណា បាន​អះអាងថា នៅ​កម្ពុជា​គ្មាន​អ្នក​នយោបាយ​ជាប់​ឃុំ​ឡើយ ​គឺមាន​តែ​អ្នក​នយោបាយ​ប្រព្រឹត្ត​កំហុស ហើយ​ជាប់​ទោស​។​ ដូច្នេះ មានតែ​តុលាការ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​សម្រេច​ក្នុង​រឿង​នេះ​៕

What Next?

Recent Articles