ដោយ យ៉ង ចាន់តារា
2025.02.23
RFA

ទិដ្ឋភាពក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) នៅខេត្តស្ទឹងត្រែង ថតពីលើអាកាស។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋជិត៣០០គ្រួសារឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងកំពុងប្រឈមនឹងការបណ្ដេញចេញពីដីលំនៅស្ថាន និងដីស្រែចម្ការ ក្រោយពីអាជ្ញាធរខេត្តនេះ បានប្រកាសដកហូតយកដីនោះ ទៅក្រុមហ៊ុនចិនធ្វើអាជីវកម្មរ៉ែធ្យូង។ សង្គមស៊ីវិលថា ការដកហូតយកដីរបស់ប្រជាពលរដ្ឋទៅឱ្យក្រុមហ៊ុនឯកជនដែលមិនបម្រើផលប្រយោជន៍សាធារណ: គឺជាអំពើខុសច្បាប់។
ប្រជាពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ពួកគាត់ចំនួន ២៧៩គ្រួសារ មិនដឹងទៅរស់នៅទីណា ក្រោយពីអាជ្ញាធរខេត្តនេះ សម្រេចបណ្ដេញពួកគាត់ចេញពីភូមិ ដោយរឹបអូសយកទាំងដីលំនៅស្ថាន និងដីស្រែចម្ការ ដែលពលរដ្ឋកំពុងអាស្រ័យផលដំណាំតាំងពីដូនតាទៅឱ្យក្រុមហ៊ុន។
ពលរដ្ឋរស់នៅឃុំតាឡាត ប្រាប់វិទ្យុអាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថា ទីតាំងដីរបស់ពលរដ្ឋ ដែលត្រូវបណ្ដេញចេញស្ថិតនៅក្នុងតំបន់អូរកាកាល នៃឃុំតាឡាត ដែលប៉ះពាល់ខ្លាំងជាងគេ គឺអ្នកភូមិក្រឡាពស់ ភូមិស្វាយរៀង និង ភូមិតាឡាត ក្នុងឃុំតាឡាត។
លោកថា អាជ្ញាធរបោកប្រាស់ទំនុកចិត្តប្រជាពលរដ្ឋ ពីព្រោះកន្លងមកអាជ្ញាធរបានដើរជំរឿនពលរដ្ឋ ដែលកាន់កាប់ដីធ្លីហើយថា ដោះស្រាយដោយមិនឱ្យពលរដ្ឋបារម្ភឡើយ ប៉ុន្តែលោកថា ចុងក្រោយស្រាប់តែអាជ្ញាធរ ដកហូតដីពីពលរដ្ឋយក ទៅឱ្យក្រុមហ៊ុនចិន ដែលធ្វើអាជីវកម្មរ៉ែធ្យូងទៅវិញ។
ពលរដ្ឋថា ខ្លួនភ័យខ្លាចពេលលឺឈ្មោះ ប៉ាន់ ខែមប៊ុនថន
ពលរដ្ឋរូបនេះថា អាជ្ញាធរខេត្ត ថែមទាំងដើរគំរាមកំហែង និងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋរួមទាំងមិនឱ្យតវ៉ាទៀត ទោះបីជាដីទាំងនោះ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលកាន់កាប់តាំងពីដូនតា និងកំពុងអាស្រ័យផលដោយការដាំដំណាំផ្សេងៗក៏ដោយ។
ពលរដ្ឋ៖ «ចៅហ្វាយចុះមកដំបូងថា កាត់ឆ្វៀលឱ្យដល់ពេលនេះ ចេញសេចក្ដីសម្រេចម្ដងទៀត ថា អត់ឱ្យទេ ដកហូតយកទាំងអស់ ជាពិសេសគឺឯកឧត្ដម ប៉ាន់ ខែមប៊ុនថន តែម្ដងខ្លាំងណា ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន ធ្លាប់ចាប់ប្រជាពលរដ្ឋនៅតំបន់នេះ ដាក់គុកអស់ប៉ុន្មាននាក់ហើយ ដូច្នេះ ឱ្យតែលឺថា ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន ម្នាក់ៗខ្លាចតែម្ដង»។
ក្នុងដីកាស្ដីពីការប្រកាសរបស់អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ អភិបាលខេត្តនេះ លោក ស សុពុត្រា សម្រេចដកហូតដីចំនួន ២កន្លែង ដែលមានផ្ទៃក្រឡាសរុបជាង ១១៩ហិកតារ (១១៩,២៤ហិកតារ) និងដំណាំ នៅលើដីទាំងអស់ ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកថា ដីនេះ រងការកាប់គាស់ រុករាន ទន្ទាន់ដីព្រៃ របស់រដ្ឋ ដើម្បីវាទយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ហើយកំណត់រយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ សម្រាប់ទុកសិទ្ធិឱ្យពលរដ្ឋធ្វើការតវ៉ា។
យ៉ាងណា ពលរដ្ឋម្នាក់ទៀត ប្រាប់វិទ្យុអាស៊ីសេរីដោយសុំមិនបញ្ចេញឈ្មោះថា អ្នកភូមិកាន់កាប់ដីនោះតាំងដូនតាមកម្ល៉េះ ប៉ុន្តែលោកថា អាជ្ញាធរបែរជាមកបណ្ដាញប្រជាពលរដ្ឋទាំងភូមិ ដោយរឹបអូសយកទាំងដីលំនៅស្ថាន និងដីស្រែ ចម្ការ ទៅឱ្យក្រុមហ៊ុនរ៉ែធ្យូង ហើយមិនបានដោះស្រាយទីកន្លែងថ្មីឱ្យប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវនោះទេ។ លោកថា ពេលនេះ ពលរដ្ឋទាំងភូមិ មិនដឹងទៅរស់នៅកន្លែងណាឡើយ ពីព្រោះអស់ដីភូមិ និងដីស្រែចម្ការ ហើយសល់តែការយំស្រែក។
លោកថា កាលពីដំបូងអាជ្ញាធរបានឱ្យពលរដ្ឋផ្ដិតមេដៃ ហើយសន្យាថា រៀបចំឱ្យ ពលរដ្ឋរស់នៅ ឱ្យមានសណ្ដាប់ធ្នាប់ ប៉ុន្តែទីបំផុត បែរជារឹបអូសដីប្រជាពលរដ្ឋ ទៅឱ្យក្រុមហ៊ុនចិន។
ពលរដ្ឋ៖«បើគេដកហូតទាំងអស់ គឺអស់ហើយ អស់ទាំងដីលំនៅស្ថានអស់ទាំងដីអាស្រ័យផល ដូចដីចម្ការ ដូចដីកៅស៊ូ ធ្វើស្រ ចន្ទីអីហ្នឹង ក៏អស់រលីងហ្នឹងហើយ។ បើគាត់ដកហូតអស់ហើយ មាននៅអីទៀត មានតែការស្រែកយំ។ ខ្ញុំមានតែការសំណូមពរទៅថ្នាក់ដឹកនាំចាប់ពីអភិបាលស្រុក ឡើងទៅដល់ថ្នាក់អភិបាលខេត្ត ឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យគាត់ជួយរកដំណោះស្រាយឱ្យប្រជាពលរដ្ឋរស់នៅដូចថា អាស្រ័យផលតាមធម្មតាទៅ ស្រែចម្ការគ្នាកាលពីកន្លងមក នៅតែប៉ុណ្ណឹងហើយ មកពីដូនពីតាមក»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីមេឃុំតាឡាត លោក មូន ខិប អភិបាលស្រុកសេសានលោក សុវណ្ណ ពិសេដ្ឋ និងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងលោក ម៉ែន គុង បានទេ នៅថ្ងៃទី២២ ខែកុម្ភៈ។
អត្ថបទដែលទាក់ទង៖
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនរ៉ែធ្យូងនៅខេត្តស្ទឹងត្រែង ទាមទារដំណោះស្រាយ
ក្រុមហ៊ុនរ៉ែធ្យូងនៅស្ទឹងត្រែងរំលោភដីស្រែចម្ការ និងផលដំណាំពលរដ្ឋដោយមិនមានសំណង
មន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរមិនអាចដកហូតដីពលរដ្ឋឱ្យក្រុមហ៊ុនឯកជនបានទេ
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែកុម្ភៈថា ការសន្យារបស់អាជ្ញាធរ ដែលមិនបានធ្វើ គឺជាការកុហកប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន។ លោកថា ចំណាត់ការបែបនេះ ធ្វើឱ្យផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកតែលើដីស្រែចម្ការ ហើយធ្វើឱ្យប្រជាពលរដ្ឋបង្កើតការតវ៉ា។
លោក យិន ម៉េងលីថា ការដកហូតដីប្រជាពលរដ្ឋ លុះត្រាតែមានច្បាប់តម្រូវឱ្យដកហូត បើទោះបីជាអាជ្ញាធរក៏ដោយ។ លើសពីនេះទៀត លោកថា ការដកហូត ដីរបស់ពលរដ្ឋទៅបាន ទាល់តែធ្វើដើម្បីផលប្រយោជន៍សាធារណៈ មិនមែនដកយកទៅឱ្យក្រុមហ៊ុនឯកជនឡើយ។
លោក យិន ម៉េងលី៖ «ទោះជាអាជ្ញាធរក៏ដោយមកដកហូត មិនឈរលើប្រយោជន៍ជាតិប្រយោជន៍សាធារណៈគឺដកហូតខុសច្បាប់។ អាជ្ញាធរហ្នឹង ខុសច្បាប់ពីព្រោះដកដីប្រជាពលរដ្ឋឱ្យក្រុមហ៊ុនមិនមែនតំណាងឱ្យប្រយោជន៍សាធារណៈ មិនតំណាងឱ្យប្រយោជន៍ជាតិទេ អាហ្នឹងខុសច្បាប់ហើយ។ អ៊ីចឹងសូមធ្វើការពិនិត្យមើលឡើងវិញ ចំពោះការដើរដកហូតដីរបស់ប្រជាពលរដ្ឋ ដោយការសន្យាមិនឱ្យប្រជាពលរដ្ឋតវ៉ានេះ។ ការតវ៉ា វាជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាលណាប្រជាពលរដ្ឋអស់ជំនឿនឹងអាជ្ញាធរមូលដ្ឋាន»។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចុះហត្ថលេខាឱ្យក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន (Green Wood Development Company) ធ្វើអាជីវកម្មរ៉ែធ្យូងលើផ្ទៃដីជិត ១ពាន់ (៨៨១)ហិកតារ នៅក្នុងភូមិសាស្ត្រតំបន់តាឡាតស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប៉ុន្តែអាជីវកម្មមួយនេះ បានធ្វើឱ្យប៉ះពាល់ដល់ដីស្រែចម្ការ របស់ប្រជាពលរដ្ឋជាង ១០០គ្រួសារ និងបានឈូសឆាយបំផ្លិចបំផ្លាញចោលផលដំណាំរបស់ពលរដ្ឋ នៅជុំវិញតំបន់ នោះអស់ជាច្រើនហិកតារផងដែរ។
ប្រជាពលរដ្ឋស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងអាជ្ញាធរខេត្តស្ទឹងត្រែងស្វែងរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីស្រែចម្ការរបស់ពលរដ្ឋចេញពីគម្រោង ធ្វើអាជីវកម្មរ៉ែធ្យូង ពីព្រោះពលរដ្ឋនៅតំបន់នោះ មិនចង់ចាកចេញពីភូមិកំណើតរបស់ពួកគាត់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។