មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិកមកទស្សនកិច្ច២ថ្ងៃនៅកម្ពុជា

កម្ពុជា
23/02/2025 – 10:10
ដោយ៖ សាំ ឧត្តម
RFI

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. Clark ) នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាដំណើរទស្សនកិច្ចដែលសហរដ្ឋអាមេរិកដាក់កម្មវត្ថុចង់ពង្រឹងទំនាក់ទំនង និងពង្រើកកិច្ចសហប្រតិបត្តិការយោធាក្នុងឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំប៉ាស៊ីហ្វិកមកទស្សនកិច្ច២ថ្ងៃនៅកម្ពុជា


នៅថ្ងៃទី២១ ខែកុម្ភៈ កងទ័ពជើងគោកកម្ពុជាបានជូនដំណឹងពីដំណើរទស្សនកិច្ចផ្លូវការរបស់មេបញ្ជាកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។

ទៅតាមគម្រោង នៅពេលមកដល់កម្ពុជា លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់មក លោក រ៉ូណាល់ ខ្លាក ក៏នឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ដើម្បីពិភាក្សាឲ្យស៊ីជម្រៅ ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា ដោយធ្វើយ៉ាងណា កសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាសម្លឹងឃើញសញ្ញាណវិជ្ជមាននៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ពិសេសលើវិស័យយោធា និងការពារជាតិ ដែលប្រទេសទាំងពីរធ្លាប់តែរកាំរកូសនឹងគ្នាកន្លងមក។ ជាទស្សនៈរបស់លោកបណ្ឌិត យង់ ពៅ ទោះបីកម្ពុជាមិនមែនជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួតជាមួយអាមេរិកក៏ដោយក្តី តែអាមេរិកនៅតែត្រូវការកម្ពុជាក្នុងការពង្រឹង និងពង្រើកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យសន្តិសុខ និងការពារជាតិ។

ចំពោះ អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា រដ្ឋាភិបាលកម្ពុជាក៏ត្រូវតែកសាងទំនាក់ទំនងល្អជាមួយអាមេរិកដើម្បីទទួលបានផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខ។

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. Clark)
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald P. Clark) © DVID

ជាការកត់សម្គាល់ នេះជាលើកទី២ហើយដែលមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកអញ្ចើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយលើកទី១ គឺដឹកនាំដោយលោកនាយឧត្តមសេនីយ៍ វ៉ីនសេន ប្រ៊ុក (Vincent Brooks) ក្នុងឆ្នាំ២០១៤។ ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅកម្ពុជាស្របគ្នានឹងខួបលើកទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

គួរជម្រាបថា ក្រៅពីដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក Lloyd Austind ដែលគ្រានោះនៅជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក៏បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ដើម្បីរឹតចំណងភាពជាដៃគូ និងពិភាក្សាពីបញ្ហាសន្តិសុខ និងការពារជាតិជាមួយថ្នាក់ដឹកនាំថ្មីរបស់កម្ពុជា៕

What Next?

Recent Articles