ស្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​នៅ​តំបន់​អង្គរ​តស៊ូ​លក់​ដូង​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​រក​ប្រាក់​ដោះ​បំណុល

ដោយ ហ៊ុំ ចំរើន
2025.02.23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន​នៅ​តំបន់​អង្គរ​តស៊ូ​លក់​ដូង​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​រក​ប្រាក់​ដោះ​បំណុល

លោកស្រី ហៀន វុន កំពុង​អង្គុយ​លក់​ផ្លែ​ដូង​ខ្ចី នៅ​អែប​ខាង​ផ្លូវ​ស៊ីវត្ថា ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ស្ត្រី​ជរា​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប​បាន​ចាប់​អាជីព​លក់​ផ្លែ​ដូង​ខ្ចី តាម​ចិញ្ចើម​ផ្លូវ​ជាង​ ២០​ឆ្នាំ​មក​ហើយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ និង​ដោះ​បំណុល។ គាត់​តស៊ូ​ធាក់​កង់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​មាន​ចម្ងាយ​ជាង ២០​គីឡូ​ម៉ែត្រ​ទៅ​វិញ​ទៅ​មក​ ដើម្បី​លក់​ផ្លែ​ដូង​ជូន​ភ្ញៀវ​ទេសចរ ដោយ​មិន​ដើរ​សុំ​ទាន​គេ​នោះ​ឡើយ។

នៅ​អែប​ខាង​ផ្លូវ​ស៊ីវត្ថា ក្នុង​ក្រុង​សៀមរាប ក្បែរ​ព្រះរាជ​ដំណាក់​ដែល​អ្នក​ទេសចរ​តែងតែ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តំបន់​អង្គរ គេ​នឹង​ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​អង្គុយ​ឱប​ក្បាល​ជង្គង់ បត់​បែន​ចុះ​ឡើងៗ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ដោយ​ទឹក​មុខ​ញញឹម​ទៅ​កាន់​ភ្ញៀវ​ឱ្យ​ជួយ​ទិញ​ផ្លែ​ដូង​ខ្ចី​របស់​គាត់។

ស្ត្រី​វ័យ៧១ឆ្នាំ​អង្គុយលក់ដូង

កំពុង​អង្គុយ​លក់​ផ្លែ​ដូង​ខ្ចី លោកស្រី ហៀន វុន វ័យ​៧១​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី២១ កុម្ភៈ:​ថា រាល់​ថ្ងៃ​លោកស្រី​ត្រូវ​ក្រោក​ពី​ម៉ោង​៣ ជិត​ភ្លឺ​ ដើម្បី​ជិះកង់​មក​លក់​ផ្លែ​ដូង​ក្នុង​ក្រុង​សៀមរាប។ មូល​ហេតុ​ដែល​លោកស្រី​លក់​ដូរ​ដូច្នេះ ដោយសារ​ជីវភាព​ខ្វះខាត​ និង​ជំពាក់​បំណុល​គេ ចំនួន ១​ពាន់ ៥រយ (១.៥០០)ដុល្លារ ឬ​ស្មើ​៦​លាន​រៀល​ដែល​គាត់​បាន​ខ្ចី​សម្រាប់​ព្យាបាល​ជំងឺ​កន្លង​មក។

លោកស្រី​រៀបរាប់​ទាំង​មុខ​ស្រពោន​ថា ក្នុង​មួយ​ថ្ងៃ​ គាត់​អាច​លក់​ផ្លែ​ដូង​ខ្ចី​ក្នុង​ចន្លោះ​ពី​២០​ផ្លែ ទៅ៣០ផ្លែ ដោយ​មួយ​ផ្លែ មាន​តម្លៃ​តម្លៃ​៣​ពាន់​រៀល (៣.០០០) ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​៦​ម៉ឺន​រៀល (៦០.០០០) ទៅ​៩​ម៉ឺន​រៀល (៩០.០០០) ក្នុង​មួយ​ថ្ងៃ៖ 

លោកស្រី ហៀន វុន៖ «យើង​មក​រាល់​ថ្ងៃ​យើង​សង្ឃឹម​ថា បាន​ប្រាក់​ថ្ងៃ​នេះ​ក៏​បាន​ស្អែក​ក៏​បានខាន​ស្អែក​ក៏​បាន​ម្ចាស់​បំណុល​គេ​ជឿ​យើង​ណា៎។ បើ​យើង​នៅ​តែ​ផ្ទះ​ម៉េច​កើត​បើ​គេ​ទារ​រាល់​ថ្ងៃ​ម៉េច​សង​គេ​រួច»

ស្ត្រី​រូប​នេះ តែង​តែ​ធាក់​កង់​យឺតៗ​នៅ​ម៉ោង ៣​ទៀប​ភ្លឺ តាម​កម្លាំង​មនុស្ស​ចាស់​ អម​ដោយ​ភ្លើង​ពិល​បំភ្លឺ​ផ្លូវ មាន​ចម្ងាយ​ជាង​១០​គី​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​នៅ​ឯ​ស្រុក​ពួក ​មក​ក្រុង​សៀមរាប។ គាត់​ធាក់​កង់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ហាក់​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​ធ្វើ​ឱ្យ​រាង​កាយ​របស់​គាត់​មាំមួន ប្រៀប​ដូច​ហាត់​ប្រាណ​ដូច្នេះ​ដែរ។

លោកស្រី ហៀន វុន រស់​នៅ​ភូមិ​ស្វាយ ឃុំខ្នាត ស្រុកពួក ខេត្ត​សៀមរាប​ គាត់​ចាប់​យក​អាជីព​លក់​ដូង​ខ្ចី ជូន​អ្នក​ទេសចរ​ជាង​២០ឆ្នាំ​ផ្លាយ​មក​ហើយ ដោយ​ពេល​ខ្លះ​លក់​ចល័ត​ និង​ពេល​ខ្លះទៀត អង្គុយ​មួយ​កន្លែង​តាម​ចិញ្ចើម​ផ្លូវ អស់​ជា​ច្រើន​ម៉ោង។

លក់ដូរ​តាមដងផ្លូវ​ដ៏ចង្អៀត

ទិដ្ឋភាព​លក់ដូរ​របស់​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ ​មិន​ដូច​អាជីវករ​លក់​នៅ​លើ​ទីផ្សារ​ទូទៅ​នោះ​ទេ ស្ថានភាព​តាម​ដង​ផ្លូវ​ពេល​ខ្លះ​មាន​រថយន្ត និងម៉ូតូ ចង្អៀត​ណែន​តាន​តាប់។ ពេល​ខ្លះ​ទៀត​មាន​ផ្សែង​ឡាន និង​ម៉ូតូ​បើក​ដូច​ស្រមោច​ខ្មួល​ខ្មាញ់ នៅ​ចំពោះ​មុខ​លោកស្រី។ ឯ​អ្នក​ដំណើរ​ខ្លះ​ឈប់​រថយន្ត​ជួយ​ទិញ​គាត់ ឯ​អ្នក​ខ្លះ​ទៀត​មិន​សូវ​ចាប់​អារម្មណ៍​នោះ​ទេ។

បើ​ទោះ​ជា​រាង​កាយ​ចាស់​ជរា​ក្ដី ក៏​គាត់​ប្ដេជ្ញា​មិន​លើក​ដៃ​សុំទាន​គេ​នោះ​ឡើយ​ សុខ​ចិត្ត​អង្គុយ​ហាល​ថ្ងៃ ហាល​ខ្យល់ ចាប់​យក​របរ​នេះ ដើម្បី​រស់​មួយ​ថ្ងៃ​ស៊ី​មួយ​ថ្ងៃ​ និង​សង​បំណុល​គេ។

លោកស្រី ហៀន វុន មាន​កូន​ស្រី​ពីរ​នាក់ ម្នាក់​ធ្វើ​ចំណាក​ស្រុក​នៅ​ឯ​ប្រទេស​ថៃ ​ឯ​ម្នាក់​ទៀត​មាន​គ្រួសារ​រស់​​នៅ​បែក​ឆ្ងាយ​ពី​លោកស្រី​ជា​ង៤០ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​គាត់​កំពុង​រស់​នៅ​តែលតោល​ម្នាក់​ឯង ក្នុង​ខ្ទម​ជរា​តូច​មួយ ប្រក់​ស័ង្កសី និង​ជញ្ជាំង​តង់​ចាស់ៗ។ 

មុខ​របរ​លក់​ផ្លែ​ដូង​ជាង ២០ឆ្នាំ​ប្លាយ​កន្លង​មក​នេះ​ ក៏​គាត់​នៅ​តែ​មិន​អាច​រក​ប្រាក់​បាន​គ្រប់​គ្រាន់ ដើម្បី​ដោះ​បំណុល​គេ​ឱ្យ​ដាច់​ស្រឡះ​នោះ​ឡើយ។ 

ស្ត្រី​វ័យ​ចំណាស់​រូប​នេះ បាន​ប្រៀប​ធៀប​សម័យ​កាល​បច្ចុប្បន្ន​ ទៅ​នឹង​សម័យ​សង្គម​រាស្ត្រ​និយម និង​សម័យ​ក្រោយ​រំដោះ​របរ​ខ្មែរ​ក្រហម ឆ្នាំ​១៩៧៩ រហូត​ដល់​ទសវត្សរ៍​ទី​៩០ ដែល​លោកស្រី​បាន​ឆ្លង​កាត់​ហាក់​ខុស​គ្នា​ដាច់​ស្រឡះ។

ថ្វី​ត្បិត​តែ​សម័យ​មុនៗ បរិយាកាស​សង្គម​មិន​សូវ​ទំនើប​យ៉ាង​ណា​ក្តី​ ក៏ប៉ុន្តែ​ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​ស្រុក​កំណើត​របស់​លោកស្រី​ សម្បូរ​ដោយ​ព្រៃឈើ​ក្រាស់ឃ្មឹក​គ្រប់​ច្រក​ល្ហក ផ្តល់​ស្បៀង​អាហារ និង​មាន​អនុផល​ព្រៃឈើ ហូប​ចុក​មិន​ខ្វះ​ឡើយ។

លក់ដូរ​ដើម្បី​ដោះបំណុល

ឯ​គ្រួសារ​គាត់ និង​អ្នកភូមិ​ភាគ​ច្រើន មិន​ដែល​ធ្វើ​ចំណាក​ស្រុក និង​ជំពាក់​បំណុល​គេ​ ដូច​សម័យ​បច្ចុប្បន្ន​ឡើយ។

លោកស្រី ហៀន វុន បន្ថែម​ថា កាល​នោះ​បើ​ទោះ​បី​ជា​ពលរដ្ឋ​ក្រីក្រ​យ៉ាង​ណា​ក្តី​ ក៏​អាច​រស់​បាន​យ៉ាង​សុខ​សាន្ត ដោយសារ​សម្បូរ​ធនធាន​ធម្មជាតិ ត្រី​សាច់ សាច់​ព្រៃ​ និង​អនុផល​ព្រៃឈើ​ជាដើម ផ្ទុយ​ពី​បច្ចុប្បន្ន​ហិន​ហោច​ធនធាន​ធម្មជាតិ។

លោកស្រី ហៀន វុន៖ «ចំណាស់​ប៉ុណ្ណេះ​បើ​ឱ្យ​យាយ​ទៅ​លើក​ដៃ​សុំ​ទាន​គេ​ទៅ​មិន​រួច​ទេ សុខ​ចិត្ត​ងាប់​ហើយ​ សុខ​ចិត្ត​រក​របរ​ចេះៗ​ឱ្យ​បងប្អូន​គេ​ស្រណោះ​អាណិត​ទៅ​វិញ តែ​បើ​ឱ្យ​ទៅ​សុំទាន​គេ​យាយ​ធ្វើ​មិន​បាន​ទេ»។​

បើ​ទោះ​បី​ជា​ខេត្ត​សៀមរាប​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​ក្តី​ បញ្ហា​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ និង​វិបត្តិ​សេដ្ឋកិច្ច ជំរុញ​ឱ្យ​ស្ត្រី​ចំណាស់​មួយ​ចំនួន​បង្ខំ​ចិត្ត ធ្វើ​ការ​ក្នុង​វ័យ​ជរា​ ខ្លះ​លក់​ដូរ​ចល័ត ខ្លះ​ដើរ​ស៊ី​ឈ្នួល​មើល​ថែ​កូនចៅ​ឱ្យ​គេ និង ខ្លះ​ទៀត​ដើរ​សុំ​ទាន។ រីឯ​ស្ត្រី​វ័យ​ចំណាស់​ខ្លះ​ទៀត រស់​នៅ​តាម​វត្ត​អារាម និង អាស្រម​របស់​អ្នក​រក្សាសីល​លើ​ភ្នំ​គូលែន​ ជាដើម។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ ដើម្បី​សុំ​ការ​បកស្រាយ​ពី​កិច្ច​គាំពារ​សង្គម និង​មនុស្ស​ចាស់ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២១ កុម្ភៈ។ រីឯ​អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សុវណ្ណ ក៏​មិន​ទាន់​អាច​ទាក់​ទង​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ប័ណ្ណសមធម៌

ជុំវិញ​រឿង​នេះ  អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ជីវិត​របស់​ស្ត្រី​រូប​នេះ រស់​នៅ​គ្មាន​ទីពឹង​នោះ​ឡើយ​ អាជ្ញាធរ​គួរតែ​ពិនិត្យ​មើល និង​ផ្តល់​ប័ណ្ណ​សមធម៌​ជូន​គាត់។

លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្កើត​មូលនិធិ​ជួយ​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង​ ដោយ​ឧបត្ថម្ភ​ថវិកា​ជូន​គាត់​ជា​ប្រចាំ​ខែ ដើម្បី​សម្រាល​ការ​លំបាក។

លោក អ៊ិន គង់ជិត៖ «ក្រសួង​សង្គមកិច្ច​គួរ​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​សមាគម​គាំពារ​មនុស្ស​ចាស់​អី​អ៊ីចឹង​ដើម្បី​ឲ្យ​សមាគម​មាន​ដំណើរការ ​ ពិសេស​ចាស់​ជរា​ដែល​គាត់​មាន​ទីពឹង គ្មាន​លទ្ធភាព​រក​ចំណូល​និង​មាន​ជំងឺ​ដង្កាត់​ គឺ​រដ្ឋ​ត្រូវ​អនុម័ត​គាំពារ​មើល​ថែ​ពួក​គាត់»

របាយការណ៍​ស្រាវជ្រាវ​របស់​ក្រសួង​សង្គមកិច្ច​ផ្សាយ​កាល​ឆ្នាំ​២០២១ បង្ហាញ​ថា​ នៅ​កម្ពុជា​មាន​មនុស្ស​ចាស់​ប្រមាណ ៧៣% កំពុង​រស់​ពឹង​ផ្អែក​លើ​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​គ្រួសារ។ ឯ២៧%ទៀត ពួកគាត់​រស់​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ឯង ដោយ​អ្នក​ខ្លះ​ដើរ​សុំទាន​គេ​ និង​មាន​ជំនួយ​មនុស្ស​ធម៌​ឧបត្ថម្ភ​ខ្លះៗ​ជាដើម។

សង្គម​ស៊ីវិល​អំពាវ​នាវ​រដ្ឋាភិបាល និង​ក្រសួង​សង្គមកិច្ច​ បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់ ដែល​បាត់បង់​លទ្ធភាព​រក​ចំណូល​ដើម្បី​ជួយ​ពួកគាត់​ផ្នែក​មនុស្សធម៌​ ដែល​ជា​ផ្នែក​មួយ​ចូលរួម​អភិរក្ស​ប្រពៃណី​ខ្មែរ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles