ដោយ សុជីវី
2025.02.25
RFA

សកម្មជនកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស (ពីឆ្វេងទៅស្ដាំ) លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន និងកញ្ញា ភឹង សោភា ក្នុងចំណោមសកម្មជន ៤នាក់ ដែលអាជ្ញាធរចាប់ដាក់រហូតមកដល់សព្វថ្ងៃ ក្រោយពីលោក ស្រ៊ុន ស្រ៊ន បង្ហោះសារតាមបណ្ដាញសង្គម រិះគន់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA។ រូប៖ ហ្វេសប៊ុកលោក ស៊្រុន ស៊្រន
សាលាឧទ្ធរណ៍ភ្នំពេញបំបែកសំណុំរឿងលើជនជាប់ចោទ ៣៧នាក់ ដែលត្រូវបានចោទប្រកាន់អំពីបទ «ញុះញង់» ដោយសារការបញ្ចេញមតិពាក់ព័ន្ធនឹងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA)។ សាច់ញាតិ និងមេធាវីចាត់ទុកការសម្រេចនេះ នឹងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទ។
សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ បានតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបាន បំបែកសំណុំរឿងពាក់ព័ន្ធ CLV ទៅជា ៥សំណុំរឿង ដែលមានជនជាប់ចោទ ៣៧នាក់។
ប្រធានចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានបដិសេធការស្នើសុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ និងជនជាប់ចោទ ៤នាក់ទៀត ដែលស្នើសុំតុលាការកុំបំបែកសំណុំរឿងដាច់ដោយឡែកពីគ្នា។
ក្នុងសវនាការនេះ គេឃើញសាច់ញាតិអ្នកគាំទ្រសកម្មជន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមន្ត្រីអង្គការសហប្រជាជាតិប្រមាណ ៥០នាក់ បានចូលរួមឃ្លាំមើល និងលើកទឹកចិត្ត។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរបានបដិសេធមិនឱ្យអ្នកគាំទ្រសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងអ្នកសារព័ត៌មានចូលស្ដាប់នោះទេ។
ប្រតិកម្មរបស់មេធាវី និងសមាជិកគ្រួសាររបស់សកម្មជន
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺបណ្ឌិត សឺន ជុំជួន សោកស្ដាយ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ព្រោះថា ការបំបែកសំណុំរឿងនឹងធ្វើឱ្យមានការបន្លាយពេលពេលវេលា និងប៉ះពាល់ដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ចំពោះកូនក្ដីរបស់លោក។ លោកថា នឹងពិភាក្សាជាមួយកូនក្ដី ដើម្បីប្ដឹងសាទុក្ខទៅតុលាការកំពូល។
បណ្ឌិត សឺន ជុំជួន៖ «ការបំបែកសំណុំរឿងនេះធ្វើឱ្យយើងមិនអាចទទួលយកបាន ហើយទទូចស្នើសុំឱ្យរក្សាសំណុំរឿងដូចដើម អ៊ីចឹង កាលណាការបំបែកសំណុំរឿងធ្វើឱ្យមានការមិនអាចទទួលយកបានហើយៗ មិនអាចទទួលយកបានគឺបណ្ដឹងជំទាស់ទៅនឹងសាលក្រម សាលដីកា វាធ្វើឱ្យអូសបន្លាយពេលវេលាៗ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិជនជាប់ចោទ»។
ជុំវិញករណីនេះ ប្រពន្ធសកម្មជន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក សាន សិទ្ធិ គឺលោកស្រី ស្វាយ ពៅ លើកឡើងថា ការឃុំខ្លួនប្ដីលោកស្រីនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ ខណៈលោកស្រីត្រូវចិញ្ចឹមកូនតូចៗ ៥នាក់ នៅក្នុងបន្ទុក លោកស្រី ស្វាយ ពៅ ស្នើដល់តុលាការពន្លឿននីតិវិធីឱ្យបានលឿន ព្រោះការបន្តឃុំខ្លួនមកលើសកម្មជនទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគាត់។
លោកស្រី ស្វាយ ពៅ៖ «ខ្ញុំវាពិបាកណាស់ ពេលខ្លះ យើងមើលទៅប្រជាពលរដ្ឋគ្រាន់តែបញ្ចេញមតិ ដល់អ៊ីចឹងទៅយកគាត់មកឃុំខ្លួនយូរអ៊ីចឹង វាបាត់។ និយាយទៅ ម៉ែគាត់ ក៏អ៊ីចឹង។ ទីមួយ ម្ដាយគាត់បាត់កូន ខ្ញុំហ្នឹងបាត់ប្ដី កូនខ្ញុំនឹងបាត់ឪពុកទៀត»។
អនុសាសន៍របស់អង្គការសិទ្ធិមនុស្ស
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត មានប្រសាសន៍ថា សាលាឧទ្ធរណ៍គួរតែទទួលយកការស្នើសុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងពលរដ្ឋផ្សេងទៀត ដែលចង់បានការជំនុំជម្រះតែមួយសំណុំរឿង ព្រោះថា កន្លងមក តុលាការក៏ធ្លាប់កាត់ក្ដីលើសំណុំរឿងបក្សប្រឆាំង ដែលមានសមាជិក ៤០ ទៅ ៥០នាក់ដែរ។
លោក យី សុខសាន្ត៖ «អ្វីដែលយើងកត់សម្គាល់មួយទៀត វាហាក់ដូចជាធ្វើទុក្ខបុកម្នេញទៅលើសកម្មជនសង្គម ក៏ដូចជា សកម្មជននយោបាយ ធ្វើទុក្ខបុកម្នេញគាត់ ពាក់ព័ន្ធទៅនឹងយកតុលាការមកចាត់ការគាត់ ដោយមិនមានហេតុផលច្បាស់លាស់ណាមួយ ក្នុងការចោទប្រកាន់គាត់»។
អត្ថបទដែលទាក់ទង៖
តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ពលរដ្ឋបន្តរៀន និងចែករំលែកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
លោក ហ៊ុន សែន ប្រមានវាយខ្នោះអ្នករិះគន់លោក រឿងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ បានធ្វើវីដេអូមួយនៅមុន ការចាប់ខ្លួន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងដាក់ខេត្តចំនួន៤ របស់កម្ពុជាទៅគម្រោង CLV នឹងអាចធ្វើឱ្យយកកម្ពុជាបាត់បង់ទឹកដីឱ្យទៅវៀតណាមគ្រប់គ្រង ពីព្រោះពលរដ្ឋកម្ពុជាដែលរស់នៅក្នុងខេត្តចំនួន ៤ខេត្តនេះ មានតិចជាងជនជាតិវៀតណាម។
អ្នកឃ្លាំមើលទទូចឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងសកម្មជនទាំងអស់នេះ ឱ្យមានសេរីភាពវិញ ពីព្រោះពួកគេថា រដ្ឋាភិបាល និងសភា បានសម្រេចអនុម័តដកកម្ពុជា ចេញពីគម្រោង CLV រួចហើយ តុលាការមិនគួរនៅបន្តឃុំឃាំងពួកគេ ទាក់ទងនឹងបញ្ហានេះទៀតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។