ដោយ សុខ មនោហត្ថា
2025.02.27
RFA

ទិដ្ឋភាពផ្លូវក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ពលរដ្ឋផុសកាលពីថ្ងៃទី២១ កុម្ភៈ ២០២៥។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងត្អូញត្អែរពីបញ្ហាផ្លូវខូចជាច្រើនកន្លែង ដែលបង្កផលលំបាក ក្នុងការធ្វើដំណើរ និងការប្រកបមុខរបររកស៊ីប្រចាំថ្ងៃ របស់ពួកកាត់។ ពលរដ្ឋថា បញ្ហាផ្លូវខូចនេះ កើតឡើងជាង១ឆ្នាំហើយ ប៉ុន្តែ អាជ្ញាធរហាក់យឺតយ៉ាវក្នុងការជួសជុលឱ្យបានត្រឹមត្រូវ ខណៈរដូវប្រាំងឆ្នាំនេះ សោភ័ណភាពទីក្រុងមានសភាពក្រៀមក្រោះ និង ក្ដៅហួតហែង ពោរពេញដោយធូលីដីហុយ។
ខេត្តបាត់ដំបងជាខេត្ត ដែលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត គយគន់មើលទេសភាពក្នុងទីក្រុង និងតាមដងស្ទឹងសង្កែ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងបុរាណមួយនេះ ហាក់មិនសូវមានភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើននោះទេ ដោយសារតែការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ហាក់មានភាពយឺតយ៉ាវ ជាពិសេសផ្លូវថ្នល់ជាដើម រងការខូចស្ទើរគ្រប់កន្លែង។
«ភ្ញៀវធ្លាក់ចុះ ៦០ទៅ៧០ភាគរយ ក្រោយផ្លូវខូចខាត»
អាជីវករលក់ដូរអីវ៉ាន់ នៅផ្សាររាត្រីក្នុងក្រុងបាត់ដំបង លោក ត្រើង រ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នការលក់ដូររបស់លោក ធ្លាក់ចុះស្ទើរតែ ៦០ទៅ៧០ភាគរយ ដោយសារតែមិនសូវមានភ្ញៀវធ្វើដំណើរទៅមកដូចមុន។ លោកថា បញ្ហាដែលមិនសូវមាន ភ្ញៀវអ៊ូអរ ធ្វើដំណើរច្រើន ដោយសារតែ ផ្លូវតូចចង្អៀត ហើយផ្លូវភាគច្រើនខូចក្រឡុក ដីហុយ ស្ទើរតែគ្រប់កន្លែងពុំមានការជួសជុលឱ្យបានត្រឹមត្រូវ។
លោកបន្តថា បញ្ហាផ្លូវខូច នេះ មានចាប់តាំងពីដើមឆ្នាំ២០២៤ រហូតដល់សព្វថ្ងៃ។ រីឯសកម្មភាព ជួសជុលផ្លូវ ឃើញជាងធ្វើរដិបរដុប មិនមានស្តង់ដារ ត្រឹមត្រូវនោះឡើយ។ លោកបន្តថា ប្រសិនបើអាជ្ញាធរមិនពន្លឿនការជួសជុលផ្លូវឱ្យបានស្អាតឡើងវិញទេ ប្រជាពលរដ្ឋពិបាកធ្វើដំណើរ ភ្ញៀវទេសចរលែងចង់មកលេងកម្សាន្ត ហើយអាជីវករលក់ដូរ ក៏មិនសូវបានចំណូលនោះដែរ។
លោក ត្រើង រ័ត្ន៖ «ដូចឥឡូវនេះពិបាកណាស់លក់ដូរ ដីហុយ ឡានចតមិនកើត ផ្លូវតូចចង្អៀត។ អ៊ីចឹងការលក់ដូរធ្លាក់ចុះយ៉ាងខ្លាំង ចំណូលបាត់បង់ស្ទើរតែ ១០០ភាគរយ»។
បច្ចុប្បន្នគេសង្កេតឃើញថា ផ្លូវភាគច្រើនដែលរងការខូចខាតខ្លាំងនៅក្នុងក្រុងបាត់ដំបង គឺនៅតាមបណ្ដោយផ្លូវលេខ៣ ផ្លូវផ្សារបឹងឈូក និងនៅម្ដុំផ្សាណាត់ជាដើម។ តំបន់នេះ ជាញឹកញាប់មាន ពលរដ្ឋ អាជីវករ និង ភ្ញៀវទេសចរ តែងតែធ្វើដំណើរឆ្លងកាត់ ប៉ុន្តែ ឥឡូវផ្លូវនេះ ប្រែក្លាយជាដីហុយ និងក្រឡុក ពិបាកធ្វើដំណើរជាខ្លាំង ជាពិសេសនៅពេលរដូវភ្លៀង។ ពលរដ្ឋអះអាងថា បញ្ហាចម្បង ដែលធ្វើឱ្យផ្លូវខូចកាន់តែខ្លាំង ដោយសារតែការ កាយដីដាក់លូ ហើយមិនបានសម្អាតតាមដងផ្លូវ និងចាក់ដីឱ្យបានស្មើឡើងវិញ រហូតធ្វើឱ្យផ្លូវកាន់តែខូចច្រើន។

ចំណែកអាជីវករលក់ដូរនៅតាមដងស្ទឹងសង្កែ លោក ឈឿង បុរី លើកឡើងថា បញ្ហាផ្លូវខូចក្នុងខេត្តបាត់ដំបងនេះ គឺមានស្ទើរគ្រប់ទីកន្លែង។ លោកអះអាងថា ផ្លូវដែលស្អាត ហើយមានចាក់កៅស៊ូបានត្រឹមត្រូវ មានតែម្ដុំវិមានឯករាជ្យ ផ្លូវខាងមុខសាលាខេត្ត និងតាមបណ្ដោយដងស្ទឹងសង្កែ តិចតូចប៉ុណ្ណោះ។ លោកថា អាជ្ញាធរពាក់ព័ន្ធ ពុំបានអើពើជួសជុលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ទៅតាមអ្វីដែលពលរដ្ឋធ្លាប់បានស្នើសុំនោះទេ។ លោកថា អាជ្ញាធរខេត្ត គួរតែរៀបចំប្រព័ន្ធផ្លូវឱ្យបានត្រឹមត្រូវ ឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និង ដើម្បីផ្ដល់ភាពងាយស្រួល ដល់ពលរដ្ឋ ធ្វើដំណើរ និងប្រកបមុខរបររកស៊ី។
លោក ឈឿង បុរី៖ «ដោយសារតែការមិនអើពើរបស់អាជ្ញាធរពាក់ព័ន្ធ។ ពេលខ្លះខូចតិចតួច មិនព្រមធ្វើភ្លាមទុកទល់តែខូចច្រើន។ ផ្លូវខ្លះធ្វើមិនបានប៉ុន្មានផងក៏ខូចទៅ ផ្លូវខ្លះក៏ខូចតាំងពីដើមទៅ ផ្លូវក៏គេចាប់ផ្ដើមជួសជុល»។
«អាជ្ញាធរខេត្តទទួលស្គាល់ថា ពិតជាប៉ះពាល់ជីវភាពរស់នៅពលរដ្ឋមែន»
ជុំវិញបញ្ហាផ្លូវខូចនេះ អភិបាលរងខេត្តបាត់ដំបង លោក សៀម ប៊ុនរិទ្ធិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកុម្ភៈថា លោទទួលស្គាល់ថា ពិតជាប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ពលរដ្ឋពិតមែន ប៉ុន្តែ លោកថា សព្វថ្ងៃអាជ្ញាធរកំពុងតែប្រឹងប្រែងអនុវត្តគម្រោង របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន តាមរយៈថវិកាហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ដែលនឹងចាប់ផ្ដើមស្ដារផ្លូវ និងរៀបចំដាក់លូជាថ្មី ឱ្យបានល្អជាងមុន។ លោករំពឹងថាគម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ហើយអាជ្ញាធរនឹងព្យាយាម កាត់បន្ថយ ផលប៉ះពាល់ដល់ពលរដ្ឋឱ្យបានទាបបំផុត។
លោក សៀម ប៊ុនរិទ្ធិ៖ «ចាប់ពីខាងមីនានេះទៅ ចាប់ពីខែមីនានេះទៅ ធ្វើការស្ដារវិញហើយ។ អ៊ីចឹងជាធម្មតាទេ ការអនុវត្តគម្រោងណាមួយ វាតែងតែប៉ះពាល់ដល់បងប្អូន ប្រជាពលរដ្ឋដែលមានលំនៅឋាន ជាប់នឹងផ្លូវហ្នឹង។ ប៉ុន្តែយើងខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយការប៉ះពាល់ឱ្យនៅតិចបំផុត»
ទោះជាយ៉ាងណា ពលរដ្ឋនៅតែ ជំរុញឱ្យអាជ្ញាធរពន្លឿនការធ្វើផ្លូវហើយត្រូវមានឡានបាញ់ទឹកឱ្យបានដិតដល់ជាប្រចាំ ព្រោះថាសព្វថ្ងៃ ផ្លូវក៏ខូច ដីក៏ហុយ រីឯឡានបាញ់ទឹកកុំឱ្យដីហុយ ក៏ពុំសូវដិតដល់។
អត្ថបទដែលទាក់ទង៖
ពលរដ្ឋនៅក្រុងប៉ោយប៉ែតចោទប្រកាន់អាជ្ញាធរបង្ខំឱ្យពលរដ្ឋបង់លុយធ្វើផ្លូវដាក់លូ និងពុករលួយ
ពលរដ្ឋរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែងកាយផ្លូវខូចខាតដោយសារផែនការសាងសង់មិនច្បាស់លាស់
ទាក់ទិនរឿងនេះ អ្នកគ្រប់គ្រងការិយាល័យ អង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ និងបាត់ដំបង លោក អ៊ិន គង់ជិត សង្កេតឃើញថា បច្ចុប្បន្នផ្លូវ នៅក្នុងបាត់ដំបង ពិតជាខូចច្រើនខ្សែមែន ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាពិសេសអាជីវករលក់ដូរ ម្ហូបអាហារនៅតាមដងផ្លូវ មិនសូវមានភ្ញៀវមកទិញបរិភោគច្រើន ដូចមុនព្រោះដីហុយពេក។ ទន្ទឹមនឹងនោះ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ គួរតែពន្លឿនការជួសជុលផ្លូវឡើងវិញឱ្យបានល្អ ហើយត្រូវទទួលខុសត្រូវចំពោះផលប៉ះពាល់ដល់ពលរដ្ឋ មិនអាចទុកឱ្យផ្លូវខូច ដោយគ្មានការអើពើដោះស្រាយ ឱ្យបានទាន់ពេលវេលាបែបនេះ នោះឡើយ។
លោក អ៊ិន គង់ជិត៖ «កត្តាដែលមិនបានធ្វើផ្លូវឱ្យបានល្អស្អាតនេះ វានាំឱ្យថមថយភ្ញៀវទេសចរផង ហើយអាចប៉ះពាល់ដល់សុខុមាលភាពរបស់ពលរដ្ឋផង។ ព្រោះអីដីវាយហុយទៅ ហើយប្រជាពលរដ្ឋខំរ៉ៃលុយគ្នា ដើម្បីទិញទឹកមកស្រោចស្រព ដើម្បីកុំឱ្យដីហុយ។ អ៊ីចឹងពួកគាត់ទទួលបន្ទុក ត្រូវចំណាយថវិកាមួយសារទៀត ស្រោចស្រពដី នៅលើដងផ្លូវទាំងនោះ។»
កាលពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣ អង្គការយូណេស្កូ (UNESCO) ចាត់ទុកខេត្តបាត់ដំបង គឺជាទីក្រុងទី១ របស់កម្ពុជាដែលត្រូវបានដាក់បញ្ចូលជាសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិត ដែលអាចទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត ក្នុងចំណោម ទីក្រុងជាង៣០០(៣៥០)ទៀត មកពីជាង ១រយប្រទេស នៅទូទាំងពិភពលោក។ ភាពច្នៃប្រឌិតទាំងនោះរួមមាន ម្ហូបអាហារ ភាពយន្ត សិល្បៈ ប្រព័ន្ធផ្សព្វផ្សាយ តន្ត្រី រចនា និងសិប្បកម្មជាដើម។ យ៉ាងណា ជាង១ឆ្នាំនេះ ពលរដ្ឋភាគច្រើន ត្អូញត្អែរ ពីផលលំបាក ក្នុងការរស់នៅក្នុងក្រុងបាត់ដំបង ដោយសារតែ នៅតាមដងផ្លូវសម្បូរ ដោយធូលីដីហុយទ្រលោម ហើយនៅក្នុងរដូវប្រាំងនេះ អាកាសធាតុក្ដៅហួតហែង ខណៈ ដើមឈើជាច្រើន នៅតាមដងផ្លូវ ខ្លះងាប់ និងខ្លះទៀតត្រូវបានអាជ្ញាធរ កាប់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។