ដោយ ទីន ហ្សាការីយ៉ា
2025.03.05
RFA

អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា (ឆ្វេង) និងឪពុករបស់លោក គឺ លោក សុខ ស៊ុនណារ៉េត។ រូប៖ ហ្វេសប៊ុកលោក ស៊ន តារា
តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងសុំនៅក្រៅឃុំរបស់ឪពុកអ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២១ ខែមីនា។ គ្រួសារ និងមន្ត្រីសង្គមស៊ីវិលសង្ឃឹមថា តុលាការកំពូលនឹងសម្រេចសេចក្ដីដោយផ្អែកលើការពិត និងមិនលំអៀងទៅគណបក្សកាន់អំណាច។
តុលាការកំពូលបើកសវនាការ អសាធារណៈលើសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នលើ អតីតទាហានសឹករងខេត្តកំពង់ស្ពឺ និងជាឪពុករបស់ លោក ស៊ន តារា គឺ លោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី៥ ខែមីនា ដែលត្រូវបានចោទប្រកាន់ពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន»។
លោក សុខ ស៊ុនណារ៉េត ត្រូវពិនិត្យសុខភាពតាមកាលកំណត់របស់ពេទ្យថៃ
ប្អូនប្រុសរបស់លោក ស៊ន តារា គឺ លោក ស៊ន សារ៉ាត ដែលបានចូលស្តាប់នៅក្នុងបន្ទប់សវនាការ លើកឡើងថា សវនាការបានធ្វើឡើងត្រឹមរយៈពេល៥នាទីដោយចៅក្រមជំនុំជម្រះបានឱ្យមេធាវីការពារក្ដីឪពុករបស់លោកលើកឡើងពីគោលបំណងដែលស្នើសុំឱ្យ លោក សុខ ស៊ុនណារ៉េត បាននៅក្រៅឃុំ ហើយមេធាវីបានលើកឡើងថា កូនក្ដីរបស់លោកត្រូវទៅពិនិត្យសុខភាពតាមការកំណត់របស់មន្ទីរពេទ្យនៅប្រទេសថៃនៅខែមេសាខាងមុខ។ លោក ស៊ន សារ៉ាត រំពឹងថា ចៅក្រមជំនុំជម្រះនឹងទទួលយកតាមការស្នើសុំរបស់ឪពុកលោកដើម្បីអាចនៅក្រៅឃុំបណ្ដោះអាសន្នបាន។
លោក ស៊ន សារ៉ាត៖ «ហេតុផលដោយសារគាត់ ដោយសារគាត់ត្រូវការព្យាបាលជំងឺប្រចាំកាយជាទៀងទាត់របស់គាត់ ហើយគាត់នៅក្នុងពន្ធនាគារហ្នឹងគាត់ឧស្សាហ៍មានបញ្ហាសុខភាពជាពិសេសជង្គង់គាត់ជារឿយៗតែងតែឈឺ អ៊ីចឹងហើយទើបយើងស្នើសុំឱ្យគាត់នៅក្រៅឃុំបណ្ដោះអាសន្ន ហើយទីមួយដោយសារមានវេជ្ជបញ្ជាពីមន្ទីរពេទ្យហ្នឹងត្រូវពិនិត្យមើលជង្គង់គាត់ជាទៀតគាត់»។
មេធាវីការពារក្ដីឱ្យលោក សុខ ស៊ុនណារ៉េត គឺលោក អ៊ឹម ផាន់ណា បដិសេធឆ្លើយតបជុំវិញករណីនេះ។ ប្រធានចៅក្រមជំនុំជម្រះ លោក សឹង បញ្ញាវុឌ្ឍ កំណត់យកថ្ងៃទី២១ ខែមីនា ប្រកាសសាលដីកាលើសំណុំរឿងនេះ។
ក្ដីសង្ឃឹមតិចតួចថា មានការដោះលែងលោក សុខ ស៊ុនណារ៉េត
ជុំវិញករណីនេះ អតីតជំទប់ទី២ សង្កាត់ប៉ោយប៉ែត អ្នកស្រី ចៅ រតនៈ ដែលឪពុករបស់អ្នកស្រីកំពុងជាប់ពន្ធនាគារដែរនោះមានក្ដីរំពឹងតិចតួចថា តុលាការនឹងសម្រេចឱ្យលោក សុខ ស៊ុនណារ៉េត នៅក្រៅឃុំបណ្ដោះអាសន្ន។ អ្នកស្រីថា ការចាប់ខ្លួន លោក សុខ ស៊ុនណារ៉េត នេះធ្វើឡើងដោយសារតែសកម្មភាពកូនប្រុសរបស់លោក គឺ លោក ស៊ន តារា តែងរិះគន់មកលើរដ្ឋាភិបាលនៅលើបណ្ដាញសង្គម។
អ្នកស្រី ចៅ រតនៈ ថាតុលាការកម្រផ្ដល់យុត្តិធម៌ ឬស្វែងរកការពិតទៅលើមន្ត្រីនយោបាយបក្សប្រឆាំង ហើយពួកគាត់ជាច្រើននាក់បានជាប់ពន្ធនាគារទាំងគ្មានកំហុស។ ទោះជាយ៉ាងណា អ្នកស្រីថាតុលាការនឹងសម្រេចឱ្យ មន្ត្រីបក្សប្រឆាំងទាំងឡាយណារួចទោស ឬនៅក្រៅឃុំ ប្រសិនបើពួកគាត់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ឬចេញវីដេអូសុំទោសរដ្ឋាភិបាល។
អ្នកស្រី ចៅ រតនៈ៖ «អ៊ីចឹងវាជាហេតុការមួយដែលពួកខ្ញុំមិនទទួលយកទេ ដោយសារការចោទប្រកាន់ពីតុលាការមកកាន់ខ្ញុំទាំងអស់គ្នាថាមានបទល្មើសញុះញង់ បង្កអសន្តិសុខអីជាដើមអ៊ីចឹងទៅ ប៉ុន្តែនៅពេលដែលខ្ញុំលើកដៃសុំទោស ដែលមានសមាជិកមួយចំនួនលើកដៃសុំទោស ឬចុះចូលវាតែងតែមានសេរីភាពមកវិញ អ៊ីចឹងវាដូចជាការលេងសើចមែនទែន សម្រាប់សមាជិកសមាជិកាដូចអ្នកដែលជាប់ពន្ធនាគារដទៃទៀត អ៊ីចឹងវាជាចារឹកនយោបាយដោយសារផ្អែកលើរូបភាពបែបហ្នឹង»។
«ល្បិចលោក ហ៊ុន សែន ធ្វើបាកលោក ស៊ន តារា នៅក្រៅប្រទេស»
កាលពីឆ្នាំ២០២៣ កន្លងទៅអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ព្រមានថា នឹងធ្វើទុក្ខបុកម្នេញគ្រួសារ លោក ស៊ន តារា ដើម្បីជាការសងសឹកដែលកាលនោះ លោក ស៊ន តារា មិនព្រមបញ្ឈប់រិះគន់រដ្ឋាភិបាលរឿងគ្មានលុយរៀបចំពិធីបុណ្យអុំទូក និងថាយកលុយទៅរៀបចំស៊ីហ្គេម ដោយមិនគិតគូរពីពលរដ្ឋក្រីក្រ។ បន្ថែមពីនេះ លោក ហ៊ុន សែន បានព្យាយាម អូសទាញលោក ស៊ន តារា ឱ្យផ្ដាច់ខ្លួនចេញពីបក្សប្រឆាំងមិនបានដូចបំណង លោក ហ៊ុន សែន បានបង្ខំឱ្យឪពុករបស់លោក ស៊ន តារា កាត់កាល់កូនប្រុសចោល និងព្រមានថា បើឪពុកម្តាយប្រដៅលោក ស៊ន តារា មិនបានទេ លោកនឹងដកតំណែងសាច់ញាតិរបស់លោក ស៊ន តារា ធ្វើការនៅក្នុងជួររដ្ឋចោលទាំងអស់។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី៥ ខែមីនា។
អត្ថបទដែលទាក់ទង៖
គ្រួសារ និងមន្ត្រីសង្គមស៊ីវិលស្នើតុលាការកំពូលឱ្យដោះលែងឪពុកលោក ស៊ន តារា នៅក្រៅឃុំ
គ្រួសារលោក ស៊ន តារា សោកស្ដាយ ចំពោះសាលាឧទ្ធរណ៍ ដែលបដិសេធការសុំនៅក្រៅឃុំរបស់ឪពុក
សាច់ញាតិរបស់លោក ស៊ន តារា ស្នើឱ្យតុលាការដោះលែងឪពុកឱ្យមានសេរីភាពវិញ
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត មានប្រសាសន៍ថា តាមរយៈអង្គហេតុដែលនាំឱ្យមានការចាប់ខ្លួន លោក សុខ ស៊ុនណារ៉េត បានធ្វើឱ្យមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាករណីនយោបាយ ដូច្នេះលោកសង្ឃឹមថា ស្ថាប័នតុលាការដែលតែងតែអះអាងពីឯករាជ្យភាពរបស់ខ្លួននោះនឹងសម្រេចឱ្យលោក សុខ ស៊ុនណារ៉េត ទទួលបានយុត្តិធម៌។
លោក យី សុខសាន្ត៖«គឺខ្ញុំយល់ថាតុលាការនឹងទម្លាក់ចោលការចោទប្រកាន់ទៅលើរូបគាត់ ពីព្រោះអ្វីដែលយើងមើលឃើញថាតុលាការដែលជាស្ថាប័នមួយដែលឯករាជ្យ មិនរណបគណបក្សនយោបាយ ឬអ្នកមានអំណាចណាដែរ ដូច្នេះលោកនឹងវិនិច្ឆ័យដោយយុត្តិធម៌សម្រាប់គាត់»។
ក្រោយពេល អាជ្ញាធររដ្ឋាភិបាលត្រកូល ហ៊ុន បានចាប់ខ្លួនឪពុកដាក់ពន្ធនាគារមក លោក ស៊ន តារា បានផ្អាកអត្ថាធិប្បាយរឿងបញ្ហានយោបាយ និងសង្គមនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន។ ប៉ុន្តែលោក ស៊ន តារា បង្ហោះសាររៀបរាប់ពីការតស៊ូរបស់ឪពុក ដែលយកជីវិតជាទុនការពារជាតិ ដោយស្មោះត្រង់នៅលើសមភូមិសង្គ្រាម ព្រមទាំងបង្ហាញពីទុក្ខក្រៀមក្រំរបស់គ្រួសារលោក ក្រោយពេលសមត្ថកិច្ចចាប់ឪពុកដាក់ពន្ធនាគារទាំងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។