ដោយ ទីន ហ្សាការីយ៉ា
2025.03.06
RFA

សមាជិកព្រឹទ្ធសភា និងជាប្រធានក្រមហ៊ុន អាន កូ គ្រុប គឺលោក កុក អាន។ រូប៖ បណ្ដាញសង្គម
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត រអ៊ូរទាំពីបញ្ហាដាច់អគ្គិសនី និងទឹកស្អាតស្ទើររាល់ថ្ងៃ នៅក្នុងរដូវក្ដៅ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងរបររកស៊ីចិញ្ចឹមជីវិត។ ពួកគាត់ថា បញ្ហាដាច់ភ្លើងដូចសត្វអំពិលអំពែកនេះ បានកើតមានឡើងរាល់ឆ្នាំ នៅក្នុងរដូវក្ដៅ ដែលជាពេលមានតម្រូវការប្រើប្រាស់អគ្គិសនី និងទឹកស្អាតច្រើន ក៏ប៉ុន្តែក្រុមហ៊ុនដែលផ្គត់ផ្គង់ មិនបានធ្វើការកែលំអចំពោះបញ្ហានេះឡើយ ខណៈប្រជាពលរដ្ឋបានបង់ថ្លៃលើការចំណាយពេញថ្លៃ។
អាកាសធាតុក្ដៅនៅក្នុងខែផល្គុននេះ បានធ្វើឱ្យអារម្មណ៍ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ក្ដៅអាប់អួទៅតាមអាកាសធាតុដែរ។ ភាពក្ដៅក្រហាយនេះ គឺមិនមែនដោយសារពួកគាត់ខឹងនឹងកម្ដៅព្រះអាទិត្យនោះទេ ក៏ប៉ុន្តែ គឺដោយសារការដាច់ចរន្តអគ្គិសនី និងទឹកស្អាតជាញឹកញាប់ ដែលរំខានដល់ការរស់នៅ និងអាជីវកម្មរបស់ពួកគាត់។
ដាច់អគ្គិសនីដាច់១ថ្ងៃជិត១០ដង
ពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កញ្ញា គា ស៊ីវឡាង ប្រាប់វិទ្យុអាស៊ីសេរី ថា គ្រាន់តែចូលដល់រដូវក្ដៅភ្លាម ការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅផ្ទះរបស់កញ្ញា បានចាប់ផ្ដើមរអាក់រអួលរាល់ថ្ងៃ ដោយពេលខ្លះដាច់អគ្គិសនីជិត ១០ដង និងពេលខ្លះទៀតដាច់នៅពាក់កណ្ដាលយប់ រហូតទល់ភ្លឺក៏មាន។ កញ្ញាត្អូញត្អែរថា ការដាច់ភ្លើងនេះ បានធ្វើឱ្យគ្រឿងបរិក្ខារអេឡិចត្រូនិកនៅក្នុងផ្ទះរបស់កញ្ញាខូចខាត ហើយស៊ីភ្លើងជាងមុន និងប៉ះពាល់ដល់ការរស់នៅ ជាពិសេសនៅពេលទទួលទានដំណេក។
កញ្ញា គា ស៊ីវឡាង៖ «ក្ដៅដូចស្រុះ និងដូចនៅក្នុងទូស្ទីមអ៊ីចឹង។ ខែនេះភ្លើងដាច់រហូត មួយភ្លែតដាច់ មួយភ្លែតមកវិញ ក្នុងមួយថ្ងៃច្រើនដង ហើយមួយព្រឹកនេះ ចូលប្រាំ ប្រាំមួយដងហើយ។ ឥឡូវនេះ ឧបមាថាយើងកំពុងបើកម៉ាស៊ីនត្រជាក់ ហើយទម្រាំតែត្រជាក់ក៏ចំណាយពេលពី១០ទៅ២០នាទីដែរ ហើយនៅពេលដាច់ភ្លើងអ៊ីចឹង គឺវាចាប់ផ្ដើមសាជាថ្មីវិញហើយ អ៊ីចឹងភ្លើងហ្នឹង វាត្រូវទាញអស់ច្រើនទៀតហើយ»។
ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតនៅក្នុងក្រុងប៉ោយប៉ែត គឺស្ថិតនៅក្រោមការវិនិយោគ និងចំណាយផ្ដាច់មុខរបស់ ក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP) ដែលជាកម្មសិទ្ធិរបស់លោក កុក អាន គឺជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា។ ក្រុមហ៊ុននេះ បានទទួលសិទ្ធិពីរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត រីសត និងកាស៊ីណូ នៅក្នុងតំបន់ខេត្តជាប់ព្រំដែនមួយចំនួន ដូចជា ក្រុងបាវិត ខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាដើម។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន អានកូ គ្រុប តែងតែទទួលរងការរិះគន់ពីប្រជាពលរដ្ឋថា ផ្គត់ផ្គង់អគ្គិសនីមិនបានល្អ និងមិនគ្រប់គ្រាន់ ខណៈការផ្គត់ផ្គង់ទឹកស្អាតវិញ មានគុណភាពអន់ កខ្វក់ មានក្លិនស្អុយ និងមានសត្វដង្កូវល្អិតៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ទឹករបស់ក្រុមហ៊ុននេះសម្រាប់ងូត និងបរិភោគ កើតកន្ទួលរមាស់ពេញខ្លួន និងរាគរូស។
ដាច់ភ្លើងញឹកញាប់
អាជីវករលក់ដូរនៅក្រុងប៉ោយប៉ែត លោក ផែង សុខ លើកឡើងថា នៅតំបន់របស់លោក អគ្គិសនីដាច់មិនសូវយូរនោះទេ ក៏ប៉ុន្តែដាច់ច្រើនដង ដែលកត្តានេះ បានធ្វើឱ្យទូទឹកកក និងសម្ភារៈដែលដោតជាប់នឹងបណ្ដាញអគ្គិសនី នៅក្នុងហាងរបស់លោក បានឆេះខូច និងស៊ីភ្លើងជាងមុន។
លោក ផែង សុខ៖ «មួយរយៈនេះដាច់ញឹកញាប់។ នៅពេលដាច់ញឹកញាប់អ៊ីចឹងទៅ អាចធ្វើឱ្យខូចគ្រឿងអំពូល និងខូចប្រព័ន្ធកុងទ័រ»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញតបណ្ដាញអគ្គិសនីម្នាក់ នៅក្រុងប៉ោយប៉ែត ថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ អះអាងថា មូលហេតុដែលធ្វើឱ្យក្រុងប៉ោយប៉ែត ដាច់អគ្គិសនីញឹកញាប់ គឺបណ្ដាលមកពីទំហំអគ្គិសនី ដែលនាំចូលមកពីប្រទេសថៃ មានកម្លាំងមិនគ្រប់គ្រាន់ ខណៈនៅតាមអគារកាស៊ីណូ អគារប្រតិបត្តិការតាមអនឡាញ និងរោងចក្រ មានតម្រូវការប្រើប្រាស់អគ្គិសនីច្រើនជាងពលរដ្ឋទូទៅ។
អ្នកជំនាញអគ្គិសនី៖ «មូលហេតុអ៊ីចឹងហើយ បានថៅកែអនឡាញហ្នឹង គេជះលុយទិញម៉ាស៊ីនភ្លើងធំៗ សម្រាប់ដាក់នៅពេលដាច់ភ្លើងហ្នឹង។ ព្រោះបុគ្គលិកអគារនីមួយៗហ្នឹង ហើយកុំព្យូទ័រហ្នឹង ស៊ីភ្លើងខ្លាំងណាស់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុន អានកូ គ្រុប និងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែមីនា។
អត្ថបទដែលទាក់ទង៖
តើឧកញ៉ាសម្បូរដោយរឿងអាស្រូវណាខ្លះអាចបានតំណែងសមាជិកព្រឹទ្ធសភា?
តាមការជូនដំណឹងរបស់ក្រុមហ៊ុន អានកូ គ្រុប នៅក្នុងក្រុមបណ្ដាញទំនាក់ទំនងតេឡេក្រាម ឱ្យដឹងថា មូលហេតុដែលនាំឱ្យដាច់ចរន្តអគ្គិសនី ជាបន្តបន្ទាប់បែបនេះ គឺបណ្ដាលមកពីការដំឡើង ខ្សែបណ្ដាញតង់ស្យុងមធ្យម ការប្រើប្រាស់អគ្គិសនីមានតម្រូវការច្រើន និងការប្ដូរខ្សែបណ្ដាញថ្មីនៅក្នុងតំបន់អគារកាស៊ីណូជាដើម។
អគ្គិសនីដែលក្រុមហ៊ុន អានកូ គ្រុប ផ្គត់ផ្គង់ឱ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត គឺនាំចូលពីប្រទេសថៃ ដោយចែកចាយបន្តទៅឱ្យប្រជាពលរដ្ឋ មានតម្លៃជាង ៧រយរៀលក្នុងមួយគីឡូវ៉ាត់ ចំណែកទឹកស្អាត មានតម្លៃ ១ពាន់ ៥រយរៀល ក្នុងមួយម៉ែត្រគីប។ ទោះយ៉ាងណា ពលរដ្ឋអះអាងថា ក្រុមហ៊ុន អានកូ គ្រុប ផ្គត់ផ្គង់អគ្គិសនី ដោយផ្ដោតសំខាន់តែទៅលើអាគារកាស៊ីណូ និងទីតាំងប្រតិបត្តិការអនឡាញ ច្រើនជាងការចែកចាយទៅកាន់ផ្ទះប្រជាពលរដ្ឋ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIREA) លោក ឌិន ពុទ្ធី លើកឡើងថា ដើម្បីដោះស្រាយបញ្ហាដាច់អគ្គិសនី និង គុណភាពទឹកស្អាតនៅក្រុងប៉ោយប៉ែត រដ្ឋាភិបាលគួរតែបើកឱ្យ ក្រុមហ៊ុនផ្សេងទៀត ចូលមកវិនិយោគចំណាយផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីឱ្យមានការប្រកួតប្រជែងលើតម្លៃ និងគុណភាព ដោយមិនត្រូវឱ្យក្រុមហ៊ុនមួយ ផ្គត់ផ្គង់ផ្ដាច់មុខឡើយ។
លោក ឌិន ពុទ្ធី៖ «វាជាសេវាសាធារណៈ ដែលទទួលសិទ្ធិពីរដ្ឋមកវិនិយោគ ហើយបានប្រាក់ចំណេញទៅ បង់ពន្ធជួនរដ្ឋ។ ប្រសិនបើករណីក្រុមហ៊ុននៅតែបំពារបំពាន ធ្វើមិនស្អាត មិនល្អ មិនគោរពកាតព្វកិច្ចរបស់ខ្លួន និងបំពានសិទ្ធិពលរដ្ឋដដែលៗហ្នឹង រដ្ឋមានសិទ្ធិដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនហ្នឹង ហើយផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនផ្សេងទៀត ដើម្បីវិនិយោគ ឬក៏ក្រុមហ៊ុនហ្នឹង ត្រូវមានពីរ ឬបី ដើម្បីការប្រកួតប្រជែងគ្នា»។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតស្នើឱ្យរដ្ឋាភិបាល ផ្លាស់ប្ដូរក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត នៅក្នុងក្រុងប៉ោយប៉ែត ព្រោះក្រុមហ៊ុន អានកូ គ្រុប របស់លោក កុក អាន បានផ្គត់ផ្គង់សេវាទាំងនេះ គ្មានស្ថិរភាព និងគុណភាពនោះឡើយ ខណៈបញ្ហាទាំងនេះ ក្រុមហ៊ុនក៏មិនបានកែលំអឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។