ដោយ មាន ឫទ្ធិ
2025.03.06
RFA

ជនសង្ស័យជនជាតិចិន ៣នាក់ មានឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) (រូបស្ដាំ) ជាមេខ្លោង ដែលសម្លាប់នារីវ័យ ១៨ឆ្នាំ ឈ្មោះ ហេង សៀវលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបំបិទមាត់រឿងប្រតិបត្តិការឆបោកតាមល្បែងអនឡាញ ចាប់ជំរិតទារប្រាក់ និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនទៀត។ រូប៖ ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ
មេខ្លោងនៃក្រុមជើងកាងជនជាតិចិនមួយក្រុម ដែលបានរៀបចំគម្រោងសម្លាប់នារីវ័យជំទង់ ឈ្មោះ ហេង សៀវលី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ម្ដាយនារីរងគ្រោះបញ្ជាក់ថា មេខ្លោងដែលសម្លាប់កូនស្រីគាត់គឺជាមេក្រុមដែលកំពុងប្រតិបត្តិការអំពើឆបោកតាមអនឡាញនៅកម្ពុជា ហើយការសម្លាប់នារីរងគ្រោះឈ្មោះ ហេង សៀវលី គឺដើម្បីបំបិទមាត់ព្រោះក្រុមឃាតករបារម្ភពីការបែកធ្លាយការសម្ងាត់នៃអំពើឧក្រិដ្ឋកម្មចាប់ជំរិត និងអំពើឆបោកតាមអនឡាញរបស់ពួកគេ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ហាញមុខមេខ្លោងជនសង្ស័យជនជាតិចិនឈ្មោះ យ៉ាង ខៃស៊ីន (Yang Kaixin) ដែលរៀបចំផែនការសម្លាប់នារីរងគ្រោះវ័យ ១៨ឆ្នាំឈ្មោះ ហេង សៀវលី ដើម្បីបំបិទមាត់ និងបារម្ភថា ជនរងគ្រោះលាតត្រដាងអំពីប្រតិបត្តិការឆបោកតាមល្បែងអនឡាញ ចាប់ជំរិតទារប្រាក់ និងសកម្មភាពឧក្រិដ្ឋកម្មមួយចំនួនទៀត។
កម្លាំងជំនាញបានអះអាងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកអំពីប្រតិបត្តិការបង្ក្រាបមេខ្លោងជនសង្ស័យជាមេឃាតកររូបនេះ គឺមានការចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចវៀតណាម និងត្រូវបានឃាត់ខ្លួនកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៦ ខែមីនា នៅក្នុងទឹកដីក្រុងបាវិត ខេត្តស្វាយរៀង។
ចម្លើយសារភាពជនសង្ស័យជនជាតិចិន ២នាក់ ម្នាក់ឈ្មោះ ចេន កុង (Chen Cong) គឺជាមិត្តប្រុសរបស់នារីរងគ្រោះឈ្មោះ ហេង សៀវលី និងម្នាក់ទៀតមានឈ្មោះ លី ហាវហាវ (Li HaoHao) បានសារភាពថា ពួកគេពិតជាបានចូលរួមក្នុងផែនការជនសង្ស័យដែលជាមេខ្លោងពួកគេឈ្មោះ យ៉ាង ខៃស៊ីន សម្លាប់នារីរងគ្រោះឈ្មោះ ហេង សៀវលី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយសារតែបារម្ភអំពីការបែកធ្លាយរ៉ាវរឿងសម្ងាត់របស់ពួកគេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៦ ខែមីនា។
ក្រុមឃាតករបានវាយដំ និងធ្វើទារុណកម្មនារីរងគ្រោះឈ្មោះ ហេង សៀវលី រហូតដល់ស្លាប់កាលពីថ្ងៃទី២៧ ខែកុម្ភៈ បន្ទាប់មកក្រុមឃាតករបានដោះសំលៀកបំពាក់នារីរងគ្រោះហើយដឹកសាកសពយកទៅកប់ក្នុងដីខ្សាច់នៅជិតបឹងមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ម្ដាយនារីរងគ្រោះ គឺលោកស្រី ទឹម សុភី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមីនាថា កូនលោកស្រីឈ្មោះ ហេង សៀវលី កាលពីថ្ងៃទី២៧ ខែមករា បាននាំមិត្តប្រុសជាជនជាតិចិនឈ្មោះ ចេន កុង និងបក្ខពួករបស់ពួកគេចំនួន ២ នាក់ទៀតមកលេងផ្ទះលោកស្រី ដើម្បីស្នើសុំកូនស្រីទៅបម្រើការងារអនឡាញ (Online) ឱ្យក្រុមជនជាតិចិនទាំងនោះនៅរាជធានីភ្នំពេញ។ លោកស្រីបញ្ជាក់ថា ជនសង្ស័យជាក្រុមឃាតករទាំងនោះបានល្បួងកូនលោកស្រីជាច្រើនលើកច្រើនសារដោយបញ្ជាក់ថា ពួកគេនឹងជួលខុនដូ (Condo) ឱ្យកូនស្រីស្នាក់នៅក្នុងរាជធានីភ្នំពេញ និងបង្ហាត់ការងារផ្នែកអនឡាញដល់នារីជនរងគ្រោះ និងបញ្ជាក់ថា ប្រភេទការងារនេះអាចរកចំណូលបានចន្លោះពី ៦រយដុល្លារ ទៅ ៧រយដុល្លារក្នុងមួយខែ។
លោកស្រី ទឹម សុភី បញ្ជាក់ថា កូនស្រីសម្រេចចិត្តឈប់ធ្វើការងារជាអ្នកលក់ឥវ៉ាន់នៅអគារណានហៃ (Nanhai) ក្នុងខេត្តព្រះសីហនុ និងមករាជធានីភ្នំពេញតាមការល្បួងរបស់ក្រុមជនជាតិចិនទាំងនោះនៅដើមខែកុម្ភៈ។ លោកស្រីបញ្ជាក់ទៀតថា កូនស្រី ឈ្មោះ ហេង សៀវលី ពេលមកដល់រាជធានីភ្នំពេញភ្លាមនាងមិនត្រូវបានក្រុមជើងកាងជនជាតិចិនទាំងនោះឱ្យបម្រើការងារអនឡាញទេ ហើយអំឡុងពេលជាង ១០ថ្ងៃមុនត្រូវបានឃាតករសម្លាប់គឺនាង ស្នាក់នៅជាមួយជនជាតិចិនដែលជាសង្សារឈ្មោះ ចេន កុង នៅអគារខុនដូមួយកន្លែងក្នុងរាជធានីភ្នំពេញដែលមានកម្ពស់ ៤០ជាន់ ហើយកូនលោកស្រី និងមិត្តប្រុសរបស់នាងស្នាក់នៅជាន់ទី១១។
លោកស្រី ទឹម សុភី៖ «ខុនដូគេ [កូនខ្ញុំ] ថា មួយខែ ៤រយដុល្លារកូនប្រាប់ថា មាន ៤០ជាន់តែអត់ដឹងឈ្មោះអីទេ គាត់ជួលបន្ទប់មួយនៅជាមួយមិត្តប្រុសហ្នឹង។ ចិនវាថា នាំកូនខ្ញុំមកធ្វើអនឡាញនៅភ្នំពេញ ហៅកូនខ្ញុំល្បួងមកពីកំពង់សោមមកធ្វើការអនឡាញឱ្យវា។ ចិនប្រាប់ថា ធ្វើអនឡាញបើអត់ចេះវាអ្នកបង្រៀនទៀត។ ខ្ញុំដឹងធ្វើយ៉ាងម៉េច ពួកអនឡាញចិនខ្ញុំមិនដឹងដែរ។ ចិនថា ចាំមកតាមវាចាំនាំទៅធ្វើកន្លែងគេមានក្រុមហ៊ុនធ្វើអនឡាញ តែកូនខ្ញុំមិនទាន់បានចូលធ្វើទេ។ ចាស! កូនខ្ញុំនិយាយប្រាប់តាមដំណើរហ្នឹងអ៊ីចឹង»។
លោកស្រី ទឹម សុភី រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីទៀតថា កូនស្រីរបស់លោកស្រីមានទំនាក់ទំនងស្នេហាជាមួយជនជាតិចិនជាង ៦ខែមកហើយ ពោលតាំងពីនាង និងសង្សារជាជនជាតិចិននោះធ្វើការងារនៅក្នុងអគារណានហៃក្នុងខេត្តព្រះសីហនុជាមួយគ្នា។ លោកស្រីបញ្ជាក់ថា ការល្បួងរបស់ក្រុមជនជាតិចិនឱ្យកូនស្រីបម្រើការងារអនឡាញឱ្យពួកគេក្នុងរាជធានីភ្នំពេញ គឺចំពេល ដែលក្រុមជនជាតិចិនទាំងនោះផ្លាស់ប្ដូរទីកន្លែងប្រតិបត្តិការឆបោកតាមអនឡាញក្នុងរយៈពេល ៦ខែម្ដង។
លោកស្រី ទឹម សុភី៖ «យើងបារម្ភថា គេមានលុយខ្លាចតែកូនខ្ញុំស្លាប់ទៅមិនបានសងសំណងមកក៏មិនបាន ខ្លាចតែគេមានលុយគេបុកទៅប៉ូលិស ហើយយើងវាអត់មានខ្នងអ៊ីចឹង»។
លោកស្រី ទឹម សុភី ឱ្យដឹងទៀតថា លោកស្រីបានព្យាយាមផ្ដល់សាក្សីទាក់ទងនឹងករណីឃាតកម្មលើកូនស្រីទៅប៉ូលិសដែរពេលលោកស្រីទៅដាក់ពាក្យបណ្ដឹងនៅនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែក្រុមកម្លាំងជំនាញបានឱ្យលោកស្រីរក្សាភាពស្ងប់ស្ងាត់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការផ្ដល់តម្រុយសង្ស័យរបស់ម្ដាយជនរងគ្រោះគឺជាភស្តុតាងសំខាន់មួយទៀតដែលសមត្ថកិច្ចគួរស៊ើបអង្កេតឱ្យបានម៉ឺងម៉ាត់លើករណីបទល្មើសឧក្រិដ្ឋផ្សេងទៀត បន្ថែមពីលើករណីឃាតកម្មលើក្មេងស្រីជំទង់អាយុ ១៨ឆ្នាំ។
លោក អំ សំអាត៖ «ការស៊ើបអង្កេតឃាតកម្មគិតទុកជាមុននេះ ត្រូវធ្វើម៉េចរកជនដែលពាក់ព័ន្ធទាំងអស់ហ្នឹងយកមកអនុវត្តតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ ការផ្ដល់យុត្តិធម៌គឺមានយុត្តិធម៌មួយគឺការដាក់ ឬការផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរទៅលើ អំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ហ្នឹង។ ទីពីរ គឺទាក់ទងនឹងសំណងជួសជុលនឹងការបាត់បង់ជីវិត ឬវិសជ្ជនាកម្ម ផ្សេងទៀតដែលកើតឡើង»។
ក្រុមគ្រួសារជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សនៅតែបន្តជំរុញដល់សមត្ថកិច្ចជំនាញ និងស្ថាប័នតុលាការពន្លឿននីតិវិធីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារឱ្យបានឆាប់តាមរយៈការផ្ដល់សំណងជំងឺចិត្ត និងការផ្ដន្ទាទោសក្រុមឃាតករ និងអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មលើនារីរងគ្រោះឈ្មោះ ហេង សៀវលី ឱ្យបានធ្ងន់ធ្ងរ និងត្រឹមត្រូវតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។