កម្ពុជា
កម្ពុជា-បរិស្ថាន
11/03/2025 – 10:27
ដោយ៖ អោ ស្រីពេជ្រ
RFI
ក្រោយពីបានបើកឱ្យដំណើរការឡើងវិញក្នុងរយៈពេលប្រមាណ ៥ខែមក គម្រោងឥណទានកាបូន «រេដបូកជួរភ្នំក្រវាញខាងត្បូង» នៅតែបំពានសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដែលជាពលរដ្ឋរងគ្រោះក្នុងគម្រោង។ នេះបើតាមកាសែតបរទេសម៉ុងហ្គាបេចុះផ្សាយនៅថ្ងៃទី១០មីនា និងចោទថា គម្រោងឥណទានកាបូនដែលមានក្រសួងបរិស្ថានកម្ពុជាជាម្ចាស់ និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងដំណើរការគ្មានតម្លាភាពផ្នែកលុយកាក់ទៀតផង។
ម៉ុងហ្គាបេ៖ គម្រោងឥណទានកាបូនបន្តរំលោភសិទ្ធិសហគមន៍ជនជាតិដើមភាគតិច
គម្រោងឥណទានកាបូន «រេដបូកជួរភ្នំក្រវាញខាងត្បូង» កំពុងបំពានយន្តការដោះស្រាយបណ្តឹងរបស់អង្គការ Verra ដែលបានសម្រេចឲ្យគម្រោងឥណទានកាបូននេះដំណើរការឡើងវិញកាលពីខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែតបរទេសម៉ុងហ្គាបេនៅថ្ងៃទី១០ មីនា ដោយពលរដ្ឋរងគ្រោះក្នុងគម្រោងដែលជាជនជាតិដើមភាគតិចច្រឹងបានប្រាប់ម៉ុងហ្គាបេថា ក្នុងរយៈពេល ៥ខែកន្លងមកនេះ ពួកគេនៅតែបន្តរងការគាបសង្កត់ និងការរំលោភបំពានសិទ្ធិដីធ្លីដដែល។ តាមម៉ុងហ្គាបេ ការដោះស្រាយផលប៉ះពាល់គម្រោងឥណទានកាបូននេះនៅទ្រឹងមួយកន្លែង និងគ្មានសកម្មភាពសោះ។
ការណ៍នេះបាន និងកំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ព្រោះពួកគេមិនអាចអាស្រ័យផលដីព្រៃដើម្បីចិញ្ចឹមជីវិតបានដូចមុន។ ម៉ុងហ្គាបេបានលាតត្រដាងថា គម្រោងឥណទាននេះកំពុងមានជម្លោះប្លង់កម្មសិទ្ធិដីធ្លី និងមានការភាន់ច្រឡំលើផែនទីជាបញ្ហាចម្បងដែលមិនអាចរកដំណោះស្រាយបាន ពោលគឺមានប្លង់ដីរបស់សហគមន៍ជនជាតិដើមភាគតិចចំនួនតែ ៤៣ ក្នុងចំណោម ៤៥៨ប្លង់ប៉ុណ្ណោះដែលទទួលបានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ ត្រង់ចំណុចនេះត្រូវបានម៉ុងហ្គាបេបានសរសេរចោទថា គម្រោងឥណទានកាបូន «រេដបូកជួរភ្នំក្រវាញខាងត្បូង» ដែលមានក្រសួងបរិស្ថានកម្ពុជា ជាម្ចាស់ និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃកំពុងដំណើរការគ្មានតម្លាភាពផ្នែកលុយកាក់ទៀងផង។
ជុំវិញព័ត៌មានចុះផ្សាយដោយកាសែតម៉ុងហ្គាបេពេលនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថានបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១១ មីនានេះ។ តែលោកស្រី Suwanna Gauntlett នាយកអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រតិកម្មតបនឹងម៉ុងហ្គាបេថា អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានស្តាប់ក្តីកង្វល់របស់សហគមន៍ជនជាតិដើមភាគតិច និងថា ការអនុវត្តគម្រោងឥណទានកាបូន «រេដបូកជួរភ្នំក្រវាញខាងត្បូង» របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃពិតជាបានព្យាយាមកាត់បន្ថយហានិភ័យផ្សេងៗតាមការសន្យា។ គួរជ្រាបថា កាលពីថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៤ Verra ដែលជាអង្គការអន្តរជាតិមួយគ្រប់គ្រងគម្រោងអភិរក្សព្រៃឈើពិភពលោកបានសម្រេចលើកលែងការព្យួរលើការចេញលិខិតបញ្ជាក់ឱ្យគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងនៅប្រទេសកម្ពុជា បន្ទាប់ពីបានត្រួតពិនិត្យអស់ពេលជាង ១ឆ្នាំ។

អង្គការ Verra បានបញ្ជាក់ថា ការចេញវិញ្ញាបនបត្របញ្ជាក់ឱ្យគម្រោងកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើដ៏ចម្រូងចម្រាសឡើងវិញនេះក៏ព្រោះតែអង្គការ Verra បានពិនិត្យឃើញថា ការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance កន្លងមកមិនបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដូចការចោទប្រកាន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទេ។ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានចាប់ផ្តើមអនុវត្តន៍តាំងពីឆ្នាំ ២០១៥ តាមរយៈការលក់កាបូនពីធនធានធម្មជាតិស្រុកខ្មែរទៅបរទេស និងការជួយការពារ និងរក្សាបានលើការបំពុលឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ល។ គម្រោងនេះគ្របដណ្តប់លើឧទ្យានជាតិភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងទំហំផ្ទៃដី ៤៥០ ០០០ហិកតា និងមានជាប់ពាក់ព័ន្ធនឹងសហគមន៍ចំនួន ២៩ ក្នុងខេត្តចំនួន ៦៕