កម្ពុជា
កម្ពុជា-ចំណាកស្រុក
12/03/2025 – 11:48
ដោយ៖ អោ ស្រីពេជ្រ
RFI
ក្រសួងការងារថៃបានសម្រេចថា ពលករខ្មែរ ឡាវ និងភូមាដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ និងចង់ត្រលប់ទៅស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងមិនត្រូវការលិខិតអនុញ្ញាតដើម្បីត្រលប់ចូលប្រទេសថៃវិញទេ។ ចំណែកក្រសួងការងារកម្ពុជាបានអះអាងនៅថ្ងៃទី១២ មីនាថា ក្រសួង និងអាជ្ញាធរពាក់ព័ន្ធក៏កំពុងត្រៀមរៀបចំទទួលពលករខ្មែរដែលចង់ចូលស្រុកដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ថៃយល់ព្រមឲ្យពលករខ្មែរមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំដោយមិនបាច់មានលិខិតអនុញ្ញាត
រដ្ឋមន្រ្តីក្រសួងការងារថៃបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី១១ មីនាថា ពលករខ្មែរ ភូមា និងឡាវដែលចង់ត្រឡប់ទៅផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនឹងមិនចាំបាច់បង់ថ្លៃសុំការអនុញ្ញាតដើម្បីត្រលប់ទៅប្រទេសថៃវិញទេ។ តាមកាសែតថៃ ពលករបរទេសដែលគ្រោងទៅចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅស្រុកកំណើតនឹងមិនចាំបាច់មានលិខិតអនុញ្ញាតក្នុងរយៈពេល១ខែកន្លះចាប់ពីថ្ងៃទី០១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ចំពោះរដ្ឋមន្ត្រីក្រសួងការងារថៃ ពលករចំណាកស្រុក គឺជាកម្លាំងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃ និងថា ការលើកលែងនេះត្រូវបានចាត់ទុកជាការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍សមស្របដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ពលករបរទេសនៅថៃ និងជាការគាំទ្រដល់ទំនាក់ទំនងការងាររវាងថៃ និងប្រទេសជិតខាង។
គួរជម្រាបជូនថា កាយវិការអនុគ្រោះរបស់ថៃដូចនេះបានធ្វើឡើងចំនួន ២ឆ្នាំជាប់ៗគ្នាតាមការស្នើសុំរបស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាក្នុងអំឡុងពេលដែលលោកបានចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្នុងប្រទេសសិង្ហបុរីកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ និងបន្ទាប់ពីក្រសួងការងារបានផ្ញើលិខិតស្នើសុំម្តងទៀតនៅដើមខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារកម្ពុជា។ តែលោក កត្តា អ៊នមិនភ្លេចបញ្ជាក់ថា ការលើកលែងរបស់រដ្ឋមន្រ្តីក្រសួងការងារថៃពេលនេះនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ដរាបណាគ្មានសេចក្តីសម្រេចពីគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃថៃនោះ។

ទោះជាយ៉ាងណា និងបើតាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះដដែល ក្រសួងការងារកំពុងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដើម្បីសម្របសម្រួលការចេញចូលរបស់ពលករខ្មែរនៅតាមព្រំដែនក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ គេនៅមិនទាន់ដឹងថា នៅក្នុងចំណោមពលករខ្មែរជាង ១លាននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ តើនឹងមានប៉ុន្មាននាក់ដែលចង់មកស្រុកកំណើតដើម្បីចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួននោះទេ។ អ្វីដែលគេដឹង ការធ្វើដំណើរត្រូវមានការចំណាយថវិកា នោះបើទោះបីជាឆ្នាំនេះមិនត្រូវបានថៃគិតថ្លៃលើលិខិតអនុញ្ញាតចូលក្នុងទឹកដីរបស់គេក៏ដោយ។ សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ានចំនួន៤ គឺកម្ពុជា ថៃ ឡាវ និងភូមាត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងពេលតែមួយដូចគ្នារយៈពេល៣ ឬ ៤ថ្ងៃនៅក្នុងខែមេសាដូចរៀងរាល់ឆ្នាំ៕