ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក

កម្ពុជា
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ
16/03/2025 – 11:17
ដោយ៖ ជួប នរក្សា
RFI

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យទី១៦មីនានេះថា កម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណា ដែលថាអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង ដែលជាបញ្ជីក្រុមប្រទេសដែលអាមេរិក ពិចារណារឹតត្បិតការចេញចូលទៅក្នុងទឹកដីអាមេរិកនៅឡើយទេ។ សារព័ត៌មាន New York Times នៅចុងសប្តាហ៍នេះ បានចុះផ្សាយថា កម្ពុជាស្ថិតក្នុងបញ្ជីព៌ណលឿងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស។

ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក


បើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ភាគីកម្ពុជានៅមិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងគម្រោង សេចក្តីព្រាងរបស់សហរដ្ឋអាមេរិក ដែលដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង។

លោក ជុំ សុន្ទរី បញ្ជាក់ថា បច្ចុប្បន្នក្រសួងការបរទេសកំពុងស្វែងរកព័ត៌មានបន្ថែមពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកជាមុនសិន។ ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន New York Times បានចុះផ្សាយពីបញ្ជីប្រទេសដែលអាមេរិកសម្រេចហាមឃាត់ទាំងស្រុង និងមានប្រទេសខ្លះត្រូវអាមេរិកពិចារណារឹតត្បិតការធ្វើដំណើរចូលទៅកាន់ទឹកដីអាមេរិក។ ក្នុងនោះ កម្ពុជាស្ថិតក្នុងបញ្ជីព៌ណលឿងក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទៅទឹកដីអាមេរិក។ ចំពោះប្រទេសដែលស្ថិតក្នុង បញ្ជីពណ៌លឿងនេះ លោកដូណាល់ ត្រាំ បានទុកពេល ៦០ថ្ងៃ ដល់ក្រសួងការបរទេសអាមេរិក គិតចាប់ពីថ្ងៃទី២០ មករា ឆ្នាំ២០២៥ ពោលគឺនៅសប្តាហ៍ក្រោយ ដើម្បីធ្វើរបាយការណ៍ចុងក្រោយ ដាក់ជូនសេតវិមាន ពិនិត្យ និងសម្រេចចិត្តចុងក្រោយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបង្ហាញភាពសុទិដ្ឋិនិយម ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានភាពល្អប្រសើរ។ ល្អប្រសើរដោយសារតែ ថ្មីៗនេះកម្ពុជាបានអះអាងជាផ្លូវការថា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយអាមេរិក ជាពិសេសដំណើរពន្លឿនការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរដ្ឋបាលលោកដូណាល់ ត្រាំ សម្រេចចាប់បញ្ជូនចេញពីសហរដ្ឋអាមេរិក។ លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក កំពុងបន្តសម្ភាស និងចេញលិខិតធ្វើដំណើរជូនជនជាតិខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ត្រលប់មកវិញ។

ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក
ក្រសួងការបរទេស៖ កម្ពុជាមិនទាន់ទទួលដំណឹងផ្លូវការស្តីពីកម្ពុជាក្នុងបញ្ជីលឿងរបស់អាមេរិក © KPT

គ្រាន់តែចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាមនៅ ខែមករាដើមឆ្នាំនេះ លោកដូណាល់ ត្រាំ បានដាក់ចេញគោលនយោបាយរឹតបន្តឹងជនអន្តោប្រវេសន៍ខុសច្បាប់ ដោយត្រូវចាប់បញ្ជូនរាល់ពលរដ្ឋណាដែលស្នាក់នៅក្នុងប្រទេសអាមេរិកដោយគ្មានឯកសារគ្រប់គ្រាន់។ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋខ្មែរជាង១៧០០នាក់ ត្រូវប្រឈមនឹងការចាប់បណ្តេញចេញពីសហរដ្ឋអាមេរិក៕

What Next?

Recent Articles