កម្ពុជា
កម្ពុជា-នយោបាយ
17/03/2025 – 11:41
ដោយ៖ ជួប នរក្សា
RFI
នៅក្នុងលិខិតដាច់ដោយឡែកចំនួន៦ ច្បាប់នាថ្ងៃទី១៤ មីនា គណបក្សកម្លាំងជាតិបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំពោះបញ្ហានយោបាយក្នុងប្រទេសកម្ពុជា។ តាមគណបក្សកម្លាំងជាតិ ស្ថានភាពនយោបាយកម្ពុជាកាន់តែពិបាកទទួលយកនៅចំពោះមុខនៃការចាប់ខ្លួនសកម្មជននយោបាយជាច្រើនរូប។ តែអ្នកនាំពាក្យរដ្ឋាភិបាលបានចាត់សំណើរបស់បក្សកម្លាំងជាតិថាជារឿងគ្មានបានប្រយោជន៍អ្វីទេ។
បក្សកម្លាំងជាតិស្នើប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសអន្តរាគមន៍លើបញ្ហានយោបាយកម្ពុជា
នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំចំនួន៦ប្រទេសដែលរួមមាន លោក Donald Trump ប្រធាធិបតីអាមេរិក លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Ursula van der Leyen ប្រធានគណៈកម្មការអឺរ៉ុប លោក Anthony Albanese នាយរដ្ឋមន្ត្រីអូស្រ្តាលី និងលោក Shigeru Ishiba នាយរដ្ឋមន្ត្រីជប៉ុន គណបក្សកម្លាំងជាតិបានរៀបរាប់ថា ស្ថានភាពនយោបាយនៅកម្ពុជាក្រោយឆ្នាំ២០១៧ បានធា្លក់ចុះជាខ្លាំងរហូតដល់ពេលបច្ចុប្បន្ន តាមរយៈការរំលាយគណបក្សសង្រ្គោះជាតិ។ គណបក្សកម្លាំងជាតិបានរៀបរាប់ហេតុការណ៍នយោបាយជាច្រើនដែលបានកើតមាននៅក្រោយឆ្នាំ២០១៧ រួមមាន ការបដិសេធមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ការចាប់ខ្លួនសកម្មជននយោបាយ សហជីព និងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានមួយចំនួន។
បក្សប្រឆាំងមួយនេះបានលើកពីករណីចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ និងក្រុមយុវជនមាតាធម្មជាតិ។ ល។ ដោយយោងលើបញ្ហាទាំងនេះទើបបក្សកម្លាំងជាតិបានទទូចឲ្យមេដឹកនាំនៃបណ្តាប្រទេសទាំង៦ ខាងលើក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយអន្តរាគមន៍លើរដ្ឋាភិបាលកម្ពុជាឲ្យបើកលំហសិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យពេញលេញឡើងវិញ។ តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ចាត់ទុកថា ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីភាគីបរទេសជាយុទ្ធសាស្ត្រដដែលរបស់គណបក្សប្រឆាំងដែលបានធ្វើឡើងតាំងពីយូរមក និងថា យុទ្ធសាស្ត្រនេះមិនដែលមានប្រសិទ្ធិភាពឡើយ។

ក្នុងន័យនេះ លោក ប៉ែន បូណា បានស្នើឲ្យបក្សប្រឆាំងបញ្ឈប់សកម្មភាពស្វះស្វែងរកជំនួយពីបរទេស ព្រោះវាគ្មានឥទ្ធិពលទេ។ គួរកត់សម្គាល់ថា ការដាក់លិខិតរបស់គណបក្សកម្លាំងជាតិស្នើសុំអន្តរាគមន៍ពីសហគមន៍អន្តរជាតិធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិបានធ្វើសន្និសីទសារព័ត៌មានស្នើសុំតុលាការបង់ប្រាក់សំណង ១០ម៉ឺនដុល្លារ ជាដំណាក់កាលទៅឲ្យគណៈកម្មាធិការកិច្ចការព្រំដែន។ នៅក្នុងសំណុំរឿងដដែលនេះ គណបក្សកម្លាំងជាតិក៏ធ្លាប់បានព្យាយាមស្វះស្វែងជួបជាមួយបណ្តាអង្គទូតនៃប្រទេសលោកសេរីដើម្បីឲ្យពួកគេជួយតាមដានការវិវត្តន៍ស្ថានភាពនយោបាយកម្ពុជានាពេលចុងក្រោយ៕