កម្ពុជា
17/03/2025 – 09:49
ដោយ៖ អ៊ឹង ប៊ុនថន
RFI
នៅសហរដ្ឋអាមេរិក ក្រោយពីលោក ដូណាល់ ត្រាំ ប្រកាសបញ្ឈប់បុគ្គលិក ១៣០០នាក់នៅវិទ្យុ VOA និងប្រកាសផ្តាច់ជំនួយទៅកាន់វិទ្យុអាស៊ីសេរី (RFA) មក ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចាស់វស្សាទាំងពីរនេះបានបញ្ចេញប្រតិកម្មផ្សេងៗគ្នា។ នាយិកាវិទ្យុអាស៊ីសេរី លោកស្រី បេយ៍ ហ្វាង (Bay Fang) បានប្រកាសតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ។ ចំណែក នាយកវិទ្យុ VOA លោក Michael Abramowitz បានសម្តែង ការសោកស្តាយចំពោះការសម្រេចចិត្តរបស់ លោក ដូណាល់ ត្រាំ ក្នុងការបិទទ្វារវិទ្យុចំណាស់៨៣ឆ្នាំមួយនេះ។
វិទ្យុ RFA ប្រឆាំងតវ៉ា ចំណែកវិទ្យុ VOA សោកស្តាយចំពោះការបិទទ្វារពីរដ្ឋបាលលោក ដូណាល់ ត្រាំ
នៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសម្រេចផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរី RFA ដែលមានអាយុកាល ២៩ឆ្នាំ លោកស្រី បេយ៍ ហ្វាង នាយិកា RFA បានគូសបញ្ជាក់ថា ស្ថាប័នវិទ្យុអាស៊ីសេរី នឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចចិត្តនេះ។ លោកស្រី បេយ៍ ហ្វាង បានប្រៀបប្រដូចការផ្តាច់ជំនួយរបស់រដ្ឋបាលសហព័ន្ធដល់វិទ្យុអាស៊ីសេរីថាជាការផ្តល់រង្វាន់ទៅដល់មេដឹកនាំព្រៃផ្សៃ និងជនផ្ដាច់ការទាំងឡាយ រួមទាំងគណបក្សកុម្មុយនិស្តចិន។
តាមលោកស្រី បេយ៍ ហ្វាង វិទ្យុអាស៊ីសេរី បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយដល់ក្រុមអ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកឲ្យយល់ដឹងពីការពិតនៃអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសចិន និងប្រទេសដទៃទៀត ក្នុងតំបន់អាស៊ី ដែលមានការរឹតត្បិត និងថា វិទ្យុអាស៊ីសេរីបាននាំមកនូវតម្លាភាព និងគណនេយ្យភាពដល់សង្គម។
នាយិកាវិទ្យុអាស៊ីសេរីរូបនេះព្រមានថា ការផ្តាច់ជំនួយឲ្យវិទ្យុអាស៊ីសេរីមិនត្រឹមតែដកហូតសិទ្ធិពីមនុស្សជិត៦០លាននាក់ដែលតាមដានសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីជារៀងរាល់សប្តាហ៍នោះទេ តែការសម្រេចចិត្តនេះក៏ធ្វើឲ្យសហរដ្ឋអាមេរិកខាតបង់ដែរ។ តាមលោកស្រី បេយ៍ ហ្វាង វិទ្យុអាស៊ីសេរីនឹងតវ៉ាជំទាស់ទៅនឹងសេចក្តីសម្រេចដែលមិនបានគិតគូរវែងឆ្ងាយនេះ និងថាលោកស្រីនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីបន្តការងាររបស់ អ្នកកាសែតវិទ្យុអាស៊ីសេរី។
ចំណែក លោក Michael Abramowitz នាយក VOA បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ ទី១៥ មីនាថា លោកពិតជាមានការសោកស្ដាយជាខ្លាំង ព្រោះជាលើកដំបូងក្នុងរយៈពេល ៨៣ឆ្នាំមកនេះដែលលោកទើបតែឮការបំបិទមាត់វិទ្យុ VOA។ លោកអះអាងថា បេសកកម្មរបស់វិទ្យុ VOA មានសារៈសំខាន់ ពិសេសនាពេលបច្ចុប្បន្នដែលសត្រូវរបស់អាមេរិក ដូចជា អ៊ីរ៉ង់ ចិន និងរុស្សី កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារ ក្នុងការបង្កើតរឿងក្លែងក្លាយដើម្បីបង្ខូចកិត្តិយសសហរដ្ឋអាមេរិក។

លោក Michael Abramowitz បានគូសបញ្ជាក់ថា VOA បានលើកស្ទួយសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក ដោយផ្តល់ព័ត៌មានប្រកបដោយតុល្យភាព ពិសេសសម្រាប់អ្នកដែលរស់នៅក្រោមរបបផ្តាច់ការ។ តាម លោក Michael Abramowitz ស្ថានីយ៍វិទ្យុ VOA នៅក្នុងប្រទេសមួយចំនួនបានបញ្ឈប់ការផ្សាយព័ត៌មានរបស់ខ្លួនហើយ និងប្តូរទៅចាក់ចម្រៀងពេញម៉ោងវិញ៕