ដោយ មាន ឫទ្ធិ
2025.03.17
RFA

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន (Chinese) ២នាក់ និងជនជាតិមីយ៉ាន់ម៉ា (Myanmar) ២នាក់ដោយចោទប្រកាន់ពួកគេថា បានលាក់កំបាំងសាកសពជនជាតិចិនម្នាក់ដែលបានស្លាប់ដោយសារតែធ្លាក់ពីលើអគារនៅខេត្តត្បូងឃ្មុំ។ មន្ត្រីសិទ្ធិមនុស្សសង្ស័យករណីនេះថា ជនរងគ្រោះអាចស្លាប់ដោយសារតែក្រុមឧក្រិដ្ឋជនដែលកំពុងរកស៊ីឆបោកតាមអនឡាញ (Online) និងស្នើឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ជនរងគ្រោះជាជនបរទេសជាពិសេសគឺជនជាតិចិនមួយចំនួនកំពុងត្រូវបានគេប្រទះឃើញសាកសពជាបន្តបន្ទាប់នៅក្បែរអគារពាណិជ្ជកម្ម អគារបនល្បែង ខុនដូ (Condo) ជាដើម ហើយការស្លាប់របស់ពួកគេភាគច្រើនគឺដោយសារតែធ្លាក់ពីលើអគារ។ រូបភាពនៃជនរងគ្រោះដែលធ្លាក់ពីលើអគារខ្លះទៀតត្រូវបានមន្ត្រីសិទ្ធិមនុស្សសង្ស័យថា គឺមានការរៀបចំជាប្រព័ន្ធដោយមានក្រុមមនុស្សរៀបចំដឹកសាកសពនៃជនរងគ្រោះដែលធ្លាក់ពីលើអគារទៅកប់ចោល ដើម្បីបំបាត់ភស្តុតាង។
អគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងនៅថ្ងៃទី១៦ ខែមីនា ថា កម្លាំងជំនាញបានប្រទះឃើញសាកសពជនជាតិចិន នៅចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២ ខែមីនា។ ក្នុងសំណុំរឿងនេះ សមត្ថកិច្ចជំនាញអះអាងថា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ កាលពីថ្ងៃទី១៣ ខែមីនា ដោយអ្នកខ្លះចាប់បាននៅខេត្តព្រះសីហនុ និងអ្នកខ្លះទៀតចាប់បាននៅរាជធានីភ្នំពេញ។ ប្រភពដដែលបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានជនសង្ស័យជនជាតិចិន និងមីយ៉ាន់ម៉ា ៤នាក់ បានឆ្លើយប្រហាក់ប្រហែលគ្នាថា ពួកគេ បានយកជនរងគ្រោះធ្លាក់ពីលើអគារដែលមិនទាន់ស្លាប់ដឹកតាមរថយន្ត ហើយក្រោយមកជនរងគ្រោះបានស្លាប់តាមផ្លូវពួកគេក៏យកសាកសពទៅកប់នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិត្រពាំងផ្លុងទី២ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ សមត្ថកិច្ចបញ្ជាក់ថា មនុស្សចំនួន ៣នាក់ទៀត គឺពុំជាប់ពាក់ព័ន្ធក្នុងករណីនេះទេ។ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ លោក ង៉េង ជួ បានចោទប្រកាន់ជនសង្ស័យទាំង ៤នាក់ពាក់ព័ន្ធនឹងករណីលាក់កំបាំងសាកសព និងអះអាងថា បានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី។
ក្នុងសំណុំរឿងនេះ ក្រុមកម្លាំងនគរបាលមិនបានបង្ហាញទីតាំងនៃអគារដែលជនរងគ្រោះជនជាតិចិនបានធ្លាក់បាត់បង់ជីវិតនោះទេ។
ការស្លាប់នៃជនបរទេស នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ បន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញជាដើម ភាគច្រើននៃសាកសពជនរងគ្រោះគឺស្ថិតនៅទីតាំងអគារកាស៊ីណូ និងអគារអនឡាញ។ ករណីខ្លះសាកសពត្រូវបានគេរុំដោយថង់ប្លាស្ទិក (Plastic) រួចញាត់ចូលវ៉ាលី និងត្រូវបានគេដឹកទៅផ្លុង ឬកប់ចោលនៅតំបន់ឆ្ងាយៗ។
ទាក់ទងនឹងរឿងនេះ បុគ្គលិកបម្រើការងារកាស៊ីណូនៅខេត្តព្រះសីហនុដែលថ្លែងសុំលាក់អត្តសញ្ញាណអះអាងប្រាប់អាស៊ីសេរីថា តំបន់អគារកាស៊ីណូខ្នាតធំមួយចំនួននៅខេត្តព្រះសីហនុដូចជា តំបន់ ជីន ប៉ី និងនៅតំបន់ផ្សេងទៀតថៅកែចិនមានក្រុមភ្នាក់ងារសម្ងាត់ និងបុគ្គលជំនាញចាំរៀបចំសាកសពយកទៅបោះចោល។ បុគ្គលដដែលបញ្ជាក់ថា ក្រុមភ្នាក់ងារទាំងនោះភាគច្រើនជាជនបរទេស និងទទួលបានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែពួកគេធ្វើការប្រចាំថ្ងៃជ្រកក្រោមស្លាកកងសន្តិសុខ។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងអគ្គស្នងការនគរបាលជាតិ លោក ស ថេត និងស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា ដើម្បីសាកសួរជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៦ ខែមីនា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សង្ស័យថា ចំនួននៃជនបរទេសស្លាប់ដោយសារតែធ្លាក់ពីលើអគារជាញឹកញយក្នុងរយៈពេលចុងក្រោយនេះ គឺអាចជាប់ពាក់ព័ន្ធនឹងបញ្ហានៃអំពើឆបោកតាមអនឡាញដែលជនរងគ្រោះអាចស្លាប់ដោយស្ថិតក្នុងរូបភាពមួយរងសម្ពាធផ្លូវចិត្ត ឬដោយបង្ខិតបង្ខំ។ លោកចង់ឃើញសមត្ថកិច្ចស៊ើបអង្កេតករណីជនបរទេសដែលបានស្លាប់ដោយសារតែធ្លាក់ពីលើអគារប្រកបដោយតម្លាភាព ដើម្បីផ្ដល់យុត្តិធម៌សម្រាប់ជនបរទេសដែលបានស្លាប់ដោយសារតែធ្លាក់ពីលើអគារ។
លោក អំ សំអាត៖ «ចំណុចដែលធ្វើអត្តឃាតមួយចំនួនវាមិនមែនយើងមើលទៅលើរូបភាពទូទៅថា អាហ្នឹងជាអត្តឃាតទេ គឺត្រូវតែមានការស៊ើបអង្កេត និងការស្រាវជ្រាវឱ្យបានច្បាស់លាស់ទៅលើបញ្ហានៃអ្នកស្លាប់ទាំងអស់ហ្នឹងថា តើជាអត្តឃាត ឬជាឃាតកម្ម ឬមានជនដែលបង្ខំឱ្យជនរងគ្រោះធ្វើអត្តឃាតដោយទ្រាំមិនបានក៏សម្រេចចិត្តក្នុងការធ្វើអត្តឃាត? នេះគឺជារឿងដែលត្រូវធ្វើការស៊ើបអង្កេតឱ្យបានដិតដល់ ជៀសវាងការបំភ័ន្តភ្នែក ហើយជនបរទេសនឹងអាចមានការស្លាប់បន្តទៅទៀត»។
លោក អំ សំអាត បន្ថែមទៀតថា ដំណោះស្រាយដែលល្អប្រសើរក្នុងការទប់ស្កាត់ករណីជនបរទេសស្លាប់ដោយសារតែធ្លាក់ពីលើអគារ លុះត្រាតែសមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាបក្រុមឧក្រិដ្ឋជនដែលកំពុងប្រតិបត្តិការលើឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជាឱ្យមានប្រសិទ្ធភាពជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។