ស្នងការនគរបាលភ្នំពេញកោះហៅអ្នកប្រើបណ្តាញសង្គមម្នាក់ដែលនិយាយពីបញ្ហាអសន្តិសុខ និងសន្តិភាព

កម្ពុជា
សង្គម-ច្បាប់
17/03/2025 – 10:49
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅថ្ងៃទី១៦ មីនា លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសកោះហៅលោក ប៊ុន ផាក អ្នកប្រើប្រាស់បណ្តាញសង្គមល្បីល្បាញម្នាក់ឲ្យមកស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីលោក ប៊ុន ផាក បាននិយាយរិះគន់ពីបញ្ហាអសន្តិសុខ និងសន្តិភាពនៅកម្ពុជា។ តាមលោក ជួន ណារិន្ទ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះត្រូវបានកោះហៅដើម្បីពន្យល់ឲ្យយល់ពាក្យថា «សន្តិភាព»។ អ្នកធ្វើការងារលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាចាត់ទុកការកោះហៅនេះថាជាការគំរាមកំហែងដល់ការប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។

ស្នងការនគរបាលភ្នំពេញកោះហៅអ្នកប្រើបណ្តាញសង្គមម្នាក់ដែលនិយាយពីបញ្ហាអសន្តិសុខ និងសន្តិភាព


លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កោះហៅលោក ប៊ុន ផាក អ្នកប្រើប្រាស់បណ្តាញសង្គមល្បីល្បាញម្នាក់ឱ្យចូលមកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីទទួលការពន្យល់អ្វីទៅជាសន្តិភាព។ តាមមេស្នងការនគរបាលភ្នំពេញរូបនេះ លោក ប៊ុន ផាក មិនយល់ច្បាស់ពីអត្ថន័យនៃពាក្យថា «សន្តិភាព» និងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យមន្ត្រី​ជំនាញអញ្ជើញលោក ប៊ុន ផាក ម្ចាស់ទំព័រហ្វេសប៊ុកដែលមានអ្នកចុចតាមដាន ឬ Followers ជាង ៤៦០ពាន់នាក់មកសួរនាំដើម្បីពន្យល់ពាក្យ «សន្ដិភាព»

ការបញ្ជាឱ្យកោះហៅលោក ប៊ុន ផាក មកសួរនាំធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកប្រើបណ្តាញសង្គមរូបនេះបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមក្នុងខ្លឹមសារដើមថា «កំចាត់ក្មេងទំនើង និងចោរប្លន់ឱ្យបានទៅ ទើបអាចនិយាយបានថា យើងមានសន្ដិភាព»។ ជុំវិញការកោះហៅអ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនអាចសុំការបញ្ជាក់ព័ត៌មានបន្ថែមពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៧ មីនា ឆ្នាំ២០២៥ នេះ។ ដោយឡែក លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ ខេមបូចា បានចាត់ទុកការកោះហៅអ្នកប្រើប្រាស់បណ្តាញសង្គមបែបនេះថាជារឿងមិនសមហេតុផល។

ស្នងការនគរបាលភ្នំពេញកោះហៅអ្នកប្រើបណ្តាញសង្គមម្នាក់ដែលនិយាយពីបញ្ហាអសន្តិសុខ និងសន្តិភាព
លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ © បណ្តាញសង្គម

មិនសមហេតុផល ព្រោះបើតាមលោក ណុប វី ការបង្ហោះសាររបស់លោក ប៊ុន ផាក មិនមែនជាការចោទប្រកាន់ ឬប្រមាថអង្គភាពរបស់រដ្ឋទេ តែគឺជាការបញ្ចេញមតិ ឬជាសំណើទៅកាន់សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីទទួលបានការដោះស្រាយបញ្ហាអសន្តិសុខក្នុងសង្គម ក្នុងនាមលោកជាពលរដ្ឋទូទៅម្នាក់ប៉ុណ្ណោះ។ សម្រាប់លោក ណុប វី ការកោះហៅពលរដ្ឋទៅសួរនាំក្រោមហេតុផលមិនសមរម្យបែបនេះ គឺជាការគំរាមកំហែងដល់ការប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងថា សកម្មភាពបែបនេះរបស់សមត្ថកិច្ចនឹងបង្អាក់ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រោះពលរដ្ឋនឹងខ្លាចរអារ មិនហ៊ានរាយការណ៍ពីបញ្ហាអសន្តិសុខទៅអាជ្ញាធរ៕

What Next?

Recent Articles