ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ

កម្ពុជា
19/03/2025 – 11:48
ដោយ៖ សាំ ឧត្តម
RFI

នៅថ្ងៃទី ១៨ ខែមីនា ស្នងការនគរបាលរាជធានីភ្នំពេញបានចេញលិខិតបដិសេធចំពោះការចោទប្រកាន់របស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនជុំវិញការចាប់ខ្លួនសកម្មជនចំនួន ៣នាក់របស់គណបក្សទាំងពីរក្នុងខេត្តកំពង់ចាម។ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការចាប់ខ្លួនសកម្មជនរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរកាលពីថ្ងៃទី១៧ ខែមីនាធ្វើឡើងដោយផ្អែកលើមូលដ្ឋានគ្រឹះនៃច្បាប់ និងមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ។

ស្នងការនគរបាលក្រុងភ្នំពេញថា ការចាប់ខ្លួនសមាជិកបក្សប្រឆាំង ៣នាក់មិនពាក់ព័ន្ធរឿងនយោបាយ


យោងតាមខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ស្នងការនគរបាលរាជធានីភ្នំពេញ សកម្មជនគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរចំនួន ៣រូបបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់បណ្តាញសង្គមដើម្បីធ្វើសកម្មភាពញុះញង់ និងអុជអាលតាមរយៈការបំភ្លៃព័ត៌មានមិនពិត បង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងកិតិ្តយសថ្នាក់ដឹកនាំ ដែលចាត់ចូលជាបទល្មើសព្រហ្មទណ្ឌ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ការឃាត់បុគ្គលទាំង ៣នាក់ត្រូវបានសមត្ថកិច្ចអនុវត្តតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយគ្មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់សមាជិកគណបក្សនយោបាយណាមួយឡើយ។

ការបញ្ជាក់យ៉ាងដូចនេះរបស់ស្នងការនគរបាលរាជធានីភ្នំពេញ គឺដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ ២ផ្សេងគ្នានាល្ងាចថ្ងៃទី១៨ ខែមីនា គណបក្សក្រៅរដ្ឋាភិបាលទាំងពីរបានលើកឡើងពីក្តីកង្វល់ ក្រោយសមត្ថកិច្ចចាប់ខ្លួនសមាជិកបក្សរបស់ខ្លួនដោយមិនដឹងមូលហេតុ។ គណបក្សទាំងពីរបានហៅការចាប់ខ្លួនសមាជិកបក្សរបស់ខ្លួនថា ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញក្នុងគោលបំណងបំបាក់ស្មារតី និងរារាំងការធ្វើសកម្មភាពនយោបាយស្របច្បាប់។

ទន្ទឹមនឹងសម្តែងក្តីព្រួយបាម្ភ បក្សទាំងពីរក៏ស្នើឲ្យសមត្ថកិច្ចដោះលែងសកម្មជនបក្សទាំង៣រូបឱ្យមានសេរីភាពឡើងវិញ និងអំពាវនាវឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើសកម្មជនរបស់បក្សខ្លួនបន្តទៀត។ សេចក្តីថ្លែងការណ៍របស់គណបក្សក្រៅរដ្ឋាភិបាលទាំងពីរពេលនេះត្រូវបានអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ច្រានចោល និងចាត់ទុកជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ តាមលោក សំ វិច្ឆិកា ការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលបានធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខ។

ស្នងការនគរបាលរាជធានីភ្នំពេញ
ស្នងការនគរបាលរាជធានីភ្នំពេញ © កម្ពុជាថ្មី

គួររម្លឹកថា នៅថ្ងៃទី១៦ ខែមីនា សមត្ថកិច្ចបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនចំនួនម្នាក់ គឺលោក កាន់ គុន ដែលមានតួនាទីជាជំទប់ទី២ នៅឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ បន្ទាប់មកនៅថ្ងៃទី១៧ ខែមីនា សមត្ថកិច្ចបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ម៉ៅ ហេន ដែលមានតួនាទីជាជំទប់ទី២ នៅឃុំជ័យោ ស្រុកចំការលើ និងសមាជិកក្រុមប្រឹក្សាស្រុកចំការលើមកពីគណបក្សឆន្ទៈខ្មែរ គឺ លោក ម៉ុត រិន៕

What Next?

Recent Articles