អ្នកជំនាញ ថាកម្ពុជាគួរធ្វើសច្ចាប័នលើអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ

កម្ពុជា
19/03/2025 – 10:40
ដោយ៖ សាំ ឧត្តម
RFI

ក្រុមអ្នកជំនាញបានលើកឡើងថា កម្ពុជាគួរតែធ្វើសច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីអាចដោះស្រាយភាពតានតឹង និងធានាផលប្រយោជន៍នៃដែនសមុទ្រកម្ពុជាដែលកំពុងមានជម្លោះជាមួយថៃ។ ការស្នើរបស់ក្រុមអ្នកជំនាញយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីពួកគេសង្កេតឃើញមានបញ្ហាព្រំដែនសមុទ្ររវាងកម្ពុជា និងថៃត្រង់តំបន់កោះគុជដែលថៃកំពុងគ្រប់គ្រងស្ទើរទាំងស្រុងនៅបន្តជាប់គាំងនាពេលបច្ចុប្បន្ន។ 

អ្នកជំនាញ ថាកម្ពុជាគួរធ្វើសច្ចាប័នលើអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ


ក្នុងបាឋកថាសាធារណៈស្តីពីការវិវត្តរបស់ UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា លោក Horinouchi Hidehisa អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្នជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS)បានថ្លែងថា ការយកអនុសញ្ញារបស់ UNCLOS ទៅដោះស្រាយពិតជារឿងសំខាន់សម្រាប់ប្រទេសដែលប្រឈមនឹងជម្លោះព្រំដែនសមុទ្រ ដូចករណីប្រទេសកម្ពុជា និងថៃបច្ចុប្បន្ន។

តែបញ្ហានៅត្រង់ថា កម្ពុជានៅប្រកាន់ជំហរថា អនុសញ្ញាភាគច្រើន គឺជាច្បាប់អន្តរជាតិដែលជាហេតុធ្វើឲ្យកម្ពុជាយល់ថា មិនមែនជារឿងចាំបាច់ក្នុងការធ្វើសច្ចាប័នដើម្បីទទួលបានអត្ថប្រយោជន៍ពីអនុសញ្ញាទាំងនេះទេ។

ទោះយ៉ាងណា អ្នកជំនាញរូបនេះដដែលពន្យល់វិញថា ការធ្វើសច្ចាប័នលើអនុសញ្ញ UNCLOS កម្ពុជានឹងទទួលបាននូវក្របខ័ណ្ឌច្បាប់ និងយន្តការដ៏សំខាន់មួយសម្រាប់ការពារព្រំដែន និងធនធានក្នុងដែនសមុទ្ររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង រួមទាំងជលផល ប្រេង និងឧស្ម័ន។

គួរជម្រាបថា បច្ចុប្បន្ន កម្ពុជានៅមិនទាន់ឲ្យសច្ចាប័នលើអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នៅឡើយទេ។ ក្នុងអំឡុងឆ្នាំ ១៩៨៣ កម្ពុជាបានត្រឹមចុះហត្ថលេខាលើអនុសញ្ញានោះប៉ុណ្ណោះ។ ដូច្នេះសម្រាប់អ្នកជំនាញ រដ្ឋាភិបាលកម្ពុជាត្រូវពន្លឿនឲ្យសច្ចាប័នលើអនុសញ្ញាច្បាប់សមុទ្រដើម្បីការពារផលប្រយោជន៍របស់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រនេះ។

កងទ័ពជើងទឹកកម្ពុជា
កងទ័ពជើងទឹកកម្ពុជា © Khmer Times

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាទទួលស្គាល់ថា ការចូលជាសមាជិកពេញសិទ្ធិនៃអនុសញ្ញា UNCLOS នឹងអនុញ្ញាតឲ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើនដូចជាការការពារផ្លូវច្បាប់ រួមទាំងការកំណត់តំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខដែលផ្តល់ផលសេដ្ឋកិច្ច និងការវិនិយោគមកកម្ពុជា។

តែលោកបណ្ឌិត គិន ភា ក៏មើលឃើញផងដែរពីផលប្រឈមខ្លះៗ ដូចជាថា កម្ពុជានៅមិនទាន់អាចដោះស្រាយព្រំដែនសមុទ្រជាមួយប្រទេសជិតខាងនោះទេ និងថាជាដំបូង កម្ពុជាត្រូវមានព្រំដែនទឹកច្បាស់លាស់ជាមុនសិន ខណៈលទ្ធភាពការពារព្រំដែនសមុទ្ររបស់កម្ពុជានៅមានកម្រិតថែមទៀត។បន្ទាប់មក និងបើតាមលោកបណ្ឌិត គិន ភា កម្ពុជាក៏ត្រូវគិតគូរពីទំនាក់ទំនងការទូតដែរ មុននឹងសម្រេចធ្វើសច្ចាប័នលើអនុសញ្ញ UNCLOS

គួរជម្រាបថា បច្ចុប្បន្ន កម្ពុជាកំពុងដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នា (OCA) ជាមួយថៃដែលមានទំហំសរុប ២៦០០០គីឡូម៉ែត្រក្នុងឈូងសមុទ្រថៃ។ ចំណែកបញ្ហាកោះគុជត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរអះអាងកំពុងចរចារគ្នាដែរ។ កន្លងមក ក្រុមសកម្មជននយោបាយរស់នៅក្រៅប្រទេសទាមទារឲ្យរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរជាតិនិយម និងត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយមិនត្រូវគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយកាត់ទឹកដីឲ្យប្រទេសជិតខាងឡើយ៕

What Next?

Recent Articles