ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក

កម្ពុជា
កម្ពុជា-បរិស្ថាន
20/03/2025 – 12:00
ដោយ៖ សឹម ចាន់សំណាង
RFI

គម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីចំនួន ៣ នៅតំបន់ជួរភ្នំក្រវាញដែលកម្ពុជាទើបអនុម័តបាននាំឱ្យមានការព្រួយបារម្ភ និងចោទសួរអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកិច្ចការងារអភិរក្សព្រៃឈើសម្រាប់ឥណទានកាបូនក្នុងគម្រោង «រេដបូកភ្នំក្រវាញ» និង «រេដបូកភ្នំសំកុស»។ តាមកាសែតបរទេសម៉ុងហ្គាបេនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៥ ការសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញនេះត្រូវកាប់ឆ្ការព្រៃការពាររាប់ពាន់ហិចតាដើម្បីឈូសឆាយជាផ្លូវ សម្រាប់អាងស្តុកទឹក ខ្សែបញ្ជូនអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទំនប់វារីអគ្គិសនី។

ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក


តាមសេចក្តីរាយការណ៍របស់កាសែតបរទេសម៉ុងហ្គាបេ ការជំរុញរបស់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រកំពុងបង្កឲ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ជួរភ្នំក្រវាញ។ កាសែតម៉ុងហ្គាបេបានសរសេរថា គម្រោងទំនប់ទឹកវារីអគ្គិសនីនេះបានកាត់បន្ថយប្រសិទ្ធភាពគម្រោងឥណទានកាបូនរេដបូក និងបានធ្វើឲ្យជីវៈចម្រុះក្នុងតំបន់ការពារព្រៃឈើប្រឈមនឹងហានិភ័យខ្ពស់។ ជាមួយគ្នានេះ និងបើតាមម៉ុងហ្គាបេដដែល ទោះបីជាការសាងសង់ទំនប់វារីអគ្គិសនីថ្មីដែលគ្រោងនឹងសាងសង់នៅខេត្តបាត់ដំបង កោះកុង និងពោធិ៍សាត់នៅមិនទាន់ចាប់ផ្តើមមែន តែប៉ុន្តែមន្ត្រីមកពីក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងក្រសួងរ៉ែសុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយអ្នកកាសែតម៉ុងហ្គាបេជុំវិញទំនប់វារីអគ្គិសនី ឬផលប៉ះពាល់បរិស្ថាននោះទេ។

ទន្ទឹមគ្នានេះ គម្រោងទំនប់វារីអគ្គិសនីក៏ជះផលប៉ះពាល់ដល់សហគមន៍មូលដ្ឋានរបស់ជនជាតិដើមភាគតិចច្រឹងផងដែរ។ ក្រុមជនជាតិដើមភាគតិចមួយនេះធ្លាប់បានប្រាប់កាសែតម៉ុងហ្គាបេថា ពួកគេមិនបានទទួលអត្ថប្រយោជន៍អ្វីពីគម្រោងរេដបូករបស់រដ្ឋាភិបាល ហើយការណ៍នេះបាន និងកំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ដោយពួកគេមិនអាចអាស្រ័យផលដីព្រៃដើម្បីចិញ្ចឹមជីវិតបានដូចមុន។ ត្រង់ចំណុចនេះត្រូវបានម៉ុងហ្គាបេចោទសួរទៅកាន់រដ្ឋាភិបាលកម្ពុជា និងក្រសួងបរិស្ថានថា តើការដាក់ចេញនូវផែនការសកម្មភាពអាកាសធាតុដើម្បីកាត់បន្ថយការបំភាយឧស្ម័នប្រវត្តិសាស្ត្រ និងអត្រានៃការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០ ក៏ដូចជាផែនការដាំ ស្តារគម្របព្រៃឈើឡើងវិញឲ្យបាន ៦០% នៅឆ្នាំ ២០៥០ នឹងមានប្រសិទ្ធភាពកម្រិតណា ស្របពេលដែលរដ្ឋាភិបាលកម្ពុជាតែងតែជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវទូទាត់ឥណទានកាបូននោះ។

ចំពោះកាសែតម៉ុងហ្គាបេ ការកាត់បន្ថយសកម្មភាពកាប់បំផ្លាញព្រៃឈើតាមរយៈគម្រោងរេដបូកនេះកំពុងត្រូវបានចាត់ទុកជាឧបករណ៍ប្រើប្រាស់មួយក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា។ ជុំវិញព័ត៌មានចុះផ្សាយដោយកាសែតម៉ុងហ្គាបេពេលនេះ វិទ្យុបារាំងអន្តរជាតិ RFI មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជាបាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២០ មីនានេះ។

ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក
ម៉ុងហ្គាបេ៖ ទំនប់វារីអគ្គិសនីថ្មីនៅជួរភ្នំក្រវាញគំរាមកំហែងដល់ការអភិរក្សព្រៃឈើ និងគម្រោងរេដបូក © Mongabay

គួរជ្រាបថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងបានចាប់ផ្តើមអនុវត្តន៍តាំងពីឆ្នាំ ២០១៥ តាមរយៈការលក់កាបូនពីធនធានធម្មជាតិស្រុកខ្មែរទៅបរទេស និងការជួយការពារ និងរក្សាបានលើការបំពុលឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងភាពរិចរិលព្រៃឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះគ្របដណ្តប់លើឧទ្យានជាតិភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងទំហំផ្ទៃដី ៤៥០ ០០០ហិកតា និងមានជាប់ពាក់ព័ន្ធនឹងសហគមន៍ចំនួន ២៩ ក្នុងខេត្តចំនួន ៦៕

What Next?

Recent Articles