ដោយ យន់ សាមៀន
2025.03.20
RFA

អាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំងបានកោះហៅសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា ឲ្យទៅបង្ហាញនៅទីស្នាក់ការប៉ូលិសដោយចោទប្រកាន់លោកពីការប្រើប្រាស់បណ្ដាញសង្គម (Facebook) សំដែងមតិរឿងសិទ្ធិជនជាតិដើមខ្មែរក្រោម និងការរំលោភសិទ្ធិសាសនាខ្មែរកម្ពុជាក្រោមពីសំណាក់អាជ្ញាធរវៀតណាម។សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ប្ដេជ្ញាបន្តតស៊ូមតិទោះបីរងការគំរាម អាជ្ញាធរវៀតណាម កោះហៅសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា ឲ្យទៅបង្ហាញនៅទីស្នាក់ការប៉ូលិសដោយចោទប្រកាន់ថា សំដែងមតិរឿងសិទ្ធិជនជាតិដើម។
សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម លោក ថាច់ ង៉ា ប្ដេជ្ញាចិត្តបន្តសកម្មភាពតស៊ូមតិដោយអហិង្សា ដើម្បីការពារសិទ្ធិសេរីភាព និងសាសនាខ្មែរកម្ពុជាក្រោម ទោះបី លោកអាចប្រឈមមុខត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួនក្តី។ ក្តីបារម្ភនេះ កើតឡើងដោយសារតែ អាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បានកោះហៅលោកឲ្យទៅបង្ហាញមុខកាលពីថ្ងៃទី៨មីនា ស្របពេលដែលខ្មែរក្រោមបាននាំគ្នាប្រារព្ធទិវាសិទ្ធិស្ត្រីអន្តរជាតិ ៨មីនា។
ខ្ញុំបាទព្រួយបារម្ភរដ្ឋអំណាចយួនដែលតែងតែកោះហៅខ្ញុំបាទ។ ខ្ញុំបាទតែងព្រួយបារម្ភធ្វើដំណើរតាមផ្លូវ ធ្វើការអ្វីក៏ដោយក៏ព្រួយបារម្ភយ៉ាងខ្លាំង។— យុវជន ថាច់ ង៉ា សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
លោក ថាច់ ង៉ា ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៨ មីនា ថា លោកមិនបានទៅជួបប៉ូលិសវៀតណាមនោះទេ ដោយសារតែលោកដឹងមុនហើយថា ប៉ូលិសវៀតណាមគ្រាន់យកលេសនេះ ដើម្បីរារាំងលោកមិនឲ្យចូលរួមទិវាសិទ្ធិស្ត្រីអន្តរជាតិ ៨មីនា និងគំរាមលោកមិនឲ្យបន្តសកម្មភាពការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។ លោក ថាច់ ង៉ា ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម វ័យក្មេង បច្ចុប្បន្នជាអ្នករើសសំរាម និងសំបកដប ដើម្បីលក់ចិញ្ចឹមជីវិត ប៉ុន្តែលោកបន្តចូលរួមសកម្មភាពការពារសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម ដែលកំពុងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរវៀតណាម។
ខ្ញុំបាទសូមប្ដេជ្ញាចិត្តផ្សព្វផ្សាយសៀវភៅសិទ្ធិមនុស្ស និងជនជាតិដើមនិងប្រើប្រាស់សិទ្ធិរបស់ខ្លួននៅលើដែនដីកម្ពុជាក្រោម។— យុវជន ថាច់ ង៉ា សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
ការបន្តធ្វើទុក្ខបុកម្នេញខ្មែរក្រោមនេះ ធ្វើឡើងស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងដាក់ពាក្យទៅកាន់អង្គការសហប្រជាជាតិ ដើម្បីតវ៉ាមិនឲ្យវៀតណាមឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយសារតែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបន្តធ្វើទុក្ខបុកម្នេញជនជាតិដើមខ្មែរកម្ពុជាក្រោម។ វៀតណាមប្រកាសចង់ដាក់ពាក្យបន្តជាសមាជិកប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិសម្រាប់អាណត្តិពីរឆ្នាំពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០២៨នោះ។ បច្ចុប្បន្ន វៀតណាមបានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០១៤ ហើយនឹងផុតអាណត្តិនៅឆ្នាំ២០២៥ នេះ។
នាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា មានថេរដីកាថា ទោះបីវៀតណាមក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប៉ុន្តែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមមួយនេះ បន្តធ្វើទុក្ខបុកម្នេញព្រះសង្ឃ និងសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។
សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោង នឹងដាក់ ញាតិ ទៅ សហគមន៍ អឺរ៉ុប និងក្រុមប្រឹក្សា សិទ្ធិមនុស្ស អន្តរជាតិ កុំឲ្យ បោះឆ្នោត ឲ្យ ប្រទេស វៀតណាម ឈរ ឈ្មោះ ជា ប្រធាន ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការ សហប្រជាជាតិ ពីព្រោះ ប្រទេស វៀតណាម មិនគោរពសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។— ព្រះតេជព្រះគុណ សឹង យ៉ឹងរតនា នាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
កាលពីសប្ដាហ៍មុនសហភាពអឺរ៉ុបក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់វៀតណាមប្រឆាំងនឹងការចាប់ខ្លួនរបស់អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សសិទ្ធិការងារ និងអ្នកជំនាញបរិស្ថាន។ តំណាងសហភាពអឺរ៉ុបប្រាប់កិច្ចប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា រដ្ឋាភិបាលទីក្រុងហាណូយគួរតែដោះលែងប្រជាជនដែលអាជ្ញាធរវៀតណាមបានហាមឃាត់មិនឲ្យអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់។ បច្ចុប្បន្នវៀតណាម បានចាប់ព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ៨នាក់ ដាក់ពន្ធនាគារដោយកាត់ទោសព្រះសង្ឃខ្មែរក្រោមមួយអង្គដាក់ពន្ធនាគាររហូតដល់ ៦ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។