លោក សម រង្ស៊ី ប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ខណៈរដ្ឋាភិបាលមិនអើពើ

កម្ពុជា
កម្ពុជា-នយោបាយ
23/03/2025 – 09:44
ដោយ៖ ជួប នរក្សា
RFI

នៅថ្ងៃសៅរ៍ទី២២​ មីនា លោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតបក្សសង្រ្គោះជាតិបានប្រកាសបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាផ្លូវការ។ គោលបំណងចម្បង គឺទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យបញ្ជាក់ថា ការបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាយុទ្ធសាស្ត្រដដែលៗរបស់ក្រុមអ្នកប្រឆាំងក្រៅប្រទេស និងថា រដ្ឋាភិបាលក៏មិនចាំបាច់អើពើដែរ។

លោក សម រង្ស៊ី ថ្លែងសារនយោបាយកាលពីលោកមានវត្តមាននៅកម្ពុជា
លោក សម រង្ស៊ី ថ្លែងសារនយោបាយកាលពីលោកមានវត្តមាននៅកម្ពុជា © RFI

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាជាតិតស៊ូ ថា  ការបង្កើតក្រុមប្រឹក្សាជាតិតស៊ូធ្វើឡើងតាមរយៈការគាំទ្រនៃសំឡេងសមាជមហាជនសង្រ្គោះជាតិនៅប្រទេសបារាំង នាថ្ងៃទី២២មីនា។ គោលដៅរបស់ក្រុមប្រឹក្សាជាតិតស៊ូ គឺនាំប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រព័ន្ធការពារបូរណភាពទឹកដីដែលមានគុណភាព។ តាមសេចក្តីប្រកាសព័ត៌មានដដែល រចនាសម្ព័ន្ធនៃក្រុមបឹ្រក្សាជាតិតស៊ូ គឺមានលោក សម រង្ស៊ី ជាប្រធាន លោក គឹម សុខ ជាអ្នកនាំពាក្យ និងលោក ឆាំ ឆានី ជាប្រធានក្រុមជំនួយការ។


ក្រុមប្រឹក្សាជាតិតស៊ូបានបញ្ជាក់ថា ក្នុងស្មារតីទាមទារយុត្តិធម៌  បេសកកម្មរបស់ក្រុមប្រឹក្សា គឺស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញ និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ម្យ៉ាងទៀត​ បេសកកម្មរបស់ក្រុមប្រឹក្សានេះក៏ដើម្បីបញ្ចប់នយោបាយ «សន្តិភាពងើប១វ៉ៃ១» របស់រដ្ឋាភិបាលកម្ពុជាដោយដាក់ជំនួសវិញនូវ  «សន្តិភាពមានទុក្ខម្នាក់ ដោះស្រាយជូនម្នាក់»«សន្តិភាពតវ៉ាម្នាក់ រកយុត្តិធម៌ជូនម្នាក់»

ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានអះអាងថា ខ្លួនគ្មានអ្វីត្រូវអើពើចំពោះការបង្កើត «ក្រុមបឹ្រក្សាជាតិតស៊ូ» របស់លោក សម រង្ស៊ីនេះឡើយ។ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យទី២៣​ មីនាថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ចំពោះនយោបាយអង្ករកំប៉ុងដដែលៗនេះទេ​ និងថាយុទ្ធសាស្ត្រដដែលៗនេះនឹងត្រូវបាត់បង់ទៅវិញ ដោយសារលោក សម រង្ស៊ី គ្មានទស្សនវិស័យ និងគោលដៅច្បាស់លាស់។

គួររម្លឹកថា កាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានធ្វើសមាជមួយដោយបានបង្កើតក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា ដើម្បីតស៊ូមតិឲ្យរដ្ឋាភិបាលកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងផ្សះផ្សាជាតិឡើងវិញ។ ដោយឡែក នៅថ្ងៃទី​១ វិច្ឆិកា ឆ្នាំ២០២៤ លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ពីការបង្កើត «ចលជាតិខ្មែរតស៊ូ» ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅក្រៅប្រទេស។

ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានចេញមកប្រតិកម្មភ្លាមៗពេលនោះថា​ មានតែរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នប៉ុណ្ណោះដែលជាតំណាងស្រប​ច្បាប់ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ៕

What Next?

Recent Articles