កម្ពុជា
24/03/2025 – 11:21
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ពន្ធនាគារខេត្តបន្ទាយមានជ័យបានចេញមុខបំភ្លឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការស្លាប់អ្នកទោសម្នាក់ ក្រោយពីបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរី។ ការបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យដោយសារតែគ្រួសារជនរងគ្រោះសម្តែងការមិនអស់ចិត្តចំពោះករណីស្លាប់កូនប្រុសរបស់ខ្លួនដោយពន្យល់ហេតុផលថា គឺមកពីមានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅព្យាបាល។
ពន្ធនាគារខេត្តបន្ទាយមានជ័យចេញមុខបំភ្លឺរឿងអ្នកទោសម្នាក់ស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
នៅក្នុងលិខិតបំភ្លឺចុះថ្ងៃទី២៣ ខែមីនា ពន្ធនាគារខេត្តបន្ទាយមានជ័យបានរៀបរាប់ថា នៅថ្ងៃទី២០ មីនា អ្នកទោសរូបនោះមានអាការៈមិនស្រួលខ្លួន ហើយភ្លាមៗនោះ មន្ត្រីគ្រប់គ្រងអគារពន្ធនាគារក៏បញ្ជូនអ្នកទោសរូបនោះទៅប៉ុស្តិ៍សុខភាព។ គ្រូពេទ្យនៅប៉ុស្តិ៍សុខភាពពិនិត្យទៅឃើញថា ពិរុទ្ធជនមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃ ចុងជើង។ បន្ទាប់ពីឃើញអ្នកទោសមានសភាពបែបនេះ មន្ត្រីពន្ធនាគារក៏បញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ក្នុងស្រុកមង្គលបុរីនៅវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី២០ ខែមីនា។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី២១ ខែមីនា វេលាម៉ោង១១និង៣០នាទី អ្នកជំងឺក៏បានស្លាប់ដោយជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល។
ទោះជាយ៉ាងណា ក្រុមគ្រួសារជនរងគ្រោះបានសម្តែងការមិនអស់ចិត្តចំពោះការស្លាប់របស់យុវជនអាយុ២២ឆ្នាំរូបនេះដោយចោទសួរនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនថា ហេតុអ្វីបានជាទុកអ្នកជំងឺរហូតដល់ធ្ងន់ធ្ងរជួយលែងបានហើយទើបសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យ?។ តែពន្ធនាគារខេត្តបន្ទាយមានជ័យបដិសេធចំពោះការលើកឡើងដូចនេះ។
តាមពន្ធនាគារខេត្តបន្ទាយមានជ័យ អ្នកទោសដែលស្លាប់ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទហិង្សាដោយចេតនា លួច និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។

យុវជនអាយុ២២ឆ្នាំរូបនេះត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ និងទើបអនុវត្តទោសបាន ១ឆ្នាំ ២ខែ ២៨ថ្ងៃ គិតត្រឹមថ្ងៃស្លាប់ទី២១ មីនា៕