កម្ពុជា
កម្ពុជា-នយោបាយ
24/03/2025 – 12:03
ដោយ៖ ជួប នរក្សា
RFI
នៅថ្ងៃចន្ទ ទី២៤ មីនា អ្នកនាំពាក្យលោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្កោលទោស និងបដិសេធលើព័ត៌មានដែលថា លោក ស ខេង គឺជាក្បាលម៉ាស៊ីននៃ «ចលនាជាតិតស៊ូ»។ ប្រតិកម្មថ្កោលទោសភ្លាមៗនេះធ្វើឡើង បន្ទាប់គណនីហ្វេសប៊ុកមួយឈ្មោះ Samdach Seng Ratana បានសរសេរថា លោក ស ខេង ជាប្រធានដឹកនាំចលនាជាតិតស៊ូប្រចាំកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងអ្នកប្រឆាំងនៅក្រៅប្រទេស។
លោក ស ខេង បដិសេធលើព័ត៌មានដែលចោទលោក ជាមេដឹកនាំ «ចលនាជាតិតស៊ូ»
ដោយមិនបង្អង់យូរ សេចក្តីថ្កោលទោសរបស់អ្នកនាំពាក្យលោក ស ខេងបានចាត់ទុកព័ត៌មានដែលសរសេរថា លោក ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំ «ចលនាជាតិតស៊ូ» ថា ជាឧបាយកលទុច្ចរិត អសីលធម៌ និងគ្មានគុណធម៌ជាមនុស្សជាតិក្នុងចេតនាបំភ្លៃ មួលបង្កាច់ និងញុះញង់បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យលោក ស ខេង បានបញ្ជាក់ថា លោក ស ខេង តែងគោរពគោលការណ៍ដឹកនាំតាមឋនានុក្រម និងមានភក្តីភាពចំពោះលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះ អ្នកនាំពាក្យលោក ស ខេង បានរម្លឹកជាថ្មីនូវសម្តីរបស់លោក ហ៊ុន សែននៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិផ្កាយមាសប្រាំផុតលេខដល់លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអនដែលថា គ្មាននរណាអាចបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបានទេ។
ផ្ទុយទៅវិញ និងបើតាមលោកហ៊ុន សែន ការប៉ុនប៉ងទាំងនោះតែងតែរលាយខ្លួនឯងទៅវិញ។ ប្រតិកម្មភ្លាមភ្លែតរបស់អ្នកនាំពាក្យលោក ស ខេង បានធ្លាក់មក បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Samdach Seng Ratana បានសរសេរនៅថ្ងៃអាទិត្យ ទី២៣ មីនាថា លោក ស ខេង ជាប្រធានចលនាជាតិតស៊ូប្រចាំកម្ពុជា លោក សាយ ឈុំ ជាអនុប្រធាន និងលោក កែ គឹមយ៉ាន ជាប្រធានក្រុមជំនួយការ។ សំណេររបស់គណនីហ្វេសប៊ុកមួយនេះដែលបានទាញភ្ជាប់លោក ស ខេង និងអ្នកនយោបាយចាស់វស្សាពីររូបទៀតរបស់គណបក្សប្រជាជនកម្ពុជាទៅនឹងចលនាជាតិតស៊ូ ក៏ព្រោះតែនៅថ្ងៃសៅរ៍ ទី២២ មីនា លោក សម រង្ស៊ី បានប្រកាសបង្កើតក្រុមប្រឹក្សាជាតិតស៊ូដែលមានលោកធ្វើជាប្រធាន។

តាមលោក សម រង្ស៊ី ក្រុមប្រឹក្សាជាតិតស៊ូមានគោលដៅរកយុត្តិធម៌ជូនអ្នករងគ្រោះ និងបញ្ចប់នយោបាយ «សន្តិភាពងើប១វ៉ៃ១» សព្វថ្ងៃរបស់រដ្ឋាភិបាល។ គួរកត់សម្គាល់ថាកន្លងមក ការវាយប្រហារផ្ទៃក្នុងនៃឥស្សរជនកំពូលក្នុងគណបក្សប្រជាជនកម្ពុជាបានកើតឡើងជាបន្តបន្ទាប់ ពិសេសទំនាក់ទំនងរវាងលោក ហ៊ុន សែន និងលោក ស ខេង។ តែក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែងអះអាងថា គ្មាននរណាអាចបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងបក្សប្រជាជនកម្ពុជាបានឡើយ៕