លោក ហ៊ុន សែន ថាលោកកំពុងមានទុក្ខធ្ងន់ដោយភរិយាត្រូវវះកាត់ និងបងប្រុសប្រឈមលាចាកលោក

កម្ពុជា
25/03/2025 – 08:50
ដោយ៖ ញឹម សុផល
RFI

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា លោកកំពុងមានទុក្ខធ្ងន់ដោយសារភរិយាត្រូវបានវះកាត់ និងបងប្រុសច្បងកំពុងប្រឈមនឹងការលាចាកលោក។ ការបង្ហាញពីអារម្មណ៍ទុក្ខធ្ងន់របស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ។

លោក ហ៊ុន សែន ថាលោកកំពុងមានទុក្ខធ្ងន់ដោយភរិយាត្រូវវះកាត់ និងបងប្រុសប្រឈមលាចាកលោក


នៅលើហ្វេសប៊ុកផ្លូវការរបស់លោក លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនបានសរសេរថា ពេលនេះលោកពិតជាកំពុងមានទុក្ខធ្ងន់ ដោយនៅម្ខាង ភរិយាត្រូវវះកាត់ ហើយបើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពក៏ដោយក៏ក្នុងឋានៈជាស្វាមី លោកនៅតែមានកង្វល់ ព្រោះមិនអាចនៅកំដរ និងមើលថែទាំភរិយាបាន។

ចំណែកនៅម្ខាងទៀត ដែលជារឿងធ្ងន់ជាងនេះ គឺបងប្រុសទីមួយរបស់លោកមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ តាមលោក ហ៊ុន សែន ក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបានរួចហើយ។

នៅក្នុងសំណេរដដែល ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហាញនូវអារម្មណ៍លំបាកដែលម្ខាងជាភរិយា និងម្ខាងជាបងប្រុសក្នុងពេលតែមួយ និងនៅកន្លែងខុសគ្នា។ តែភរិយារបស់លោកជំរុញឲ្យលោកប្រញាប់ទៅមើលបងប្រុស ហើយក្នុងករណីដែលបងប្រុសចែកឋានក្នុងពេលដ៏ឆាប់ គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយារបស់លោកឡើយ។

បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានបង្ហាញនូវរឿងចម្លែកមួយដោយប្រាប់ឲ្យមហាជនជួយមើលរូបថតបងប្រុសលោកដែលរូបថតតែមួយសន្លឹក និងពេលថតចូលក្នុងទូរស័ព្ទទៅក៏ស្រាប់មានរូបប្លែកពីគ្នា ក្នុងនោះ រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្ត ឬនៅអាឡោះអាល័យអ្វីមួយ។

លោក ហ៊ុន សែន សួរសុខទុក្ខភរិយាកំពុងសម្រាកនៅមន្ទីរពេទ្យ
លោក ហ៊ុន សែន សួរសុខទុក្ខភរិយាកំពុងសម្រាកនៅមន្ទីរពេទ្យ © SHS

លោក ហ៊ុន សែន បញ្ជាក់ថាពេលនេះ ទោះលោកចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះបងប្រុសសន្លប់មិនដឹងខ្លួន ២៤ម៉ោងរួចមកហើយ។ ជាចុងក្រោយ លោក ហ៊ុន សែន ក៏បានលើកជាចម្ងល់មិនដឹងថា តើអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? ហើយអ្នកអបិយជំនឿបកស្រាយរបៀបណាទេ?។

សូមរំលឹកថា កាលពីចុងខែមករា ឆ្នាំ២០២៤ លោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកដែរថា ភរិយារបស់លោកពិតជាមានជំងឺ ក្រោយពីដួលក្នុងបន្ទប់សម្រាក ហើយប៉ះទង្គិចផ្នែកក្បាល និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រោយមក ស្ថានភាពជំងឺរបស់ភរិយាលោក គឺលោកស្រី ប៊ុន រ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជាបានធូរស្បើយឡើងវិញ៕

What Next?

Recent Articles