កម្ពុជា
កម្ពុជា-ច្បាប់
25/03/2025 – 09:32
ដោយ៖ អោ ស្រីពេជ្រ
RFI
នៅថ្ងៃទី២៤ មីនា សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធបណ្តឹងឧទ្ធរណ៍របស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរចំនួន ២រូបលើការសម្រេចនៅសាលាដំបូងរាជធានីភ្នំពេញដែលបន្តឲ្យអ្នកទាំង ២ នៅជាប់ឃុំបណ្តោះអាសន្ន។ យុវជនទាំង ២នាក់ជាអនុប្រធានសមាគមនសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរដែលបានជាប់ចោទពីបទ «រួមគំនិតក្បត់» កាលពីខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបសំឡេងរិះគន់លើគម្រោងអភិវឌ្ឍន៍ (CLV-DTA)។
សំណុំរឿង CLV៖ សាលាឧទ្ធរណ៍បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ
តាមការចុះផ្សាយរបស់អង្គការលីកាដូនៅថ្ងៃទី២៤ មីនា សាលាឧទ្ធរណ៍បានសម្រេចបដិសេធបណ្តឹងឧទ្ធរណ៍របស់អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ ២រូប គឺ កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថនលើការសម្រេចបន្តឲ្យអ្នកទាំង ២ នៅជាប់ឃុំបណ្តោះអាសន្នដដែល។ ការបដិសេធនេះធ្វើឡើង ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចបន្តការឃុំខ្លួនអ្នកទាំង ២ រយៈពេល ៦ខែបន្ថែមទៀតកាលពីខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ គួររម្លឹកថា កញ្ញា រៀម ស្រីពេជ្ររតនា និងលោក ធី ថន ត្រូវបានចាប់ខ្លួនពីបទ «រួមគំនិតក្បត់» កាលពីខែសីហា ឆ្នាំ២០២៤ អំឡុងពេលនៃការបង្ក្រាបទ្រង់ទ្រាយធំលើមនុស្សជាង ១០០ នាក់ ដែលនិយាយរិះគន់ ឬចេញមុខប្រមូលផ្តុំតវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។
តាមច្បាប់ បើអ្នកទាំង ២ ត្រូវបានផ្តន្ទាទោស ពួកគេអាចនឹងប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅរបស់អង្គការលីកាដូបានសម្តែងការសោកស្តាយចំពោះការសម្រចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលសម្រេចឲ្យបន្តឃុំខ្លួនយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ ២រូប។ សម្រាប់លោក អំ សំអាត តាមលក្ខខណ្ឌក្នុងសំណើទៅសាលាឧទ្ធរណ៍ភ្នំពេញ យុវជនទាំង ២នាក់គួរត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ ក្រោមហេតុផលថា ពួកគេទាំង ២នាក់ជានិស្សិតដែលចាំបាច់ត្រូវបន្តការសិក្សា និងមានអាស័យដ្ឋានស្នាក់នៅច្បាស់លាស់។

តាមលោក អំ សំអាត ហេតុផលរបស់តុលាការដែលលើកឡើងថា ការនៅក្រៅឃុំរបស់យុវជនទាំង ២នាក់អាចមានផលលំបាកក្នុងការស៊ើបអង្កេត ឬបង្កឲ្យមានការគំរាមកំហែង ឬធ្វើឱ្យមានភាពវឹកវរជារឿងមិនសមរម្យ និងគួរឲ្យមានមន្ទិលសង្ស័យ ខណៈយុវជនជាច្រើននាក់ផ្សេងទៀតដែលរងការចោទក្នុងសំណុំរឿង និងបទល្មើសដូចគ្នាត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ។ ជាសរុបមនុស្សជាង ៦០នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនក្នុងពន្ធនាគារ ក្នុងអំឡុងពេលនៃការបង្ក្រាបនេះ៕